1បន្ទាប់មក យើងបានចេញដំណើរតាមផ្លូវឡើងទៅទឹកដីបាសាន។ ព្រះបាទអុក ជាសេ្ដចនៃទឹកដីបាសាន បានចេញមកប្រយុទ្ធជាមួយពួកយើង ស្ដេច និងប្រជាជនទាំងមូលរបស់ស្ដេច បានចេញមកប្រយុទ្ធនៅត្រង់អេទ្រី។
2ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «កុំភ័យខ្លាចឲ្យសោះ ដ្បិត យើងបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា ហើយប្រគល់ប្រជាជន និងទឹកដីរបស់ស្ដេចទាំងអស់មកអ្នករាល់គ្នាឲ្យស្ថិតក្នុងក្រោមការគ្រប់គ្រង់របស់អ្នកហើយ។ អ្នករាល់គ្នានឹងប្រព្រឹត្តចំពោះស្ដេចនោះ ដូចជាអ្នករាល់គ្នាបានប្រព្រឹត្្តចំពោះស្ដេចស៊ីហុក ជាស្ដេចនៃជនជាតិអាម៉ូរី ជាអ្នកដែលរស់នៅក្រុងហែលបូនដែរ។
3ដូច្នេះ ព្រះអម្ចាស់ជាព្រះនៃយើងក៏បានប្រទានជ័យជម្នះដល់យើងលើស្ដេចអុក ជាសេ្ដចនៃទឹកដីបាសាន ព្រមទាំងប្រជាជនទាំងអស់របស់ស្ដេចក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងដែរ។ យើងដេញប្រហារពួកគេរហូតគ្មានសល់អ្នកណាម្នាក់ឡើយ។
4យើងបានចាប់យកក្រុងរបស់គេនៅពេលនោះ គ្មានក្រុងណាមួយដែលរួចផុតពីការចាប់យករបស់យើងទេ គឺហុកសិបក្រុង គ្រប់ទាំងតំបន់អើកុប ដែលជានរគនៃស្ដេចអុកនៅក្នុងទឹកដីបាសាន។
5ក្រុងទាំងអស់នោះ មានកំពែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ មានភូមិជាច្រើនគ្មានកំពែងទេ។
6យើងបានបំផ្លាញពួកគេទាំងស្រុង ដូចជាយើងបានធ្វើចំពោះព្រះបាទស៊ីហុក ជាស្ដេចនៃទឹកដីហែលបូន គឺបានបញ្ចប់ការបំផ្លាញក្រុងទាំងអស់ ទាំងមនុស្សប្រុសស្រី និងក្មេងតូចៗ។
7ប៉ុន្តែ ហ្វូងសត្វ និងរបស់ដែលបានមកពីក្រុងនានា យើងយកទុកជារបស់ជ័យភ័ណ្ឌសម្រាប់យើងផ្ទាល់។
8នៅពេលនោះ យើងបានយកទឹកដីនោះ ពីស្ដេចពីរអង្គរបស់ជាជនអាម៉ូរី ជាស្ដេចដែលនៅខាងនាយទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន
9(ជនជាតិស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយប្រជាជនៅទឹកដីអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)
10ព្រមទាំងក្រុងនៅតំបន់វាល និងទឹកដីកាឡាដ ទឹកដីបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់នរគនៃស្ដេចអុកនៅក្នុងទឹកដីបាសាន»។
11(ជនជាតិរេមផែមដែលនៅសល់ចុងក្រោយគឺមានតែព្រះបាទអុក ជាស្ដេចទឹកដីបាសាន។ មើល៍! គ្រែផ្ទុំរបស់ព្រះអង្គ គឺជាគ្រែដែក។ តើគ្រែនោះមិននៅក្រុងរ៉ាបាត ជាកន្លែងដែលកូនចៅរបស់ពួកអាំម៉ូនទេឬ? គ្រែនោះមានបណ្ដាោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។
12«នេះគឺជាទឹកដីដែលយើងបានចាប់យកធ្វើជាកម្មសិទ្ធិនៅពេលនោះ ចេញពីទឹកដីអារ៉ូអ៊ើរ ដែលនៅមាត់ស្ទឹងអើណូន និងពាក់កណ្ដាលតំបន់ភ្នំនៃកាឡាត ព្រមទាំងក្រុងនៅទឹកដីនោះ ខ្ញុំប្រគល់ឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។
13ហើយទឹកដីដែលនៅពីកាឡាត និងទឹកដីទាំងអស់នៅបាសាន ជានរគនៃស្ដេចអុក ខ្ញុំបានប្រគល់កណ្ដាលទៅឲ្យកុលសម្ព័ន្ធម៉ាណាសេ តំបន់ទាំងអស់អើកុប និងបាសានទាំងមូល។ (គេក៏ហៅតំបន់នេះថា ទឹកដីរេផែមដែរ។
14អំបូរយ៉ាអ៊ារ ដែលត្រូវកូនចៅរបស់ម៉ាណាសេ បានយកតំបន់ទាំងមូលនៃអើកុប ទៅដល់ព្រំប្រទល់នៃទឹកដីជនជាតិកេស៊ូរី និងជនជាតិម៉ាកាធី។ គេបានហៅតំបន់ ទឹកដីបាសាដែរ គឺហៅតាមឈ្មោះលោកហាវ៉ុត យ៉ាអ៊ារ រហូតមកទល់សត្វថ្ងៃនេះ)។
