ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 28

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិន​បើ​ អ្នករាល់គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយកាន់ និងប្រព្រឹត្តតាមបទបញ្ជា ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះព្រអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងលើកអ្នករាល់គ្នាខ្ពស់ឡើងលើសអស់ទាំងប្រជាជាតិនៅលើផែនដី។
2ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នករាល់គ្នា ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមព្រះបន្ទូលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
3ព្រអង្គនឹងប្រទានពរដល់អ្នករាល់គ្នានៅតាមទីក្រុង ហើយនឹងមានពរនៅតាមស្រែចម្ការ។
4ព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានកូនចៅច្រើន ហើយឲ្យដីរបស់អ្នករាល់គ្នាកើតភោគផលច្រើនហូរហៀរ ហើយហ្វូងសត្វរបស់អ្នករាល់គ្នាគឺគោ និងចៀមក៏កើនចំនួនឡើងជាច្រើនដែរ។
5ព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានផ្លែឈើពេញកន្រ្តក់ និងមានស្រូវពេញជង្រុក។
6ព្រះអង្គនឹងប្រទានពរក្នុងកាលដែលអ្នករាល់គ្នាចូលមក ហើយនឹងមានពរក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
7ព្រះអម្ចាស់នឹងធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នករាល់គ្នា ហើយត្រូវចុះចាញ់នៅមុខអ្នករាល់គ្នា គេនឹងចេញមកទាស់នឹងអ្នករាល់គ្នានៅតាមផ្លូវតែមួយ ប៉ុន្តែ ពួកគេនឹងរត់នៅមុខអ្នករាល់គ្នា នៅតាមផ្លូវប្រាំពីរ។
8ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នាឲ្យមានស្រូវពេញជង្រុក និងប្រទានពរក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាបានធ្វើ ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នា ក្នុងទឹកដីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា។
9ព្រះអម្ចាស់នឹងធ្វើឲ្យអ្នករាល់គ្នាទៅជាប្រជារាស្រ្តដ៏វិសុទ្ធ ដូចដែលព្រះអង្គបានសន្យានឹងអ្នករាល់គ្នា ប្រសិនបើ អ្នករាល់គ្នាប្រតិបត្តិតាមអស់ទាំងបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមផ្លូវរបស់ព្រះអង្គ។
10ពេលនោះ គ្រប់ទាំងមនុស្សដែលនៅលើផែនដីនឹងឃើញថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នករាល់គ្នា។
11ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងចម្រើនឲ្យអ្នករាល់គ្នាមានជាបរិបូរឡើង មានកូនចៅជាច្រើន និងហ្វូងសត្វរបស់អ្នករាល់គ្នាក៏កើនចំនួនច្រើនឡើង ហើយកធ្វើឲ្យអ្នករាល់គ្នាទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអម្ចាស់ បានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា នឹងប្រទានឲ្យដល់អ្នករាល់គ្នា។
12ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ចុះមកស្រោចស្រពទឹកដីរបស់អ្នករាល់គ្នា តាមរដូវកាល ហើយប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នានឹងឲ្យប្រជាជាតិជាច្រើនខ្ចី តែអ្នករាល់គ្នានឹងមិនខ្ចីពីគេឡើយ។
13ព្រះអម្ចាស់ នឹងធ្វើឲ្យអ្នករាល់គ្នាបានថ្តុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នករាល់គ្នានឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ដោយប្រុងប្រយ័ត្ន និងប្រតិបត្តិតាម
14មិនត្រូវងាកទៅឆ្វេង ឬទៅស្តាំ ចេញពីព្រះបន្ទូលណាមួយ ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ហើយបែរទៅតាមព្រះដទៃ និងគោរពថ្វាយបង្គំព្រះដ៏ទៃទៀតឡើយ។
15ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយមិនកាន់នឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះទេ នោះអស់ទាំងបណ្តាសានេះ និងធ្លាក់មកលើអ្នករាល់គ្នាហើយនៅតាមអ្នករាល់គ្នាជាប់។
16អ្នករាល់គ្នានឹងត្រូវបណ្តាសានៅតាមទីក្រុង ហើយនឹងត្រូវបណ្តាសានៅតាមស្រែចម្ការ។
17អ្នករាល់គ្នានឹងត្រូវបណ្តាសាដោយគ្មានផ្លែឈើនៅក្នុងល្អី និងគ្មានស្រូវនៅក្នុងជង្រុក។
