ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 33

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជាពរដែលលោកម៉ូសេជាអ្នកសំណប់របស់ព្រះ បានឲ្យពរដល់ប្រជាជនអ៊ីុស្រាអែលមុនពេលសេចក្ដីស្លាប់របស់គាត់មកដល់។
2លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានយាងមកពីស៊ីណៃ ហើយបានបំភ្លឺពីភ្នំសៀរមកលើពួកគេ។ ព្រះអង្គបានជះពន្លឺពីភ្នំប៉ារ៉ាន ហើយព្រះអង្គបានយាងមកជាមួយទេវតាទាំងសល់សែន។ ព្រះអង្គកាន់ក្រឹត្យវិន័យចេញពីព្រះហស្តសាំ្តរបស់ព្រះអង្គ ដែលមានពន្លឺដូចជាភ្លើង។
3ប្រាកដណាស់ ព្រះអង្គស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ សិ្ថតនៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយពួកគេក្រាបនៅទៀបព្រះបាទាព្រះអង្គ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
4លោកម៉ូសេបានប្រគល់ក្រឹត្យវិន័យឲ្យពួកយើង គឺជាមរតករបស់កូនចៅលោកយ៉ាកុប។
5នៅពេលមេដឹកនាំដែលជាស្តេចនៅក្នុងពួកយេស៊ូរូន និងកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល បានជួបជុំគ្នា។
6សូមឲ្យលោករូបេនដែលមានជីវិតរស់នៅ កុំឲ្យស្លាប់ឡើយ ហើយឲ្យគេកើនចំនួនច្រើនឡើង។
7នេះគឺជាពររបស់កុលសម្ព័ន្ធយូដា។ លោកម៉ូសេថ្លែងថា៖ «ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ពាក្យរបស់យូដា ហើយសូមនាំគេចូលទៅឯបងប្អូនរបស់ខ្លួនវិញ។ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ក្នុងពេលដែលពួកគេទាស់ប្រឆាំងជាមួយនឹងខ្មាំងសត្រូវ។
8ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេនិយាយថា៖ រីឯធូមីម និងយូរីម ព្រះអង្គបានប្រគល់ឲ្យទៅកូនចៅលេវី ជាពួកអ្នកដែលបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលពួកគេនៅត្រង់ម៉ាសា ដែលព្រះអង្គវិនិច្ឆ័យទាសពួកគេនៅត្រង់មាត់ទឹកមេរីបា។
9បុរសម្នាក់ដែលបាននិយាយអំពីឪពុកម្តាយរបស់គេថា៖ «ខ្ញុំមិនបានឃើញពួកគាត់ទេ»។ ហើយគេក៏មិនបានទទួលស្គាល់បងប្អូនរបស់ខ្លួនដែរ និងមិនរវល់នឹងកូនចៅរបស់ខ្លួនទៅទៀត។ ដ្បិត គេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយកាន់តាមសេចក្តីសញ្ញារបស់ព្រះអង្គ។
10ពួកគេបង្រៀនបញ្ញត្តិរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុប ហើយបង្រៀនក្រឹត្យវិន័យដល់កូនចៅអ៊ីស្រាអែល។ ហើយពួកគេដុតគ្រឿងក្រអូបថ្វាយចំពោះព្រះអង្គ ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
11ឱព្រះអម្ចាស់អើយ សូមប្រទានពរឲ្យពួកគេមានកម្លាំង ហើយប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។ សូមបំបាក់ចង្កេះដល់ពួកអ្នកដែលលើកគ្នាទាស់ប្រឆាំងនឹងពួកគេ ដូច្នេះ គេត្រូវបរាជ័យហើយងើបលែងរួច។
12រីឯកូនចៅបេនយ៉ាមីន លោកម៉ូសេមានប្រសាសន៍ថា៖ ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់ ហើយគេនឹងរស់នៅក្បែរព្រះអង្គដោយសុខសាន្ត ព្រះអម្ចាស់នឹងការពារពួកគេជានិច្ច ហើយពួកគេនឹងរស់នៅក្នុងព្រះហស្តរបស់ព្រះអង្គ។
13រីឯកូនចៅយ៉ូសែប លោកម៉ូសេមានប្រសាសន៍ថា៖ «សូមឲ្យទឹកដីរបស់គាត់បានទទួលពរតាមរយៈព្រះអម្ចាស់ ដោយរបស់ពិសេសដែលមានតម្លៃពីស្ថានសួគ៌ ជាទឹកសន្សើម និងពីទីជម្រៅដែលនៅខាងក្រោម។
14សូមឲ្យទឹកដីរបស់គាត់ទទួលពរផលដែលដាំដុះជាច្រើនដែលនៅក្រោមកម្តៅថ្ងៃ និងបង្កើតភោគផលយ៉ាងច្រើនជារៀងរាល់ខែ
