ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 29

Read Scripture freely. Divine Threads study for this chapter is coming later.

1ទាំងនេះគឺជាពាក្យនៃសេចក្តីសញ្ញា ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកម៉ូសេកោះហៅជនជាតិអ៊ីស្រាអែលនៅក្នុងទឹកដី ម៉ូអាប់ ក្រៅពីសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេនៅ ភ្នំហោរែប។
2លោកម៉ូសេបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់មក ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក គ្រប់ទាំងហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើនៅក្នុងទឹកដីអេស៊ីបនៅចំពោះស្តេចផារ៉ោន និងពួកមហាតលិក ព្រមទាំងប្រជារាស្រ្តទាំងអស់នៅទឹកដីអេស៊ីប
3អ្នករាល់គ្នាបានឃើញព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ព្រមទាំងទីសម្គាល់ និងការអស្ចារ្យដ៏ធំ។
4ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ ព្រះអម្ចាស់មិនបានប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ឬមានត្រចៀកដែលស្តាប់ឮនៅឡើយ។
5យើងបានដឹកនាំអ្នករាល់គ្នាក្នុងទីរហោស្ថានអស់រយៈពេលសែសិបឆ្នាំ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនចេះសឹក រេចរឹល ហើយស្បែកជើងរបស់អ្នកក៏មិនបានសឹកដែរ។​
6អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះឡើយ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នក។
7ពេលអ្នករាល់គ្នាមកដល់ទីនេះ ព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន និងព្រះបាទអុកជាស្តេចនៃទឹកដីបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះពួកគេ។
8ពួកយើងដណ្តើមបានទឹកដីរបស់ពួកគេ ហើយក៏ចែកមរតកដល់ពួកកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល។
9ដូច្នេះ ចូរកាន់ ហើយប្រព្រឹត្តតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
10នៅថ្ងៃនេះ អ្នកទាំងអស់គ្នាកំពុងឈរនៅចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺមានពួកមេដឹកនាំ មានទាំងកុលសម្ពន្ធ ពួកចាស់ទុំរបស់អ្នករាល់គ្នា ពួកមេទ័ព និងបុរសនៃជនជាតិអ៊ីស្រាអែលទាំងអស់​
11ពួកកូនតូចៗរបស់អ្នករាល់គ្នា ប្រពន្ធរបស់អ្នករាល់គ្នា​ និងជនបរទេសដែលរស់នៅក្នុងជំរំជាមួយគ្នា​ គឺចាប់ពីពួកអ្នកពុះអុសរហូតដល់អ្នករាល់គ្នារែកទឹក។
12ត្រូវចងសម្ពន្ធមមេត្រីជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដោយសច្ចាថា​ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រះអង្គស្បថនឹងអ្នកនៅថ្ងៃនេះ
13ធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នានឹងទៅជាប្រជារាស្រ្តរបស់ព្រះអង្គនៅថ្ងៃនេះ ហើយព្រះអង្គនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា​ ដូចដែលព្រះអង្គមានព្រះបន្ទូលជាមួយនឹងអ្នករាល់គ្នា​​​ ដូចព្រះអង្គបានស្បថនឹងលោកអប្រាហំា លោកអ៊ីុសាក លោកយ៉ាកុបជាបុព្វបុរសរបស់អ្នករាល់គ្នា។
14ព្រះអង្គម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
15គឺជាមួយអស់អ្នកដែលឈរនៅទីនេះ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់​ជាព្រះរបស់យើង នៅថ្ងៃនេះ​ ព្រមទាំងអ្នកទាំងអស់ដែលមិនទាន់កើតដែរ។
16អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងទឹកដីអេស៊ីបរបៀបណា ហើយយើងបានឆ្លងកាត់ទឹកដីរបស់ប្រជាជាតិនានាដោយរបៀបណា។
