1ឱផ្ទៃមេឃអើយ ចូរស្ដាប់សេចក្ដីដែលខ្ញុំនិយាយ។ ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ។
2សូមឲ្យការបង្រៀនរបស់ខ្ញុំហូរចុះមកដូចជាភ្លៀង សូមឲ្យពាក្យសំដីរបស់ខ្ញុំ ដូចជាទឹកសន្សើម ដូចជាភ្លៀងរលឹម ធ្លាក់លើស្មៅខៀវខ្ចី ហើយដូចជាទឹកស្រោចលើដំណាំ។
3ដ្បិត ខ្ញុំនឹងប្រកាសពីព្រះនាមព្រះអម្ចាស់ និងលើតម្កើងភាពថ្កុំថ្កើងនៃព្រះរបស់យើង។
4ព្រះអង្គជាថ្មដា កិច្ចការរបស់ព្រះអង្គគឺល្អគ្រប់លក្ខណ៍ ដ្បិត អស់ទាំងផ្លូវរបស់ព្រះអង្គគឺទៀងត្រង់។ ព្រះអង្គគឺជាព្រះដែលស្មោះត្រង់ ព្រះអង្គគ្មានសេចក្ដីទុច្ចរិតទេ។ ព្រះអង្គជាព្រះដែលសុចរិត និងយុតិ្តធម៌។
5ពួកគេបានប្រព្រឹត្តយ៉ាងអាក្រក់ប្រឆាំងនឹងព្រះអង្គ។ ពួកគេមិនមែនជាកូនរបស់ព្រះអង្គទេ។ នេះគឺជាសៅហ្មងរបស់ពួកគេ។ ពួកគេគឺជាជំនាន់មនុស្សអាក្រក់ ហើយរៀចវេរ។
6មនុស្សល្ងីល្ងើ និងឥតប្រាជ្ញាអើយ តើអ្នករាល់គ្នាសង់គុណព្រះអម្ចាស់ដោយប្រព្រឹត្តបែបនេះមែនទេ? តើព្រះអង្គមិនជាព្រះបិតា ជាព្រះតែមួយអង្គដែលបានបង្កើតអ្នករាល់គ្នាមកទេឬ? ព្រះអង្គបានបង្កើតអ្នករាល់គ្នា និងតាំងអ្នកឡើងផង។
7ចូរនឹកចាំពីថ្ងៃពីចាស់បុរាណ ចូរពិចារណាពីអាយុច្រើនឆ្នាំដែលកន្លងទៅ។ ចូរសួរឪពុករបស់អ្នករាល់គ្នា នោះលោកនឹងបង្ហាញអ្នករាល់គ្នាឲ្យដឹង ហើយសួរពួកចាស់ទុំ នោះពួកគេនឹងប្រាប់អ្នករាល់គ្នាហើយ។
8នៅពេលព្រះដ៏ខ្ពស់បំផុតបានប្រទានទឹកដីឲ្យប្រជាជាតិទាំងឡាយ ទុកជាមរតក ពេលដែលព្រះអង្គបានបែងចែកមនុស្សលោកទាំងអស់ចេញពីគ្នា ហើយព្រះអង្គបានកំណត់ព្រំដែនឲ្យប្រជាជននានា តាមចំនួននៃព្រះរបស់ពួកគេ។
9ដ្បិត ចំណែករបស់ព្រះអម្ចាស់គឺជាប្រជារាស្រ្តរបស់ព្រះអង្គ លោកយ៉ាកុបគឺជាចំណែកមរតករបស់ព្រះអង្គ។
10ព្រះអង្គបានរកឃើញលោកនៅទឹកដីដែលស្ងាត់ ហួតហែង ក្នុងទីរហោស្ថាន គ្មានជីជាតិ និងឮតែសម្លេងស្រែកយំ ព្រះអង្គបានការពារលោក ហើយថែទាំលោក ព្រះអង្គបានការពារលោកដូចជាព្រះកែវព្រះនេត្ររបស់ព្រះអង្គ។
11ដូចសត្វឥន្ទ្រីដែលការពារសំបុក និងហើរការពារពីលើកូន ព្រះអម្ចាស់ត្រដាងស្លាបរបស់ព្រះអង្គ ហើយទទួលពួកគេ និងទ្រនៅលើចំអេងស្លាបរបស់ព្រះអង្គ។
12ព្រះអម្ចាស់តែមួយព្រះអង្គបាននាំលោក គ្មានព្រះដទៃណាដែលបាននៅជាមួយលោកឡើយ។
13ព្រះអង្គបានធ្វើឲ្យលោកនៅលើទឹកដីដែលមានទីខ្ពស់ ហើយព្រះអង្គបានចម្អែតលោកដោយផលផ្លែចេញពីស្រែចម្ការ ព្រះអង្គបានចិញ្ចឹមលោកដោយទឹកឃ្មុំចេញពីថ្ម និងប្រេងដែលចេញពីច្រាំងថ្មដ៏រឹង។
14លោកបរិភោគខ្លាញ់ចេញពីហ្វូងសត្វ ហើយផឹកទឹកដោះចេញពីហ្វូងចៀម ជាមួយនឹងខ្លាញ់របស់កូនចៀម និងចៀមឈ្មោលនៃទឹកដីបាសាន ព្រមទាំងពពែផង ហើយស្រូវសាលីល្អបំផុត ហើយអ្នករាល់គ្នាក៏បានផឹកស្រាដែលធ្វើពីទំពាំងបាយជូរដែរ។
