1បន្ទាប់មក យើងចេញដំណើរទៅទីរហោស្ថាន តាមផ្លូវសមុទ្រកក់ ដូចជាព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំ នៅពេលយើងបានដើរជុំវិញតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ។
2ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
3អ្នករាល់គ្នាបានធ្វើដំណើរជុំវិញភ្នំនេះយូរណាស់ហើយ ចូរចេញដំណើរទៅទិសខាងជើងចុះ។
4ចូរបង្គាប់ដល់ប្រជាជន ដោយនិយាយថា៖ «អ្នករាល់គ្នាត្រូវដើរឆ្លងកាត់តាមទឹកដីបងប្អូនរបស់អ្នករាល់គ្នា គឺកូនរបស់អេសាវ ជាអ្នកដែលរស់នៅក្នុងតំបន់ភ្នំសៀរ ពួកគេនឹងខ្លាចអ្នករាល់គ្នា។ ហេតុនេះហើយ ចូរប្រយ័ត្ន
5កុំប្រយុទ្ធជាមួយពួកគេឡើយ ដ្បិត យើងនឹងមិនប្រគល់ទឹកដីគេឲ្យមកអ្នករាល់គ្នាទេ សូម្បីតែ ស្នាមបាត់ជើងក៏មិនបានផង ដ្បិត យើងបានប្រគល់ភ្នំសៀរនេះ ទៅឲ្យអេសាវ ទុកដូចជាទ្រព្យសម្បត្តិហើយ។
6អ្នករាល់គ្នាត្រូវយកប្រាក់ទៅទិញអាហារពីពួកគេ ដើម្បីឲ្យអ្នករាល់គ្នាអាចបរិភោគបាន អ្នករាល់គ្នាត្រូវយកប្រាក់ទៅទិញទឹកពីពួកដែរ ទើប អ្នករាល់គ្នាអាចនឹងផឹកបាន។
7ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានព្រះពរដល់អ្នករាល់គ្នា ក្នុងគ្រប់កិច្ចការទាំងអស់ដែលអ្នករាល់គ្នាធ្វើ ព្រះអង្គជ្រាបពីការដែលអ្នករាល់គ្នាដើរឆ្លងកាត់នៅទីរហោស្ថានដ៏ធំនេះ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានគង់នៅជាអ្នករាល់គ្នា អស់រយៈពេលសែសិបឆ្នាំមកហើយ ហើយអ្នករាល់គ្នាមិនខ្វះខាតអ្វីសោះឡើយ»។
8ដូច្នេះ យើងបានដើរឆ្លងកាត់ទឹកដីបងប្អួនរបស់យើង ជាកូនចៅរបស់លោកអេសាវដែលរស់នៅលើតំបន់ភ្នំសៀរ ហើយយើងក៏បានចេញពីទឹកដីតំបន់ភ្នំអារ៉ាបា អេឡាត និងអេស៊ាន គេប៊ើរដែរ។ បន្ទាប់មក យើងធ្វើដំណើរ ហើយបានឆ្លងកាត់តាមផ្លូវទៅទីរហោស្ថានទឹកដីម៉ូអាប់។
9ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំបង្កបញ្ហាដល់ជនជាតិម៉ូអាប់ ហើយកុំប្រយុទ្ធជាមួយពួកគេនៅក្នុងសង្គ្រាមឡើយ។ ដ្បិត យើងនឹងមិនឲ្យទឹកដីរបស់ពួកគេទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នាឡើយ ព្រោះយើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់លោកឡុតទុកជាកម្មសិទ្ធិរួចទៅហើយ។
10(ពីមុន ជនជាតិអេមីមរស់ទឹកដីនោះ ជាជនជាតិដែលមានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាជនជាតិអណាក់ដែរ
11អ្នកផ្សេងទៀតចាត់ទុកពួកនោះជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថា ជនជាតិអេមីម។
12ពីមុន ជនជាតិហូរីក៏រស់នៅក្នុងតំបន់ភ្នំសៀរដែរ ប៉ុន្តែ កូនចៅរបស់លោកអេសាវបានទទួលេជ័យជម្នះលើពួកគេ។ ពួកគេបំផ្លាញជនជាតិហូរីចេញពីមុខពួកគេ ហើយបានរស់នៅទីកន្លែងរបស់ពួកគេ ដូចជាអ៊ីស្រាអែលបានធ្វើ ក្នុងទឹកដី ដែលព្រះអម្ចាស់បានប្រគល់ដល់ពួកគេដែរ)។