15ជាភោគផលដែលវិសេសនៅលើភ្នំបុរាណ និងសម្បូរភោគផលនៅភ្នំដ៏អស់កល្ប។
16សូមឲ្យទឹកដីរបស់ពួកគេទទួលបានពរ ដោយរបស់ដ៏វិសេស ដែលកើតចេញដី និងភាពសម្បូរបែបនៃផែនដី ហើយព្រះគុណរបស់ព្រះអង្គ ដែលគង់នៅក្នុងគុម្ពបន្លា។ សូមឲ្យពរហូរមកលើក្បាលរបស់លោកយ៉ូសែប និងនៅលើថ្ងាសរបស់លោក ដែលជាមេគ្រប់គ្រងលើបងប្អូនរបស់លោក។
17លោកដូចជា គោឈ្មោលដំបូង ដែលមានកម្លាំងខ្លាំង ហើយស្នែងរបស់លោកដូចជា ស្នែងនៃគោព្រៃ។ ហើយលោកនឹងរុញច្រានប្រជាជនទាំងអស់ ដោយសារនោះស្នែង រហូតដល់ចុងនៃផែនដី។ គឺជាពួកអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេក និងពួកម៉ាណាសេដែលមានគ្នាទាំងពាន់ទាំងម៉ឺនដែរ។
18រីឯកុលសម្ព័ន្ធសាប់យូឡូន លោកម៉ូសេនិយាយថា៖ «សាប់យូឡូនអើយ ចូរអរសប្បាយឡើងក្នុងកាលដែលអ្នករាល់គ្នាចេញទៅ ឯអ៊ីសាខារវិញ ចូរអសប្បាយនៅក្នុងត្រសាលរបស់អ្នករាល់គ្នាចុះ។
19ពួកគេនឹងហៅប្រជាជននានាឲ្យទៅឯភ្នំ។ ពួកគេនឹងថ្វាយយញ្ញបូជានៃសេចក្ដីសុចរិត។ ដ្បិត ពួកគេនឹងទទួលផលបរិបូរពីសមទ្រ និងចេញពីខ្សាច់នៅលើឆ្នេរសមទ្រ»។
20អំពីកុលសម្ព័ន្ធកាដវិញ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមសរសើរដល់ព្រះអម្ចាស់ ដែលប្រទានឲ្យកាដមានទឹកដីធំទូលាយ។ លោកកាដនឹងរស់នៅទីនោះដូចសិង្ហញី ហើយហែកដៃ ឬក្បាល។
21លោកកាដបានរើសយកដីមួយចំណែកដ៏ល្អសម្រាប់ខ្លួន ដ្បិត នៅក្នុងទឹកដីនោះ មានចំណែកសម្រាប់មេដឹកនាំ។ លោកកាដបានមកជាមួយពួកបណ្តាជន។ គេបានសម្រេចតាមសេចក្តីយុត្តិធម៌នៃព្រះអម្ចាស់ និងបញ្ញត្តិរបស់ព្រះអង្គដល់អ៊ីស្រាអែល។
22ចំពោះកូនចៅដាន់វិញ លោកម៉ូសេនិយាយថា ដាន់ប្រៀបដូចជាកូនតោ ដែលបានលោកសង្រ្គប់ទៅលើស្រុកបាសាន។
23ចំពោះកូនចៅណែបថាលី លោកម៉ូសេមានប្រសាសន៍ថា៖ «លោកណែបថាលីទទួលបានការសន្តោសប្រណី ហើយពេញដោយព្រះពរនៃព្រះអម្ចាស់ ចូរឲ្យគេចាប់យកទឹកដីខាងលិច និងខាងត្បូងចុះ»។
24ចំពោះកូនចៅអេស៊ីេរ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមឲ្យអេស៊ីេរទទួលបានព្រះពរយ៉ាងច្រើនលើសជាងពួកកូនចៅឯទៀត សូមឲ្យគេបានប្រកបដោយក្តីអាណិតស្រឡាញ់ក្នុងពួកបងប្អូនរបស់គេ ហើយសូមឲ្យគេមានប្រេងអូលីវសម្បូរហូរហៀរ។
25រនុកទ្វារក្រុងរបស់អ្នកដែលធ្វើអំពីដែក និងលង្ហិន ហើយសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ និងសេចក្តីសុខសាន្តដល់អេស៊ីេរ ដូចអាយុជីវិតរបស់គេដែរ។
26ឱយេស៊ូរូនអើយ គ្មាននរណាដូចព្រះឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃមកជួយអ្នក ដោយយាងកាត់យ៉ាងរុងរឿងនៅលើពពក។
27ព្រះអង្គជាជម្រករបស់អ្នកនៅអស់កល្បជានិច្ច ហើយព្រះហស្តរបស់ព្រះអង្គទ្រអ្នកជានិច្ច។ ព្រះអង្គបានដេញច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបំផ្លាញពួកគេទៅ!»។
28ជនជាតិអ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត។ ហើយកូនចៅរបស់លោកយ៉ាកុបនោះនៅតែឯង ក្នុងទឹកដីដែលមានស្រូវ និងស្រាទំពាំងបាយជូរថ្មី ហើយមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។
29ឱអ៊ីស្រាអែលអើយ អ្នកមានពរច្រើនណាស់ហើយ! តើមាននរណាដូចឯង ជាជនជាតិដែលព្រះអម្ចាស់បានសង្រ្គោះ ហើយព្រះអង្គជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នកឬ? ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចនៅតាមទូលខ្ពស់ៗរបស់គេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។