ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 31

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល។
2លោកមានប្រសាន៍ទៅកាន់ពួកគេថា៖ «ខ្ញុំឥឡូវ មានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចបន្តដឹកនាំអ្នករាល់គ្នាទៀតទេ
3ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា ខ្ញុំនឹងមិនអាចឆ្លងទន្លេយ័រដាន់បានទេ។ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គនឹងយាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងបំផ្លាញប្រជាជាតិទាំងនេះ ចេញពីមុខអ្នករាល់គ្នា ហើយអ្នកនឹងដកហូតយកទឹកដីរបស់ពួកគេ។ លោកយ៉ូស្វេនឹងឆ្លងទន្លេនៅពីមុខអ្នករាល់គ្នា ដូចជាព្រះអម្ចាស់មានព្រះបន្ទូល។
4ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយពួកគេ ដូចដែលព្រះអង្គបានប្រព្រឹត្តជាមួយនឹងស៊ីហុន និងអុកជាស្ដេចនៃជនជាតិអាម៉ូរី ព្រមទាំងទឹកដីរបស់ពួកគេ ជាទឹកដីដែលព្រះអង្គបានបំផ្លាញ។
5ព្រះអម្ចាស់នឹងប្រទានជ័យជម្នះដល់អ្នករាល់គ្នាឲ្យយកឈ្នះពួកគេ នៅពេលអ្នករាល់គ្នាប្រឈមមុខនឹងពួកគេ នៅក្នុងការប្រយុទ្ធ ហើយអ្នករាល់គ្នានឹងប្រព្រឹត្តចំពោះពួកគេ តាមសេចក្ដីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។
6ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ហើយតក់ស្លុតនៅចំពោះពួកគេឲ្យសោះ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគឺជាព្រះដែលយាងទៅជាមួយអ្នកហើយ ព្រះអង្គនឹងមិនចាកចេញ ឬបោះបង់អ្នករាល់គ្នាចោលឡើយ»។
7លោកម៉ូសេបានហៅលោកយ៉ូស្វេហើយមានប្រសាសន៍ទៅលោកនៅចំមុខប្រជាជនអ៊ីស្រាអែលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើយ ​ដ្បិត អ្នកនឹងនាំប្រជាជនទាំងនេះ ចូលទៅកាន់ទឹកដីដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់ពួកគេ ថានឹងប្រទានឲ្យពួកគេ។ អ្នកនឹងត្រូវឲ្យពួកគេចាប់យកទឹកដីនោះជាមរតករបស់ពួកគេ។
8ព្រះអម្ចាស់ ព្រះអង្គគឺជាព្រះដែលនាំមុខអ្នក ព្រះអង្គនឹងគង់នៅជាមួយអ្នក ព្រះអង្គនឹងមិនចាកចេញ ឬបោះបង់អ្នកចោលឡើយ ចូរកុំភ័យខ្លាចឲ្យសោះ ចូរកុំបំបាក់ទឹកចិត្តឲ្យសោះ»។
9លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះ ហើយបានប្រគល់ឲ្យទៅកាន់ពួកបូជាចារ្យជាកូនចៅពួកលេវី ជាអ្នកដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ លោកក៏បានប្រគល់ជូនចំពោះពួកចាស់ទុំនៃអ៊ីស្រាអែលផងដែរ។
10លោកម៉ូសេបានបង្គាប់ពួកគេ ហើយមានប្រសាសន៍ថា៖ «នៅចុងឆ្នាំ រាល់ប្រាំពីរឆ្នាំម្ដង គឺនៅពេលកំណត់នៃឆ្នាំដែលត្រូវដោះលែង ក្នុងពេលបុណ្យបារាំ