18អ្នករាល់គ្នានឹងត្រូវបណ្តាសាដោយគ្មានកូនចៅ ដីរបស់អ្នករាល់គ្នានឹងមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាក៏មិនកើនចំនួនដែរ។
19អ្នករាល់គ្នានឹងត្រូវបណ្តាសាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
20ព្រះអម្ចាស់នឹងដាក់បណ្តាសាអ្នករាល់គ្នាឲ្យជួបប្រទះទុក្ខវេទនា និងសេចក្តីថប់ព្រួយមកលើអ្នករាល់គ្នា ហើយអ្វីៗដែលអ្នករាល់គ្នាធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នករាល់គ្នាត្រូវវិនាសសូន្យ ដោយព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដែលអ្នកបានបោះបង់ចោលព្រះអង្គ។
21ព្រះអង្គនឹងធ្វើឲ្យមានគ្រោះកាចកើតឡើងដល់អ្នករាល់គ្នារហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
22ព្រះអម្ចាស់នឹងប្រហារអ្នករាល់គ្នាដោយជំងឺរាតត្បាត ជំងឺគ្រុនក្តៅ​ កើតពិស និងកើតមានការរាំងស្ងួតស្រូវស្កក ហើយមានក្រាស៊ី ទុក្ខវេទនានេះនឹងកើតមានដល់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាស។
23មេឃដែលនៅលើពីអ្នករាល់គ្នានឹងក្តៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នករាល់គ្នានឹងរឹងដូចដែក។
24ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ​ មកលើទឹកដីរបស់អ្នករាល់គ្នាជំនួសភ្លៀង រហូតទាល់តែអ្នករាល់គ្នាវិនាស។
25ព្រះអម្ចាស់នឹងធ្វើឲ្យអ្នករាល់គ្នាបាន់ទ័ព រត់នៅមុខខ្មាំងសត្រូវ​ អ្នករាល់គ្នានឹងចេញទៅទាស់នឹងគេតាផ្លួវតែមួយ​ តែអ្នករាល់គ្នានឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។​ ហើយនរគទាំងប៉ុន្មានដែលនៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាភ័យខ្លាច។
26សាកសពរបស់អ្នករាល់គ្នានឹងក្លាយទៅជាចំណីដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
27ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាដោយបូស ដែលកើតនៅក្នុងទឹកដីអេស៊ីប ដោយរោគប្ញដូងបាត កមរមាស់ ដែលមិនអាចមើលជាឡើយ។
28ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាឲ្យវង្វេងស្មារតី ឲ្យពិការភ្នែក ហើយនឹងវិកលចរិត។
29អ្នករាល់គ្នានឹងដើរស្ទាបនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបរាវរកផ្លូវនៅទីងងឹត ហើយអ្នករាល់គ្នាមិនអាចសម្រេចតាមផែនការដែលអ្នករាល់គ្នារៀបចំឡើយ អ្នករាល់គ្នានឹងត្រូវគេជិះជាន់ ឬរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា រៀងរាល់ថ្ងៃ ហើយគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។
30ពេលអ្នករាល់គ្នាមានគូរដណ្តឹង តែនឹងមានបុរសម្នាក់ទៀតរួមដំណេកជាមួយនាង។ អ្នករាល់គ្នានឹងសង់ផ្ទះ តែអ្នកដែលមិនបានសង់នឹងបានរស់នៅក្នុងផ្ទះនោះវិញ ពេលអ្នករាល់គ្នាដាំផ្លែទំពាំងបាយជូរ តែអ្នករាល់គ្នាមិនបានបរិភោគផលឡើយ។​
31គេនឹងសម្លាប់គោរបស់អ្នករាល់គ្នា នៅចំពោះមុខអ្នករាល់គ្នា តែអ្នកមិនបានបរិភោគសាច់ឡើយ គេនឹងរឹបអូសយកលារបស់អ្នករាល់គ្នា នៅចំពោះមុខអ្នករាល់គ្នា តែគេមិនបានប្រគល់មកអ្នករាល់គ្នាវិញឡើយ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នករាល់គ្នា ទៅខ្មាំងសត្រូវ តែគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។
32គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាឲ្យទៅសាសន៍ដទៃ ហើយអ្នករាល់គ្នានឹងទន្ទឹងរង់ចាំគេត្រឡប់មកវិញ រហូតដល់ស្រវាំងភ្នែក តែអ្នករាល់គ្នាមិនអាចសម្រេចដូចប្រាថា្នឡើយ។
33ប្រជាជាតិមួយដែលអ្នករាល់គ្នាមិនស្គាល់​ ហើយគេនឹងបរិភោគដំណាំដោយដុះចេញពីដីរបស់អ្នករាល់គ្នា គឺភោគផលទាំងប៉ុន្មានដែលអ្នករាល់គ្នាខំប្រឹងធ្វើដោយនឿយហត់ ហើយអ្នករាល់គ្នានឹងត្រូវគេសង្កត់សង្កិន និងជិះជាន់ជារៀងរាល់ថ្ងៃ
34ដើម្បីឲ្យអ្នករាល់គ្នាឃើញនឹងភ្នែក​ ដល់ម្លេះបានជាអ្នករាល់គ្នាវង្វេងស្មារតី។
35ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាឲ្យកើតដំបៅរីកនