ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 34

Read Scripture freely. Divine Threads study for this chapter is coming later.

1នោះ លោកម៉ូសេបានឡើងពីវាលទំនាបទឹកដីម៉ូអាប់ ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីសកា ដែលទល់មុខនឹងក្រុងយេរីខូ។ ហើយព្រះអម្ចាស់បានបង្ហាញឲ្យលោកឃើញទឹកដីទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់
2ហើយទឹកដីណែបថាលីទាំងមូល និងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ជាទឹកដីយូដាទាំងមូល រហូតដល់សមុទ្រខាងលិច
3តំបន់ណេកិប ព្រមទាំងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូ ជាទីក្រុងដើម​លម៉ើ រហូតដល់ក្រុងសូអារ។
4ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាទឹកដីដែលយើងបានស្បថជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា៖ «យើងនឹងប្រគល់ទឹកដីនេះឲ្យដល់ពូជពង្សរបស់អ្នក យើងនឹងបង្ហាញឲ្យអ្នកឃើញទឹកដីនេះផ្ទាល់នឹងភ្នែក តែអ្នកមិនត្រូវឆ្លងចូលទៅឡើយ»។
5ដូច្នេះ លោកម៉ូសេ ដែលជាអ្នកបម្រើព្រះអម្ចាស់បានស្លាប់នៅទីនោះ ក្នុងទឹកដីម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
6ព្រះអម្ចាស់បានបញ្ចុះសពលោកនៅជ្រលងភ្នំក្នុងទឹកដីម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ រហូតមកដល់សព្វថ្ងៃនេះ គ្មាននរណារដឹងដឹងកន្លែងបញ្ចុះសពរបស់ឡើយ។
7កាលដែលលោកម៉ូសេស្លាប់ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែករបស់លោកមិនអន់ថយឡើយ រីឯកម្លាំងរបស់លោកក៏មិនបានថយចុះដែរ។
8ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅត្រង់វាលទំនាបទឹកដីម៉ូអាប់ ហើយពួកគេយំកាន់ទុក្ខលោកម៉ូសេរហូតទាល់តែផុតពេលសាមសិបថ្ងៃនោះ។
9លោកយ៉ូស្វេ ជាកូនរបស់លោកនូន មានចិត្តពេញដោយប្រាជ្ញាញាណ ដ្បិត លោកម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាស្តាប់បង្គាប់លោកយ៉ូស្វេ ដោយធ្វើតាមដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
10មិនមានព្យាការីណាម្នាក់ដូចលោកម៉ូសេនៅក្នុងទឹកដីអ៊ីស្រាអែលនោះទេ គឺព្រះអម្ចាស់ស្គាល់លោក មុខទល់នឹងមុខ។
11ហើយគ្មាននរណាម្នាក់សម្តែងទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានចាត់លោកឲ្យធ្វើនៅទឹកដីអេស៊ីប ដើម្បីទាស់ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងពួករាជបម្រើរបស់ព្រះអង្គ និងដល់ទឹកដីរបស់ព្រះអង្គទាំងមូល។
12ហើយក៏គ្មាននរណាម្នាក់អាចសម្តែងប្ញទ្ធិបារមីគួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដូចលោកម៉ូសេដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។