11ពេលដែលប្រជាជនអ៊ីស្រាអែលទាំងអស់បានបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសសម្រាប់ជាទីសក្ការ ហើយអ្នកនឹងត្រូវអានក្រឹត្យវិន័យនេះនៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ឲ្យគេពួកគេបានឮ។
12ចូរប្រមូលផ្ដុំប្រជាជន ទាំងប្រុស ទាំងស្រី ព្រមទាំងកូនក្មេង និងជនជាតិដ៏ទៃដែលរស់នៅក្នុងក្រុងរបស់អ្នក ដើម្បីឲ្យពួកគេអាចឮ ហើយបានរៀនផង ហើយដើម្បីឲ្យពួកគេអាចនឹងកោតខ្លាចព្រះអម្ចាស់ជាព្រះនៃអ្នក ព្រមទាំងកាន់តាមសេចក្ដីដែលបានចែងក្នុងក្រឹត្យវិន័យនេះផង។
13ចូរធ្វើដូច្នេះ ដើម្បីឲ្យកូនៗរបស់ពួកគេ ដែលមិនបានស្គាល់ អាចនឹងឮ ហើយរៀនដើម្បីកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចជាអ្នករស់នៅក្នុងទឹកដីដែលអ្នកនឹងឆ្លងកាត់ទន្លេដើម្បីកាន់កាប់នោះ»។
14ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតមកដល់ហើយ ចូរហៅលោកយ៉ូស្វេ ហើយ​ចូលមកក្នុងត្រសាលនៃការប្រជុំ ដើម្បីយើងនឹងប្រទានសេចក្ដីបង្គាប់ដល់លោក»។ លោកម៉ូសេ និងលោកយ៉ូស្វេបានចូលរួមក្នុងត្រសាលប្រជុំ។
15ព្រះអម្ចាស់បានលេចមកក្នុងត្រសាល នៅក្នុងបង្គោលពពក បង្គោលពពកនោះឈរនៅពីលើទ្វារត្រសាល។
16ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «មើល៍ អ្នកនឹងត្រូវដេកលក់ទៅជាមួយដូនតារបស់អ្នក ហើយប្រជាជននេះនឹងលើកគ្នា ហើយប្រព្រឹត្តអំពើផិតក្បត់ទៅតាមព្រះដទៃ ក្នុងទឹកដីដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ហើយបានកាត់ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយពួកគេ។
17បន្ទាប់មក នៅថ្ងៃនោះ សេចក្ដីក្រោធរបស់យើងនឹងត្រូវឆួលឡើងប្រឆាំងនឹងពួកគេ ហើយយើងនឹងបោះបង់ពួកគេ។ យើងនឹងគេចព្រះចេញពីពួកគេ នោះពួកគេនឹងត្រូវលេបត្របាក់អស់ទៅ។ គ្រោះមហន្តរាយ និងបញ្ហាជាច្រើននឹងកើតឡើងចំពោះពួកគេ ដូច្នេះហើយ នៅថ្ងៃនោះពួកគេនិយាយថា គ្រោះមហន្តរាយទាំងនេះ បានកើតឡើងលើពួកយើង តើមិនមែនដោយសារតែព្រះជាម្ចាស់មិនគង់ក្នុងចំណោមយើងទេឬ?​
18យើងនឹងពិតជាគេចមុខចេញពីពួកគេនៅថ្ងៃនោះ ដោយសារតែសេចក្ដីអាក្រក់ទាំងអស់ដែលពួកគេបានប្រព្រឹត្ត ព្រោះពួកគេបានងាកបែរទៅរកព្រះដទៃ។
19ដូច្នេះ ឥឡូវនេះ ចូរសរសេរចម្រៀងនេះ សម្រាប់ខ្លួនអ្នក ហើយបង្រៀនចម្រៀងនេះទៅដល់ប្រជាជនអ៊ីស្រាអែល។ ចូរដាក់ចម្រៀងនេះនៅក្នុងមាត់ ដើម្បីឲ្យចម្រៀងនេះធ្វើជាសាក្សីដល់យើង ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែល។
20ដ្បិតនៅពេលដែលយើងបាននាំពួកគេចូលទៅទឹកដីដែលយើងបានស្បថចំពោះបុព្វបុរសពួកគេថានឹងប្រទានដល់គេ ទឹកដីដែលពេញដោយទឹកដោះគោ ទឹកឃ្មុំ និងពេលពួកគេបរិភោគហើយ គេបានធំធាត់ នោះពួកគេនឹងងាកបែរទៅរកព្រះដទៃ ហើយពួកគេនឹងបម្រើព្រះទាំងនោះ ហើយពួកគេនឹងមើលងាយ ពួកគេនឹងកាត់ផ្ដាច់សម្ពន្ធមេត្រីរបស់យើង។
