1នៅពេលសេចក្ដីទាំងនេះបានកើតលើអ្នករាល់គ្នា គឺការប្រទានព្រះពរ និងបណ្ដាសា ដែលខ្ញុំបានដាក់នៅមុខអ្នករាល់គ្នា ហើយនៅពេលអ្នករាល់គ្នានឹកឃើញសេចក្ដីទាំងនេះ នៅក្នុងចំណោមប្រជាជាតិដទៃទាំងអស់ ជាកន្លែងដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាបានបណ្ដេញអ្នករាល់គ្នា
2ព្រមទាំងនៅពេលអ្នករាល់គ្នាវិលត្រលប់មកកាន់ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាវិញ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ការទាំងអស់ដែលខ្ញុំកំពុងបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទាំងអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា
3នោះព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងស្ដារស្ថានភាពរបស់អ្នករាល់គ្នា និងមានព្រះហឫទ័យអាណិតអាសូរដល់អ្នករាល់គ្នាព្រះអង្គនឹងបែរមក ហើយប្រមូលផ្ដុំអ្នករាល់គ្នាវិញ ចេញពីប្រជាជនទាំងអស់ជាកន្លែងដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានកម្ចាត់កម្ចាយអ្នករាល់ទៅនោះ។
4ប្រសិនបើ ប្រជាជនដែលត្រូវខ្ចាត់ខ្ចាយទៅកន្លែងឆ្ងាយបំផុតនៅលើផែនដី ក៏ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រមូលអ្នករាល់គ្នា ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចេញពីទីនោះ។
5ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាចូលទៅកាន់ទឹកដីដែលដូនតារបស់អ្នករាល់គ្នាបានកាន់កាប់ ហើយអ្នករាល់គ្នានឹងកាន់កាប់ទឹកដីនោះម្ដងទៀត ព្រះអង្គនឹងធ្វើការល្អ ហើយនឹងចម្រើនអ្នករាល់គ្នាបន្ថែមទៀត គឺច្រើនជាងព្រះអង្គបានប្រទានដល់ដូនតារបស់អ្នករាល់គ្នាទៅទៀត។
6ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងកាត់ស្បែកចិត្តរបស់អ្នករាល់គ្នា ហើយចិត្តរបស់ពូជពង្សអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់នៅបាន។
7ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទម្លាក់បណ្ដាសាទាំងអស់នេះលើសត្រូវ និងលើអ្នកណាដែលស្អប់អ្នករាល់គ្នា ព្រមទាំងអស់អ្នកណាដែលបៀតបៀនអ្នករាល់គ្នា។
8អ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ អ្នករាល់គ្នានឹងប្រព្រឹត្តតាមសេចក្ដីបង្គាប់ទាំងអស់ ដែលខ្ញុំកំពុងបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។
9ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើប្រទានឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនកិច្ចការដែលដៃអ្នករាល់គ្នាបានធ្វើ ទាំងផលផ្លែនៃអ្នករាល់គ្នា ទាំងផលនៃហ្វូងសត្វរបស់អ្នក ព្រមទាំងផលដែលកើតចេញដីរបស់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់នឹងរីករាយប្រោសឲ្យអ្នករាល់គ្នាម្តងទៀត ដូចជាព្រះអង្គបានរីករាយនឹងដូនតារបស់អ្នករាល់គ្នាដែរ។
10ព្រះអង្គនឹងកាន់តាមសេចក្ដីនេះ ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងបទបញ្ជាដែលបានចារនៅក្នុងគម្ពីរក្រឹតវិន័យនេះ ប្រសិនបើ អ្នករាល់គ្នាបែរមកព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាវិញ ដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា។
11ដ្បិត សេចក្ដីបង្គាប់ ដែលខ្ញុំកំពុងតែបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺមិនពិបាកខ្លាំងពេកសម្រាប់អ្នករាល់គ្នាទេ ហើយក៏មិនមែននៅឆ្ងាយដែរ។
12សេចក្ដីនេះមិនមែននៅលើស្ថានសួគ៌ទេ ដូច្នេះហើយ អ្នករាល់គ្នាគួរតែនិយាយថា តើអ្នកណានឹងឡើងទៅដើម្បីពួកយើង និងនាំសេចក្ដីទាំងនេះចុះមកឲ្យយើង ព្រមទាំងធ្វើឲ្យយើងអាចនឹងស្ដាប់ឮផង ដើម្បីឲ្យយើងប្រតិបត្តិតាម?
13ក៏មិនមែននៅត្រើយខាងនាយសមុទ្រ ដូច្នេះ អ្នករាល់គ្នាគួរនិយាយថា តើអ្នកណានឹងឆ្លងសមុទ្រសម្រាប់ពួកយើង និងនាំយកព្រះបន្ទូលមកកាន់ពួកយើង ហើយធ្វើឲ្យពួកយើងបានឮ ដើម្បីឲ្យយើងអាចនឹងប្រតិបិត្តតាមផង?
14ប៉ុន្តែ ព្រះបន្ទូលគឺនៅក្បែរនឹងអ្នករាល់គ្នា គឺនៅក្នុងមាត់ និងចិត្តរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចប្រតិបតិ្តតាមបាន។
15មើល៍ ថ្ងៃនេះខ្ញុំបានដាក់ជីវិត និងសេចក្ដីល្អ នៅពីមុខអ្នករាល់គ្នា ព្រមទាំងសេចក្ដី និងអំពើអាក្រក់។
16ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមច្បាប់នៃព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដែលខ្ញុំកំពុងតែបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដោយដើរតាមផ្លូវរបស់ព្រះអង្គ និងកាន់តាមសេចក្ដីបង្គាប់របស់អង្គ ព្រមទាំងបទបញ្ជា និងបញ្ញាតិទាំងឡាយរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជីវិតរស់នៅ និងចម្រើនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានព្រះពរដល់អ្នករាល់គ្នា នៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់នោះ។
17ប៉ុន្តែ ប្រសិនបើ ចិត្តរបស់អ្នករាល់គ្នាងាកចេញ និងមិនព្រមស្ដាប់ តែបណ្ដោយឲ្យគេទាញអ្នករាល់គ្នាទៅថ្វាយបង្គំ និងគោរពប្រតិបតិ្តដល់ព្រះដទៃ
18នោះសូមខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាប្រាកដ អ្នករាល់គ្នានឹងមិនមានអាយុវែងនៅលើទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងកាត់ទន្លេយ័រដាន់ ដើម្បីចូលទៅកាន់កាប់ឡើយ។
19ខ្ញុំហៅមេឃ និងផែនដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ព្រះពរ និងបណ្ដាសា នៅពីមុខអ្នករាល់គ្នា ដូច្នេះ ចូរជ្រើសរើសជីវិត ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបាន ទាំងអ្នក និងពូជពង្សរបស់អ្នករាល់គ្នា។
20ធ្វើយ៉ាងនេះ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដើម្បីស្តាប់តាមព្រះសូរសៀង និងនៅជាប់នឹងព្រះអង្គ។ ដ្បិតព្រះអង្គគឺជាជីវិតរបស់អ្នករាល់គ្នា និងជាអាយុយឺនយូររបស់អ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នក គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ថានឹងប្រទានដល់ពួកលោក»។