15ប៉ុន្តែ យេស៊ូរូនបានធំធាត់ និងមានកម្លាំងរឹងប៉ឹង អ្នកបានធំធាត់ អ្នកបានធំធាត់ខ្លាំង ហើយអ្នកបានបរិភោគ លោកបានបោះបង់ព្រះជាម្ចាស់ដែលបានបង្កើតលោកមក ហើយលោកបានមិនទទួលយកថ្មដានៃសេចក្ដីសង្គ្រោះរបស់លោក។
16ពួកគេធ្វើឲ្យព្រះអម្ចាស់មានសេចក្ដីប្រចណ្ឌ ដោយព្រះដទៃរបស់ពួកគេ ហើយដោយអំពើគួរស្អប់ខ្ពើមរបស់ពួកគេ ពួកគេធ្វើឲ្យព្រះអង្គព្រះពិរោធ។
17ពួកគេថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនជាព្រះពិត ព្រះដែលពួកគេមិនបានស្គាល់ ជាព្រះដែលទើបតែនឹងកើតមក ជាព្រះរបស់ដូនតារបស់អ្នកមិនបានភ័យខ្លាច។
18អ្នករាល់គ្នាបានមិនបានខ្វល់ពីព្រះអង្គជាថ្មដា ដែលជាព្រះបិតា ហើយបានភ្លេចព្រះអង្គជាព្រះដែលបានបង្កើតអ្នករាល់គ្នាមក។
19ព្រះអម្ចាស់បានទតឃើញការនេះ ហើយព្រះបានបដិសេធពួកគេ ដោយព្រោះបុត្រធីរបស់ព្រះអង្គបានធ្វើឲ្យព្រះអង្គព្រះពិរោធ។
20ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងបែរព្រះភក្រ្តចេញពីពួកគេ» «យើងនឹងចាំទតមើលចុងក្រោយរបស់ពួកគេជាយ៉ាងណា ដ្បិត ពួកគេជាតំណរមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់។
21ពួកគេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ និងបានធ្វើឲ្យយើងខឹងដោយសារការឥតប្រយោជន៍របស់ពួកគេ។ យើងនឹងធ្វើឲ្យពួកគេច្រណែន ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ ហើយដោយប្រជាជាតិមួយដែលល្ងីល្ងើ យើងនឹងធ្វើឲ្យពួកគេខឹង។
22ដ្បិត ភ្លើងកំហឹងរបស់យើងបានឆាបឆួលឡើង ហើយឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺលេបត្របាក់ផែនដី និងភោគផលរបស់ផែនដី ហើយឆាបឆេះគ្រឹះភ្នំនានា។
23យើងនឹងបង្ករមហន្ដរាយដល់ពួកគេ យើងនឹងបាញ់ព្រួញរបស់យើងទាំងអស់ទៅលើគេ
24ពួកគេនឹងចុះខ្សោយដោយការស្រែកឃ្លាន ហើយលេបត្របាក់ដោយសារភ្លើងឆេះ និងការបំផ្លាញយ៉ាងជូរចត់ យើងនឹងបញ្ជូនពួកគេទៅក្នុងចង្កូមរបស់សត្វព្រៃ និងសត្វលូនវារនៅលើដីឲ្យចឹកគេផង។
25នៅខាងក្រៅផ្ទះ ពួកគេនឹងស្លាប់ដោយសារមុខដា ហើយនៅក្នុងបន្ទប់ដេកពួកគេនឹងស្លាប់ដោយភ័យខ្លាំង។ ការនេះនឹងបំផ្លាញទាំងកំលោះ និងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវផង។
26យើងបាននិយាយថា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យវិនាសទៅឆ្ងាយ យើងនឹងលុបបំបាត់ការនឹកចាំអំពីពួកគេ ចេញពីមនុស្សលោកទៅ។
27ប៉ុន្តែ យើងខ្លាចថាខ្មាំងសត្រូវរបស់ពួកគេអួតអាង ហើយសត្រូវរបស់ពួកគេអាចនឹងកាត់សេចក្ដីខុស ហើយគេអាចនឹងនិយាយថា ដៃរបស់ពួកយើងខ្លាំង យើងអាចនឹងសម្រេចការងារទាំងអស់បាន។
28ដ្បិត អ៊ីស្រាអែលគឺជាប្រជាជាតិមួយគ្មានប្រាជ្ញា ហើយគ្មានអ្នកចេះដឹងទេ។
29អូ បើសិនពួកគេជាមនុស្សមានប្រាជ្ញា និងជាមនុស្សចេះដឹង នោះពួកគេអាចពិចារណាអំពីវាសនាដែលនឹងកើតមានចំពោះពួកគេហើយ!
30តើមនុស្សម្នាក់អាចនឹងដេញមនុស្សមួយពាន់នាក់ ហើយដាក់មនុស្សពីរនាក់ប្រយុទ្ធជាមួយម៉ឺននាក់ដូចម្ដេចទៅ បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ហើយព្រះអម្ចាស់មិនបានប្រគល់ពួកគេទៅខ្មាំងសត្រូវទេនោះ?
31ដ្បិត ថ្មដាខ្មាំងសត្រូវរបស់ពួកយើងគឺមិនដូចជាថ្មដារបស់ពួកយើងឡើយ សូម្បីតែខ្មាំងសត្រូវរបស់ពួកយើង ក៏ទទួលស្គាល់ដូច្នេះដែរ។
32ដ្បិត ដើមទំពាំងបាយជូររបស់ពួកគេ ចេញមកពីដើមទំពាំងបាយជូរនៃក្រុងសូដុម ហើយចេញចម្ការនៃក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់ពួកគេគឺជាផ្លែទំពាំងបាយជូរពុល ហើយចង្កោមរបស់ពួកគេក៏ល្វីងដែរ។
33ស្រាទំពាំងបាយជូររបស់ពួកគេគឺមានជាតិពុលនៃពស់ និងដូចជាពិសដ៏សាហាវរបស់ពួកគេពស់វែក។
34តើមិនមានគម្រោងការដែលលាក់កំបាំង ដោយយើងទាំងបិទត្រានៅក្នុងឃ្លាំងរបស់យើងទេឬ?
35ការសងសឹក និងការតបទៅវិញគឺស្រេចតែលើយើង នៅពេលនោះ ជើងរបស់ពួកគេរអិល ដ្បិត ថ្ងៃនៃអន្តរាយសម្រាប់ពួកគេគឺជិតមកដល់ ហើយថ្ងៃដែលពួកគេទទួលការអាក្រក់ក៏នឹងកើតឡើងយ៉ាងរហ័សដែរ»។
36ដ្បិត ព្រះអម្ចាស់នឹងប្រទានភាពត្រឹមត្រូវដល់ប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះអង្គនឹងអាណិតមេត្តាដល់អ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គនឹងទតឃើញថាកម្លាំងរបស់ពួកគេគឺបាត់អស់ហើយ ហើយគ្មានអ្នកណាម្នាក់នៅសល់ឡើយ ទាំងទាសករ ឬអ្នកជាផង។
37បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលថា៖ «តើព្រះរបស់ពួក ជាថ្មដាដែលពួកគេបានយកចាទីពឹងនោះ នៅឯណាទៅ?