13«ឥឡូវនេះ ចូរក្រោកឡើង ហើយទៅឆ្លងកាត់ជ្រោះសេរេដចុះ»។ ដូច្នេះ យើងក៏បានទៅឆ្លងកាត់ជ្រោះសេរេដទៅ។
14ឥឡូវ ចាប់ពីថ្ងៃដែលពួកយើងបានធ្វើដំណើរពីកាដេស បារនារហូតដល់យើងឆ្លងកាត់ជ្រោះសេរេដ គឺមានរយៈពេលសាមសិបប្រាំបីឆ្នាំហើយ។ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសង្គ្រាមនៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចព្រះអម្ចាស់បានស្បថនឹងពួកគេ។
15ម៉្យាងវិញទៀត ព្រះហស្តរបស់ ព្រះអម្ចាស់ទាល់ប្រឆាំងនឹងមនុស្សជំនាន់នោះ ដើម្បីបំផ្លាញពួកគេចេញជំរំ រហូតដល់គេវិនាសអស់។
16ការនេះបានកើតឡើងនៅពេលដែលមានអាយុពេញវ័យធ្វើសង្គ្រាម ហើយបានស្លាប់បាត់អស់ចេញពីក្នុងចំណោមប្រជាជន
17នោះ ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
18«ថ្ងៃនេះ អ្នកបានត្រូវឆ្លងកាត់ក្រុងអើរ ជាព្រំប្រទល់ទឹកដីម៉ូអាប់ហើយ។
19នៅពេលអ្នករាល់គ្នាធ្វើដំណើរជិតដល់ទឹកដីរបស់ប្រជាជនអាំម៉ូន នោះកុំបង្កបញ្ហា ឬប្រយុទ្ធនឹងពួកគេឡើយ ដ្បិត យើងនឹងមិនឲ្យទឹកដីរបស់ពួកគេធ្វើជាកម្មសិទ្ធិរបស់អ្នករាល់គ្នាទេ ព្រោះយើងបានប្រគល់ទឹកដីនេះ ឲ្យទៅកូនចៅរបស់លោកឡុត ធ្វើជាកម្មសិទ្ធិរួចហើយ»។
20(ទឹកដីនោះ ក៏ចាត់ទុកជាទឹកដីរបស់ពួកជនជាតិរេផែមដែរ។ ជនជាតិរេផែមធ្លាប់បានរស់នៅលើទឹកដី ប៉ុន្តែ ជនជាតិអាំម៉ូនហៅគេថាជាជនជាតិសាំស៊ូមីម
21ជាប្រជាជនមួយដែលខ្លាំងពូកែ មានគ្នាច្រើន ហើយមានមាឌខ្ពស់ៗដូចជា ជនជាតិអណាក់។ ប៉ុន្តែ ព្រះអម្ចាស់បានបំផ្លាញពួកគេនៅពីមុខប្រជាជនអាំម៉ូន ពួកគេ ទទួលបានជ័យជម្នះ ហើយបានរស់នៅទីនោះទៅ។
22ព្រះអម្ចាស់ក៏បានធ្វើការដល់ប្រជាជនរបស់លោកអេសាវដែរ ជាអ្នកដែលរស់នៅតំបន់ភ្នំសៀរ នៅពេលដែលព្រះអង្គបានបំផ្លាញប្រជាជនហូរី ចេញពីមុខរបស់ពួកគេ ហើយកូនចៅរបស់លោកអេសាវក៏ទទួលបានជ័យជម្នះ ក្រោយមកពួកគេបានរស់នៅលើទឹកដីនោះ រហូតមកដល់ថ្ងៃនេះ។
23ឯជនជាតិអារីមដែលរស់នៅក្នុងភូមិនានា រហូតដល់កាសា ជនជាតិកាប់ថោរ ដែលចេញមកពីទឹកដីកាប់ថោរ បានបំផ្លាញពួកគេ និងតាំងទីលំនៅក្នុងទឹកដីនោះទៅ)។
24ឥឡូវនេះ ចូរក្រោកឡើង ហើយបន្តដំណើររបស់អ្នករាល់គ្នាទៅមុខទៀត ត្រូវដើរកាត់ស្ទឹងអើណូន មើល៍ យើងបានប្រគល់ទឹកដីនោះទៅក្នុងដៃរបស់អ្នករាល់គ្នាហើយ ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែលពូន ព្រមទាំងទឹកដីរបស់គេផង។ ចូរចាប់ផ្តើមកាន់កាប់ទឹកដីនោះទៅ ហើយប្រយុទ្ធជាមួយពួកគេក្នុងសង្គ្រាម។
25នៅថ្ងៃនេះយើងនឹងចាប់ផ្ដើមឲ្យជនជាតិនៅក្រោមមេឃទាំងមូលភ័យខ្លាច និងកោតខ្លាចចំពោះអ្នករាល់គ្នា ហើយពួកគេនឹងឮអំពីអ្នករាល់គ្នា ហើយគេនឹងភ័យខ្លាច ព្រមទាំងមានចិត្តព្រួយបារម្ភចំពោះអ្នករាល់គ្នាផង។