17អ្នករាល់គ្នាបានឃើញការគួរស្អប់ខ្ពើមរបស់គេ គឺព្រះដែលធ្វើពីឈើ និងពីថ្ម ពីប្រាក់ និងពីមាស ដែលនៅក្នុងចំណោមពួកគេ។
18ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទោះបីមានបុរស ឬស្រ្តីណា​ ឬពូជអំបូរណា ឬកុលសម្ព័ន្ធណាមួយក្តី​​ ដែលមានចិត្តបែរចេញពីព្រះអម្ចាស់ជាព្រះរបស់យើង ហើយទៅគោរពបម្រើព្រះនានារបស់ប្រជាជាតិទាំងនោះ។ ចូរប្រយ័ត្នក្រែងលោក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់ក្លាយទៅជាប្ញសគល់ ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។
19ក្រោយពីបានឮពាក្យសម្បថនេះហើយ ត្រូវឲ្យពរដល់ខ្លួននៅក្នុងចិត្តថា ខ្ញុំនឹងមានសេចក្តីសុខ ទោះបីខ្ញុំដើរតាមចិត្តរឹងចចេសរបស់ខ្ញុំក៏ដោយ។ គំនិតដូច្នេះ នឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
20ព្រះអម្ចាស់នឹងមិនអត់ទោសឲ្យមនុស្សបែបនេះឡើយ ផ្ទុយទៅវិញ សេចក្តីខ្ញាល់ និងសេចក្តីប្រច័ណ្ឌរបស់ព្រះអម្ចាស់ មុខជាឆាបឆេះគេ ហើយគ្រប់ទាំងបណ្តាសាដែលកត់ទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ រួចព្រះអម្ចាស់នឹងលុបបំបាត់ឈ្មោះរបស់ពួកគេពីផែនដីនេះ។
21ព្រះអម្ចាស់នឹងញែកអ្នកនោះ ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យរងទុកវេទនា ស្របតាមពាក្យអស់ទាំងបណ្តាសានៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ។
22ឯកូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ មានពួកជនបរទេសដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញសេចក្តីវេទនានៅក្នុងទឹកដីនោះ និងជំងឺផ្សេងៗដែលព្រះអម្ចាស់ធ្វើឲ្យកើតមានចំពោះទឹកដីនេះ
23គឺទឹកដីទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ​ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ​ សូម្បីតែស្មៅក៏គ្មានផង ហើយត្រូវបំផ្លាញដូចក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេប៉ោម ដែរជាទីក្រុងដែលព្រះអម្ចាស់បំផ្លាញ ដោយសេចក្តីខ្ញាល់ និងព្រះពិរោធរបស់ព្រះអង្គ​
24ប្រជាជាតិទាំងអស់ពោលថា ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តបែបដូច្នេះចំពោះទឹកដីនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់បែបនេះ?
25នោះគេនឹងឆ្លើយតបវិញថា គឺដោយសារពួកគេបានបោះបង់ចោលសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ ដែលព្រះអង្គបានចងជាមួយពួកគេ នៅពេលដែលព្រះអង្គបាននាំពួកគេចេញពីទឹកដីអេស៊ីប
26ហើយពួកគេបាននាំគ្នាទៅគោរពបម្រើព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ ហើយព្រះអង្គក៏មិនអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។
27ហេតុនេះហើយ បានជាព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងទឹកដីនេះ ហើយទម្លាក់អស់ទាំងបណ្តាសាដែលបានចែងទុកក្នុងគម្ពីរនេះ កើតមានដល់ពួកគេ។
28ព្រះអម្ចាស់បានដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះហប្ញទ័យខ្ញាល់យ៉ាងខ្លាងបំផុត ហើយព្រះអង្គបានបោះពួកគេចោលទៅក្នុងទឹកដីមួយទៀត រហូតមកដល់សព្វថ្ងៃនេះ។
29មានតែព្រះអម្ចាស់ជាព្រះរបស់យើងតែប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដែលលាក់កំបាំងនេះ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តទៅ ដើម្បីឲ្យយើងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។