ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់តាមក្រឹត្យវិន័យ និងច្បាប់ដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា ចូរប្រតិបតិ្តតាម ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងរស់ ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះដូនតារបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នា។
2អ្នករាល់គ្នានឹងមិនត្រូវបន្ថែម ទៅលើពាក្យដែលខ្ញុំបានបង្គាប់អ្នក ឬបន្ថយពាក្យទាំងនោះឡើយ ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងកាន់តាមសេចក្ដីបង្គាប់ នៃព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា។
3ភ្នែករបស់អ្នករាល់គ្នាបានឃើញនូវអ្វីដែលព្រះអម្ចាស់បានធ្វើ ដោយព្រោះព្រះបាល ពេអរ សម្រាប់អស់អ្នកណាដែលដើរតាមព្រះបាល ពេអរនោះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបំផ្លាញពួកគេចេញពីក្នុងចំណោមអ្នករាល់គ្នា។
4ប៉ុន្តែ អ្នករាល់គ្នាដែលកាន់តាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺមានជីវិតរស់នៅសព្វថ្ងៃនេះ។
5មើល៍ ខ្ញុំបានបង្រៀនអ្នករាល់គ្នាអំពីក្រឹត្យវិន័យ និងច្បាប់ ដូចជាព្រះអម្ចាស់ជារបស់ខ្ញុំបានបង្គាប់មកខ្ញុំ ដែលអ្នករាល់គ្នាគួរតែប្រតិបតិ្តតាមដូចគ្នា នៅក្នុងទឹកដីដែលអ្នករាល់គ្នាត្រូវទៅក្នុងគោលបំណងដើម្បីកាន់កាប់។
6ហេតុនេះ ចូររក្សា ហើយប្រតិបតិ្តតាមក្រឹត្យវិន័យ និងច្បាប់នោះចុះ ដ្បិត នេះគឺជាប្រាជ្ញាដល់អ្នករាល់គ្នា ហើយជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះមុខមនុស្ស ដែលនឹងឮអំពីក្រឹត្យក្រមទាំង ឡាយនេះ គេនឹងនិយាយថា ប្រជាជាតិដែលអស្ចារ្យ ពិតជាមនុស្សដែលមានប្រាជ្ញា និងមានការចេះដឹងមែន។
7ដ្បិត តើមានប្រជាជាតិធំណាមួយ ដែលមានព្រះគង់នៅជិត ដូចជាព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិត គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ?
8តើមានប្រជាជាតិធំណាមួយ​ ដែលមានក្រឹត្យវិន័យ និងច្បាប់សុចរិត ដូចជាក្រឹត្យវិន័យ និងច្បាប់ដែលខ្ញុំបានដាក់នៅចំពោះមុខអ្នករាល់គ្នានៅថ្ងៃនេះទេ?
9ត្រូវប្រុងស្មារតី និងប្រយ័ត្នខ្លួនរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនភ្លេចកិច្ចការដែលភ្នែករបស់អ្នករាល់គ្នាបានឃើញនោះទេ ដូច្នេះហើយ ការនោះនឹងមិនឃ្លាតឆ្ងាយពីចិត្តរបស់អ្នករាល់គ្នាបានឡើយ រហូតពេញមួយជីវិតរបស់អ្នករាល់គ្នា។ ផ្ទុយទៅវិញ ចូរប្រាប់ដល់កូន និងចៅរបស់អ្នករាល់គ្នា។
10នៅថ្ងៃនោះអ្នករាល់គ្នាឈរនៅមុខព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នៅភ្នំហោរែប នៅពេលដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ ​«ចូរប្រមូលប្រជាជនមកឯយើង ហើយយើងនឹងធ្វើឲ្យពួកគេឮពាក្យរបស់យើង ហើយពួកគេអាចនឹងរៀនកោតខ្លាចយើង ក្នុងជីវិតរស់នៅរបស់ពួកគេលើផែនដី ហើយពួកគេអាចបង្រៀនដល់កូនចៅរបស់ពួកគេផងដែរ។