38ព្រះដែលបានទទួលទានខ្លាញ់នៃយញ្ញបូជារបស់ពួកគេ និងផឹកស្រាទំពាំងបាយជូរនៃតង្វាយច្រូចរបស់ពួកគេ? ចូរឲ្យពួកគេក្រោកឡើង និងជួយអ្នកចុះ ចូរឲ្យពួកគេធ្វើជាអ្នកការពារអ្នកចុះ។
39ឥឡូវនេះ មើល៍ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាក្រៅពីយើងទេ យើងសម្លាប់ ហើយប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណាម្នាក់អាចសង្គ្រោះអ្នករាល់គ្នាចេញពីដៃរបស់យើងបានទេ។
40ដ្បិតយើងលើកដៃរបស់យើងទៅលើស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ច។
41នៅពេលយើងសំរួចមុខដាវដែលភ្លឺចាំងរបស់យើង ហើយដៃរបស់យើងចាប់កាន់សេចក្ដីត្រឹមត្រូវ យើងនឹងសងសឹកខ្មាំងសត្រូវបស់យើង ហើយយើងនឹងសងវិញដល់អស់អ្នកណាដែលស្អប់យើង។
42យើងនឹងធ្វើឲ្យគ្រាប់ព្រួញរបស់យើងស្រវឹងជាមួយឈាម ហើយដាវរបស់យើងនឹងលេបត្របាក់សាច់ និងឈាមនៃអ្នកដែលស្លាប់ ព្រមទាំងពួកឈ្លើយ ហើយចាប់ពីក្បាលរបស់អ្នកដឹកនាំរបស់ពួកខ្មាំងសត្រូវ»។
43ចូរឲ្យប្រជាជាតិរបស់អ្នក អរសប្បាយឡើង ជាមួយនឹងប្រជាជននៃព្រះ ដ្បិត ព្រះអង្គនឹងសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ ហើយព្រះអង្គនឹងធ្វើឲ្យទឹកដី និងប្រជារាស្រ្តរបស់ព្រះអង្គរួចផុតពីភាពសៅហ្មង។
44លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន បាននាំយក ព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងចម្រៀងនេះទៅប្រាប់ប្រជាជនទាំងអស់ឲ្យបានឮ។
45លោកម៉ូសេបានសូត្រព្រះបន្ទូលទាំងអស់នោះ ទៅកាន់ប្រជាជនអ៊ីស្រាអែល។
46លោកម៉ូសេបាននិយាយទៅកាន់ពួកគេថា «ចូរនឹកចាំគ្រប់ទាំងពាក្យដែលខ្ញុំបានទូន្មានអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចបង្គាប់ដល់កូនចៅរបស់អ្នកដើម្បីឲ្យពួកគេកាន់តាមគ្រប់ទាំងព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យនេះ។
47ដ្បិតនេះមិនមែនជាបញ្ហាតូចតាចសម្រាប់អ្នកទេ ពីព្រោះសេចក្តីនេះគឺជាជីវិតរបស់អ្នករាល់គ្នាវិញ ហើយតាមរយះការនេះអ្នករាល់គ្នានឹងរស់នៅបានយូរអង្វែងនៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងឆ្លងកាត់ទន្លេយ័ដាន់ចូរទៅកាន់កាប់»។
48ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេនៅថ្ងៃនោះដែរថា
49«ចូរឡើងទៅកំពូលភ្នំនេបូដែលសិ្ថតនៅជួរភ្នំអាបារីនក្នុងទឹកដីម៉ូអាប់ទល់មុខនឹងទន្លេយ័ដាន់ហើយសម្លឹងមើលទឹកដីកាណានដែលយើងប្រគល់ដល់ប្រជាជនអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។
50អ្នកនឹងស្លាប់នៅភ្នំដែលអ្នកឡើងទៅនោះហើយអ្នកនឹងបានជួបជុំជាមួយនឹងដូនតារបស់អ្នក ដូចលោកអើរ៉ុន ដែលបានស្លាប់នៅលើភ្នំហោរ ហើយបានជួបជុំដូនតារបស់គាត់ដែរ។
51ការនេះនឹងកើតឡើងដោយសារអ្នកមិនបានស្មោះត្រង់ចំពោះខ្ញុំក្នុងចំណោមប្រជាជនអ៊ីស្រាអែលកាលនៅក្បែរប្រភពទឹកមេរីបានៅកាដេសក្នុងទីហោរស្ថានស៊ីន ពីព្រោះអ្នកមិនបានលើកតម្កើងយើង និងគោរពយើងនៅចំពោះមុខប្រជាជនអ៊ីស្រាអែលទេ។
52ដ្បិត អ្នកនឹងឃើញទឹកដីដែលនៅចំពោះមុខអ្នក ប៉ុន្តែ អ្នកនឹងមិនអាចទៅទីនោះបានទេ ដែលជាទឹកដីដែលយើងបានប្រគល់ឲ្យទៅប្រជាជនអ៊ីស្រាអែលឡើយ»។