21ពេលដែលអំពើអាក្រក់ និងបញ្ហាជាច្រើនកើតឡើងលើប្រជាជននេះ នោះចម្រៀងនេះនឹងធ្វើជាសាក្សីទាស់នឹងពួកគេ (ដ្បិត ចម្រៀងនេះនឹងមិនអាចលុបចេញពីមាត់របស់ពូជពង្សពួកគេឡើយ)។ ដ្បិត យើងដឹងអំពីផែនការដែលពួកគេបង្កើតនៅថ្ងៃនេះ ​ សូម្បីតែមុនពេលដែលយើងបាននាំពួកគេចូលទៅក្នុងទឹកដីដែលយើងបានសន្យានឹងពួកគេ»។
22ដូច្នេះ លោកម៉ូសេបានសរសេរចម្រៀងនេះ នៅថ្ងៃនោះ​ ហើយបានបង្រៀនចម្រៀងនេះដល់ប្រជាជនអ៊ីស្រាអែល។
23ព្រះអម្ចាស់បានប្រទានសេចក្ដីបង្គាប់មួយឲ្យលោកយ៉ូស្វេជាកូនរបស់លោកនូន ហើយមានព្រះបន្ទូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិត អ្នកនឹងត្រូវនាំប្រជាជនអ៊ីស្រាអែលចូលទៅទឹកដីដែលយើងបានស្បថចំពោះអ្នក ហើយយើងនឹងគង់នៅជាមួយអ្នក»។
24សេចក្ដីនេះកើតឡើងនៅពេលដែលលោកម៉ូសេបានបញ្ចប់ការសរសេរព្រះបន្ទូលនៃក្រឹត្យវិន័យនេះទុកក្នុងគម្ពីរ
25លោកម៉ូសេបង្គាប់ពួកលេវី ដែលសែងហឹបសម្ពន្ធមេត្រីនៃព្រះអម្ចាស់ ហើយលោកមានប្រសាសន៍ថា៖
26«ចូរយកគម្ពីរក្រឹត្យវិន័យ ហើយដាក់ដាក់ក្បែរហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូច្នេះ គម្ពីរក្រឹត្យវិន័យនេះអាចធ្វើជាសាក្សីទាស់នឹងអ្នក។
27ដ្បិត ខ្ញុំដឹងអំពីចិត្តបះបោរ និងចិត្តរឹងរុសរបស់អ្នក មើល៍ កាលណាខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរ ប្រឆាំងនឹងព្រះអម្ចាស់ ចុះទម្រាំតែខ្ញុំស្លាប់ទៀត តើអ្នករាល់គ្នានឹងបះបោរខ្លាំងយ៉ាងណាទៅ?
28ចូរប្រមូលពួកចាស់ទុំនៃកុលសម័្ពន្ធរបស់អ្នករាល់គ្នា និងមេដឹកនាំទាំងអស់របស់អ្នករាល់គ្នា មកឯខ្ញុំ ដើម្បីឲ្យខ្ញុំបាននិយាយប្រាប់ពាក្យទាំងនេះដល់ពួកគេ ព្រមទាំងយកមេឃ និងផែនដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។
29ដ្បិត ខ្ញុំដឹងថា បន្ទាប់ពីខ្ញុំស្លាប់ទៅ នោះអ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកបែរចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នោះគ្រោះមហន្តរាយនឹងកើតឡើងលើអ្នករាល់គ្នា ពេញមួយជីវិតរបស់អ្នក។ ការនេះនឹងកើតឡើង ដោយសារតែអ្នករាល់គ្នានឹងទៅប្រព្រឹត្តអ្វីដែលជាអំពើអាក្រក់នៅចំពោះព្រះអម្ចាស់ បណ្ដាលឲ្យព្រះអង្គមានសេចក្ដីក្រោធ ដោយអំពើដែលអ្នកបានប្រព្រឹត្ត។
30លោកម៉ូសេបានសូត្រដាក់ក្នុងត្រចៀករបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ដែលកំពុងជួបប្រជុំ គឺជាពាក្យដែលនៅក្នុងចម្រៀងនេះរហូតចប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។