11អ្នករាល់គ្នាបានចូលមកជិត ហើយឈរនៅក្បែរជើងភ្នំ។ ភ្នំមានភ្លើងឆេះឡើងដល់ផ្ទៃមេឃ មានភាពខ្មៅងងឹត ហើយពពក និងអ័ព្ទងងឹតសូន្យ‌សុង។
12ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាចេញពីក្នុងភ្លើង អ្នករាល់គ្នាបានឮព្រះបន្ទូលរបស់ព្រះអង្គ ប៉ុន្តែ អ្នករាល់គ្នាមិនបានឃើញព្រះអង្គឡើយ ​អ្នករាល់គ្នាឮតែសម្លេងប៉ុណ្ណោះ។
13ព្រះអង្គបានបង្ហាញអ្នករាល់គ្នាពីសម្ពន្ធមេត្រីរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នករាល់គ្នា ដើម្បីប្រតិបតិ្តតាមក្រឹត្យវិន័យទាំងដប់ប្រការនោះ។ ព្រះអង្គបានសរសេរច្បាប់ និងវិន័យនេះឡើង នៅលើបន្ទះថ្មពីរដុំ។
14ព្រះអម្ចាស់បានបង្គាប់ខ្ញុំនៅពេលនោះ ឲ្យបង្រៀនដល់អ្នករាល់គ្នាអំពីច្បាប់ និងបញ្ញាតិ ដើម្បីឲ្យអ្នករាល់គ្នានឹងអាចប្រតិបតិ្តច្បាប់ និងបញ្ញាតិនោះនៅក្នុងទឹកដីដែលអ្នករាល់គ្នាបានដើរឆ្លង ដើម្បីកាន់កាប់។
15ដូច្នេះ ចូរយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះខ្លួនឯង ដ្បិត អ្នករាល់គ្នាមិនបានឃើញព្រះអង្គមានរូបរាងបែបណាឡើយ ពេលដែលព្រះអម្ចាស់បានមានព្រះបន្ទូលចេញពីក្នុងភ្លើងមកកាន់អ្នករាល់គ្នា ពេលនៅភ្នំហោរែប
16ហើយអ្នករាល់គ្នាមិនត្រូវបង្ខូចខ្លួន និងធ្វើរូបចម្លាក់តំណាងឲ្យដូចបុគ្គលណាម្នាក់ ដូចជាមនុស្សស្រី ឬមនុស្សប្រុសឡើយ
17ឬដូចសត្វដែលនៅលើផែនដី ឬដូចជាសត្វស្លាបដែលហើរលើអាកាស
18ឬដូចជាអ្វីៗដែលលូនវារនៅក្នុងដី ឬដូចជាត្រីផ្សេងៗដែលនៅក្នុងទឹកក្រោមផែនដីឡើយ។
19អ្នករាល់គ្នាមិនត្រូវក្រឡេកភ្នែករបស់អ្នកមើលទៅលើមេឃ ហើយមើលទៅព្រះអាទិត្យ និងព្រះច័ន្ទ ឬផ្កាយ ព្រមទាំងផ្ទៃមេឃទាំងមូល នឹងត្រូវបណ្ដាយខ្លួនទៅថ្វាយបង្គំ និងគោរពរបស់ទាំងនោះឡើយ វាជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គបានប្រទានដល់មនុស្សគ្រប់គ្នាដែលក្រោមមេឃទាំងមូល។
20ប៉ុន្តែ ព្រះអម្ចាស់បានដក និងបាននាំអ្នករាល់គ្នាចេញពីឡដែករបស់អេស៊ីប ដើម្បីក្លាយជាប្រជារាស្រ្តដ៏ជាកេរអារករបស់ព្រះអង្គផ្ទាល់ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះ។
21ព្រះអម្ចាស់បានព្រះពិរោធនឹងខ្ញុំ ដោយសារតែអ្នករាល់គ្នា ព្រះអង្គបានស្បថថា ខ្ញុំមិនបានទៅដល់ទន្លេយ័រដាន់ទេ ហើយខ្ញុំមិនគួរបានចូលទៅក្នុងទឹកដីល្អ ជាទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានដល់អ្នករាល់គ្នាទុកជាមរតកឡើយ។
22ផ្ទុយទៅវិញ ខ្ញុំនឹងត្រូវតែស្លាប់នៅក្នុងទឹកដីនេះ ខ្ញុំមិនអាចទៅដល់ទន្លេយ័រដាន់ទេ ប៉ុន្តែ អ្នករាល់គ្នាអាចនឹងទៅដល់ ហើយកាន់កាប់ទឹកដីដែលល្អនោះវិញ។
23ចូរប្រុងស្មារតីរបស់អ្នករាល់គ្នា ដូច្នេះហើយ អ្នករាល់គ្នាកុំភ្លេចនូវសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានធ្វើជាមួយអ្នករាល់គ្នា ហើយកុំឆ្លាក់រូបអ្វីសម្រេាប់អ្នករាល់គ្នា ចេញពីអ្វីៗផ្សេង ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានហាមឃាត់ឡើយ។
24ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រច័ណ្ឌ។
25នៅពេលអ្នករាល់គ្នាបង្កើតកូន និងចៅ ហើយនៅពេលអ្នករាល់គ្នានឹងបានទៅក្នុងទឹកដីនោះជាយូរអង្វែង ហើយប្រសិនបើ អ្នករាល់គ្នាបង្ខូចខ្លួនរបស់អ្នករាល់គ្នា ព្រមទាំងឆ្លាក់រូបតំណាងចេញពីអ្វីៗផ្សេង ហើយធ្វើអ្វីដែលអាក្រក់នៅចំពោះព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យព្រះអង្គមានសេចក្ដីក្រោធឡើុុយ
26នោះខ្ញុំហៅមេឃ និងផែនដីមកធ្វើជាសាក្សីទាស់ប្រឆាំងនឹងអ្នករាល់អ្នកនៅថ្ងៃនេះ ហើយអ្នករាល់គ្នានឹងត្រូវវិនាស​អស់​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​កាន់​កាប់​នោះ អ្នក​រាល់​គ្នា​មិនអាច​រស់​នៅ​ក្នុង​ស្រុក​នោះ​យូរ‌អង្វែង​ឡើយ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបំផ្លាញចោលទាំងស្រុង។
27ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នាក្នុងចំណោមមនុស្សនានា ហើយអ្នករាល់គ្នានឹងត្រូវនៅចំនួនតិចតួចក្នុងចំណោមប្រជាជាតិទាំងឡាយ ជាកន្លែងដែលព្រះអម្ចាស់នឹងដឹកនាំអ្នករាល់គ្នាទៅរស់នៅ។
28នៅទីនោះ អ្នករាល់គ្នានឹងបម្រើព្រះផ្សេងៗ ជាព្រះដែលធ្វើឡើងដោយដៃរបស់មនុស្សពីឈើ និងថ្ម ជារូបដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ឬមិនចេះហិតក្លិនដែរ។
29ប៉ុន្តែ នៅទីនោះអ្នករាល់គ្នានឹងស្វែងរកព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរកឃើញព្រះអង្គ នៅពេលដែលអ្នករាល់គ្នាស្វែងរកព្រះអង្គដោយអស់អំពីចិត្ត និងអស់អំពីប្រលឹងរបស់អ្នករាល់គ្នា។
30នៅពេលអ្នករាល់គ្នានៅក្នុងសេចក្ដីទុក្ខព្រួយ ហើយនៅពេលគ្រប់កិច្ចការទាំងអស់នេះនឹងកើតលើអ្នករាល់គ្នា នៅគ្រាចុងក្រោយអ្នករាល់គ្នានឹងវិលត្រលប់ទៅរកព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ហើយស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ។
31ដ្បិត ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនបោះបង់ ឬបំផ្លាញ ឬបំភ្លេចសម្ពន្ធមេត្រីនៃដូនតារបស់អ្នករាល់គ្នា ដែលព្រះអង្គបានស្បថជាមួយពួកគេឡើយ។
32ដ្បិត ចូរសួរឥឡូវនេះ អំពីថ្ងៃដែលមានកន្លងមក ជាថ្ងៃដែលកើតមុនអ្នករាល់គ្នា តាំងពីថ្ងៃដែលព្រះបានបង្កើតមនុស្សនៅលើផែនដី ហើយចេញពីជើងម្ខាងទៅជើងម្ខាង សួរថាតើមានអ្វីអស្ចារ្យបែបនេះកើតឡើង ឬដូចអ្វីដែលធ្លាប់បានឮបែបនេះដែរឬទេ?
33តើមាននរណាដែលធ្លាប់បានឮព្រះសូរសៀងរបស់ព្រះ ដែលមានបន្ទូលចេញពីកណ្ដាលភ្លើង ដូចជាអ្នករាល់គ្នាបានឮ ហើយរស់បានដែរឬទេ?
34ឬ តើមានព្រះឯណាធ្លាប់ព្យាយាមដើម្បីចេញទៅរំដោះប្រជាជាតិរបស់ព្រះអង្គ ចេញពីកណ្ដាល់ចំណោមប្រជាជាតិផ្សេងៗ ដោយការសាកល្បង ដោយទីសម្គាល់ និងដោយការអស្ចារ្យ ហើយដោយការធ្វើសង្គ្រាម ដោយព្រះហស្តខ្លាំងពូកែ និងដោយពាហុលើកសម្រេច ហើយដោយការគួរស្ងែងខ្លាចយ៉ាងខ្លាំង ដូចជាអ្វីៗដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើសម្រាប់អ្នករាល់គ្នានៅអេស៊ីប ចំពោះមុខអ្នករាល់គ្នាដែរឬទេ?