15ខ្ញុំបានប្រគល់ទឹកដីកាឡាដទៅឲ្យអំបូរម៉ាគារ។
16ចំពោះកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ទឹកដីចាប់ពីកាឡាដ រហូតដល់ស្ទឹងអើណូន ពាក់កណ្ដាលនៃស្ទឹងគឺតំបន់នៃព្រំប្រទល់ ហើយពីស្ទឹងយ៉ាបុក ដែលជាព្រំប្រទល់ដែនដីរបស់កូនចៅអាំម៉ូន។
17ហើយព្រំប្រទល់មួយទៀតក៏ជាវាលទំនាបនៃទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែន ទៅសមុទ្រអារ៉ាបា (ជាសមុទ្រអំបិល) រហូតដល់ជម្រាលភ្នំពីសកាភាគខាងកើត។
18ខ្ញុំបានបង្គាប់អ្នករាល់គ្នានៅពេលនោះថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានទឹកដីនេះដល់ ដើម្បីឲ្យកាន់កាប់ អ្នករាល់គ្នាដែលអ្នកចម្បាំងនឹងត្រូវដើរកាន់ទីនោះ ដោយមានអាវុធជាប់ខ្លួន នៅពីមុខបងប្អូនរបស់អ្នករាល់គ្នា ជាប្រជាជនអ៊ីស្រាអែល។
19ប៉ុន្តែ ប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា (ខ្ញុំដឹងថា អ្នករាល់គ្នាមានហ្វូងសត្វច្រើនណាស់) នឹងត្រូវស្នាក់នៅក្នុងក្រុងរបស់អ្នករាល់គ្នា ដែលខ្ញុំបានប្រគល់ឲ្យ
20រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាទាំងអស់សម្រាក ដូចជាព្រះអង្គប្រទានដល់អ្នករាល់គ្នាដែរ ហើយរហូតដល់ពួកគេកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យពួកគេនៅត្រើយខាងនាយទន្លេយ័រដាន់ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់ទៅទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាវិញ។
21ខ្ញុំបានបង្គាប់ទៅលោកយ៉ូស្វេនៅពេលនោះ ដោយប្រាប់ថា៖ «ភ្នែករបស់អ្នកបានឃើញការទាំងអស់ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើ ចំពោះស្ដេចទាំងពីរអង្គនេះស្រាប់ហើយ ព្រះអម្ចាស់នឹងធ្វើដល់នគរទាំងអស់ដូចគ្នាដែរ នៅពេលអ្នកឆ្លងចូលទៅក្នុងទឹកដីនោះ។ ។
22អ្នកមិនភ័យខ្លាចពួកគេទេ ដ្បិត ព្រះអម្ចាស់ព្រះរបស់អ្នក ហើយព្រះអង្គនឹងប្រយុទ្ធជំនួសអ្នកដែរ»។
23ខ្ញុំបានអង្វរករព្រះអម្ចាស់នៅពេលនោះថា៖
24«ឱព្រះអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គ ឃើញពីភាពអស្ចារ្យ និងឫទិ្ធបារមីរបស់ព្រះអង្គ ដ្បិត តើមានព្រះឯណានៅស្ថានសួគ៌ ឬនៅលើផែនដី ដែលអាចធ្វើការអស្ចារ្យ ហើយកិច្ចការដ៏អស្ចារ្យដូចព្រះអង្គបាន?
25សូមប្រទានឲ្យទូលបង្គំចេញទៅ សុំឲ្យឃើញទឹកដីល្អដែលនៅត្រើយខាងទន្លេយ័រដាន់ ព្រមទាំងតំបន់ភ្នំល្អៗ និងទឹកដីលីបង់ផង។
26ប៉ុន្តែ ព្រះអម្ចាស់បានព្រះពិរោធនឹងខ្ញុំ ពីព្រោះតែអ្នករាល់គ្នា ព្រះអង្គមិនបានស្ដាប់ខ្ញុំឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ប៉ុណ្ណឹងបានហើយ កុំនិយាយជាមួយយើងពីការទាំងនេះទៀត។
27ចូរចេញទៅលើកំពូលភ្នំពីសកា ហើយក្រឡេកភ្នែករបស់អ្នកមើលភាគខាងលិច ភាគខាងជើង និងភាគខាងកើត ចូរដោយភ្នែករបស់អ្នក ដ្បិត អ្នកនឹងមិនឆ្លងកាត់ទន្លេយ័រដាន់ទេ។
28ផ្ទុយទៅវិញ ចូរបង្រៀនលោកយ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងឲ្យគាត់វិញ ដ្បិត លោកនឹងនាំមុខប្រជាជនឆ្លង ហើយលោកនឹងចែកទឹកដីដែលអ្នករាល់គ្នានឹងមើលឃើញនេះ ទុកជាកេរមតក។
29ដូច្នេះ យើងបាននៅក្នុងជ្រលងភ្នំដែលទល់មុខនឹងបេតពេអរ។