ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ទាំងនេះគឺជាសេចក្ដីបង្គាប់ ជាច្បាប់ និងជាបទបញ្ជាដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ដល់ខ្ញុំ ឲ្យបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីទាំងនេះនៅលើទឹកដីដែលអ្នករាល់គ្នានឹងឆ្លងកាត់ទៅទន្លេយ័រដាន់ ដើម្បីកាន់កាប់
2ធ្វើដូច្នេះ អ្នករាល់គ្នានឹងគោរពព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយកាន់តាមគ្រប់ទាំងច្បាប់ និងសេចក្ដីបង្គាប់របស់ព្រះអង្គ ដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ទាំងអ្នករាល់គ្នា ទាំងកូនប្រុស ទាំងចៅប្រុសរបស់អ្នករាល់គ្នា រហូតអស់មួយជីវិតរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមានអាយុវែង។
3ដូច្នេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយកាន់តាមសេចក្ដីទាំងនេះចុះ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានសុភមង្គល ធ្វើដូច្នេះ អ្នករាល់គ្នានឹងកើនចំនួនជាច្រើន នៅក្នុងទឹកដីដែលមានទឹកដោះគោ និងទឹកឃ្មុំយ៉ាងហូរហៀរ ដូចជាព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា បានសន្យានឹងអ្នករាល់គ្នា ។
4ឱអ៊ីស្រាអែល ចូរស្ដាប់ ព្រះអម្ចាស់ជាព្រះតែមួយរបស់យើង។
5អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឲ្យអស់អំពីចិត្តរបស់អ្នករាល់គ្នា ឲ្យអស់អំពីប្រលឹងរបស់អ្នករាល់គ្នា និងឲ្យអស់អំពីកម្លាំងរបស់អ្នករាល់គ្នា។
6គ្រប់ពាក្យដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នករាល់គ្នា
7ហើយអ្នករាល់គ្នាត្រូវឧស្សាហ៍បង្រៀនសេចក្ដីទាំងនេះ ដល់កូនៗរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវនិយាយអំពីសេចក្ដីទាំងនេះ នៅពេលអ្នករាល់គ្នាអង្គុយនៅក្នុងផ្ទះរបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាដើរនៅតាមផ្លូវ នៅពេលអ្នករាល់គ្នាដេក និងនៅពេលអ្អ្នករាល់គ្នាក្រោកឡើង។
8អ្នករាល់គ្នាត្រូវចងសេចក្ដីទាំងនេះ ទុកជាទីសម្គាល់នៅលើដៃរបស់អ្នករាល់គ្នា ហើយត្រូវចងសេចក្ដីទាំងនោះនៅលើថ្ងាសរបស់អ្នករាល់គ្នា។
9អ្នករាល់គ្នាត្រូវសរសេរសេចក្ដីទាំងនេះ នៅលើក្របទ្វារផ្ទះ និងនៅលើទ្វារក្រុងរបស់អ្នករាល់គ្នា។
10នៅពេលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាចូលទៅទឹកដីដែលព្រះអង្គបានស្បថជាមួយនឹងដូនតារបស់អ្នករាល់គ្នា គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា ព្រះអង្គបានស្បថថានឹងប្រទានឲ្យអ្នករាល់គ្នាមានទីក្រុងយ៉ាងធំ ហើយល្អ ជាទីក្រុងដែលអ្នករាល់គ្នាមិនបានសាងសង់
11ហើយផ្ទះជាច្រើន ពេញដោយរបស់ល្អៗគ្រប់មុខ ដែលអ្នករាល់គ្នាមិនបានបង្កើត ព្រមទាំងស្រះដែលអ្នករាល់គ្នាមិនបានជីក ហើយទាំងចម្ការទំពាំងបាយជូរ និងដើមអូលីវ ដែលអ្នករាល់គ្នាមិនបានដាំ អ្នករាល់គ្នានឹងបរិភោគ ហើយនឹងពេញចិត្ត