35ការទាំងនេះបានបើកសម្ដែងមកឲ្យអ្នករាល់គ្នាបានឃើញ ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងដឹងថាព្រះអម្ចាស់គឺជាព្រះ ហើយគ្មាននរណាម្នាក់ក្រៅពីព្រះអង្គឡើយ។
36ព្រះអង្គធ្វើឲ្យអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គចេញពីលើមេឃមក ដើម្បីឲ្យព្រះអង្គអាចណែនាំអ្នករាល់គ្នា ហើយព្រះជាម្ចាស់បានធ្វើឲ្យអ្នករាល់គ្នាឃើញភ្លើងដ៏អស្ចារ្យរបស់ព្រះអង្គ នៅលើផែនដី ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។
37ពីព្រោះព្រះអង្គបានស្រឡាញ់ដូនតារបស់អ្នករាល់គ្នា ព្រះអង្គបានជ្រើសរើសកូនចៅរបស់ពួកគេនៅជំនាន់ក្រោយ ហើយបាននាំអ្នករាល់គ្នាចេញទឹកដីអេស៊ីប ដោយព្រះវត្តមានរបស់ព្រះអង្គ ជាមួយនឹងព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះអង្គ
38ក្នុងគោលបំណង ដើម្បីបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា ដើម្បីនាំអ្នករាល់គ្នាចូលទៅ និងប្រទានទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកដូចមរតក ដូចនៅថ្ងៃនេះ។
39ដូច្នេះ ចូរដឹងនៅថ្ងៃ ហើយដាក់ការនេះក្នុងចិត្តរបស់អ្នករាល់គ្នាថា ព្រះអម្ចាស់ពិតជាព្រះដែលគង់នៅស្ថានសួគ៌ និងនៅលើផែនដី​ ហើយគ្មានអង្គណាក្រៅពីព្រះអង្គឡើយ។
40អ្នករាល់គ្នានឹងកាន់តាមច្បាប់ និងសេចក្ដីបង្គាប់របស់ព្រះអង្គ ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដែលការនេះនឹងល្អប្រសើរសម្រាប់អ្នក និងកូនចៅរបស់អ្នករាល់គ្នាដែលនៅជំនាន់ក្រោយ ហើយឲ្យអ្នករាល់អាចនឹងមានអាយុវែងនៅលើទឹកដីដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងប្រទានឲ្យអ្នករាល់គ្នាជារៀងរហូត»។
41បន្ទាប់មក លោកម៉ូសេបានជ្រើសរើសយកក្រុងចំនួនបីនៅខាងកើតនៃត្រើយទន្លេ
42ដើម្បីឲ្យអ្នកម្នាក់ដែលរត់គេចខ្លួន ប្រសិនបើអ្នកនោះបានសម្លាប់នរណាម្នាក់ ដោយអចេតនា ដែលមិនជាសត្រូវនឹងគ្នាមុននោះទេ។ ដោយរត់គេចខ្លួនចូរទៅក្នុងក្រុងណាមួយនៃក្រុងទាំងបីនេះ ដើម្បីឲ្យអ្នកនោះបានរួចជីវិត។
43ក្រុងទាំងបីនោះ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅទឹកដីកាឡាដ ក្នុងទឹកដីកាដ និងក្រុងកូឡាន នៅទឹកដីបាសាន ក្នុងទឹកដីម៉ាណាសេ។
44នេះគឺជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល
45ទាំងនេះគឺជាដំបូន្មាន ច្បាប់ និងវិន័យ ដែលលោកម៉ូសេបាននិយាយប្រាប់ ប្រជាជនអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីទឹកដីអេស៊ីប
46នៅពេលដែលពួកគេនៅត្រើយខាងកើតនៃទន្លេយ័រដាន់ ក្នុងជ្រលងភ្នំទល់មុខនឹងបេតពេអរ ក្នុងទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី នៅទឹកដីដែលបូន លោកម៉ូសេ និងប្រជាជនអ៊ីស្រាអែល បានយកឈ្នះនៅពេលដែលពួកគេបានចាក់ចេញពីទឹកដីអេស៊ីប។
47ពួកគេបានដកយកទឹកដីរបស់ស្ដេចនោះ ធ្វើជាកម្មសិទ្ធិ និងទឹកដីរបស់ព្រះបាទអុក ជាស្ដេចទឹកដីបាសាន ទាំងពីរជាស្ដេចនៃជនជាតិអាម៉ូរី ជាម្ចាស់ដែលកាន់កាប់ត្រើយទន្លេយ័រដាន់តាមទិសខាងកើតពីមុន។
48គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន​ (ឬភ្នំហ៊ើរម៉ូន)
49និងរួមទាំងវាលទំនាបនៅត្រើយខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។