26ខ្ញុំបានចាត់អ្នកនាំសារមកពីទីរហោស្ថានកេ្ដម៉ូតឲ្យទៅជួបព្រះបាទស៊ីហុន ជាសេ្ដចក្រុងហែលបូន ជាមួយនឹងពាក្យសនិ្តភាព ដោយនិយាយថា៖
27«សូមអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ទឹកដីរបស់អ្នកផង យើងខ្ញុំនឹងធ្វើដំណើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំនឹងមិនងាកខាងស្ដាំ ឬទៅខាងឆ្វេងនោះទេ។
28ប្រសិនបើ ព្រះករុណាផ្ដល់អាហារ និងទឹកដោយគិតប្រាក់នោះយើងខ្ញុំនឹងបង់ប្រាក់ថា្វយ គ្រាន់តែអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ទឹកដីរបស់ព្រះករុណាប៉ុណ្ណោះ
29ដូចជាកូនចៅរបស់លោកអេសាវ ជាអ្នកដែលរស់នៅក្នុងតំបន់ភ្នំសៀរ និងដូចជាជនជាតិម៉ូអាប់ ជាអ្នកដែលរស់នៅក្រុងអើរ បានអនុញ្ញាតឲ្យយើងដែរ រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ទៅដល់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំប្រគល់ឲ្យយើងខ្ញុំផង។
30ប៉ុន្តែ ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែលបូនមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ទឹកដីរបស់ព្រះអង្គទេ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើឲ្យគំនិតរបស់ស្ដេចមានះ និងចិត្តរឹងចចេស ដើម្បីប្រគល់គេមកឲ្យអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានឃើញថ្ងៃនេះ។
31ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «មើល៍ យើងបានចាប់ផ្ដើមប្រគល់ស្ដេចស៊ីហុន និងទឹកដីរបស់គេដាក់នៅមុខអ្នកហើយ ចុូរចាប់ផ្ដើមកាន់កាប់ទឹកដីនេះ ទុកជាមរតកចុះ»។
32បន្ទាប់មក ស្ដេចស៊ីហុនចេញមកប្រឆាំងនឹងពួកយើង ហើយស្ដេច និងប្រជាជនរបស់ស្តេចទាំងអស់មកប្រយុទ្ធនៅត្រង់យ៉ាហាស់។
33ព្រះអម្ចាស់ជាព្រះរបស់យើងបានប្រគល់សេ្ដចមកក្នុងកណ្តាប់ដៃរបស់យើង ហើយយើងបានយកឈ្នះលើស្តេច យើងបានដេញប្រហារសម្លប់ស្តេចរហូតដល់ទ្រង់សុគត ទាំងបុត្រធីតា និងប្រជាជនរបស់ស្តេចទាំងអស់ផង។
34យើងបានចាប់យកក្រុងរបស់ស្ដេចទាំងអស់នៅពេលនោះ ហើយបានបំផ្លាញគ្រប់ក្រុងទាំងអស់ ព្រមទាំងមនុស្សប្រុសស្រី និងក្មេងតូចៗ យើងមិនបានទុកអ្នកណាម្នាក់ឲ្យរួចជីវិតឡើយ។
35យើងយកតែហ្វូងសត្វទុកសម្រាប់ខ្លួន ជារបស់ដែលយើងដណ្ដើមយកបាន ពីក្រុងនានាដែលយើងចាប់បាន។
36ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងផ្សេងៗនៅក្នុងជ្រងលងភ្នំរហូតដល់កាឡូដ គ្មានក្រុងមួយណាខ្ពស់ជាងយើងទេ។ ព្រះអម្ចាស់ជាព្រះរបស់យើងបានប្រទានជ័យជម្នះដល់យើង លើគ្រប់សត្រូវទាំងអស់ដែលនៅមុខយើង។
37លើកលែងតែទឹកដីរបស់កូនចៅរបស់ជនជាតិអាំម៉ូនទេ ដែលយើងមិនទៅដល់ ព្រមទាំងក្រុងប៉ុន្មានដែលនៅតាមមាត់ស្ទឹងយ៉ាកុប និងក្រុងនៅតាមតំបន់ភ្នំ ហើយគ្រប់កន្លែងណាដែលព្រះអម្ចាស់ជាព្រះរបស់យើងបានហាមឃាត់ពួកយើងមិនឲ្យទៅ។