12បន្ទាប់មក ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប ចាកចេញពីផ្ទះនៃទេសករ។
13អ្នករាល់គ្នាត្រូវកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអង្គ ហើយអ្នករាល់គ្នាត្រូវស្បថក្នុងព្រះនាមរបស់ព្រះអង្គដែរ។
14អ្នករាល់គ្នាមិនត្រូវទៅរកព្រះណាទៀតឡើយ ជាព្រះរបស់ប្រជាជនដែលនៅជុំវិញអ្នករាល់គ្នាឡើយ
15ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដែលគង់នៅកណ្ដាលអ្នករាល់គ្នា​ ព្រះអង្គជាព្រះដែលប្រចណ្ឌ ប្រសិនបើ អ្នករាល់គ្នាធ្វើដូច្នោះ នោះសេចក្ដីកោធរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងឆួលឡើងប្រឆាំងនឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នាចេញពីលើផែនដីនេះទៅ។
16អ្នករាល់គ្នាមិនត្រូវល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានល្បងលព្រះអង្គនៅម៉ាសានោះឡើយ។
17អ្នករាល់គ្នាព្យាយាមកាន់តាមសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងបន្ទាល់ និងច្បាប់ទាំងឡាយរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នករាល់គ្នា។
18អ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលសុចរិត ហើយត្រឹមត្រូវ នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាមានសុភមង្គល ហើយអ្នករាល់គ្នាអាចនឹងចូរទៅ និងកាន់កាប់ទឹកដីល្អ ដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នករាល់គ្នា
19ដើម្បីបណ្ដេញខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នា ចេញពីមុខអ្នករាល់គ្នា ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូល។
20កាលណាថ្ងៃក្រោយ កូនប្រុសអ្នករាល់គ្នាសួរថា តើអ្វីជាបទបញ្ជា ច្បាប់ និងបញ្ញាតិទាំងឡាយ ដែលព្រះអម្ចាស់ជាព្រះរបស់យើងបានបង្គាប់ដល់អ្នករាល់គ្នា?
21បន្ទាប់មក អ្នករាល់គ្នានឹងឆ្លើយទៅកាន់កូនប្រុសរបស់អ្នករាល់គ្នាថា ពីដើមយើងជាទាសកររបស់ផារ៉ោននៅទឹកដីអេស៊ីប ព្រះអម្ចាស់បាននាំពួកយើងចេញពីអេស៊ីប ដោយព្រះហស្ដដ៏ខ្លាំងអស្ចារ្យ
22ហើយព្រះអង្គបានធ្វើទីសម្គាល់ ព្រមទាំងការអស្ចារ្យយ៉ាងធំ និងយ៉ាងខ្លាំង នៅលើទឹកដីអេស៊ីប ចំពោះស្តេចផារ៉ោន ព្រមទាំងដំណាក់របស់ព្រះអង្គ នៅចំពោះមុខរបស់ពួកយើង
23ហើយព្រះអង្គបាននាំពួកយើងចេញពីទីនោះ ដើម្បីឲ្យព្រះអង្គនាំពួកយើងចូលមក ហើយប្រទានទឹកដីដែលព្រះអង្គបានស្បថចំពោះដូនតារបស់យើង។
24ព្រះអម្ចាស់បានបង្គាប់ពួកយើង ដើម្បីកាន់តាមច្បាប់ទាំងអស់ ដើម្បីឲ្យកោតខ្លាចព្រះអង្គជាព្រះរបស់ពួកយើងសម្រាប់ឲ្យយើងមានសុភមង្គល ធ្វើដូច្នេះ ព្រះអង្គនឹងទុកជីវិតរបស់ពួកយើង ដូចជាយើងរស់នៅថ្ងៃនេះ។
25ប្រសិនបើ យើងកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់ទាំងនេះ នៅចំពោះព្រះនេត្រព្រះអម្ចាស់ជាព្រះនៃយើង ដូចជាព្រះអង្គបានបង្គាប់នោះ ពួកយើងនឹងបានរាប់ជាសុចរិត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។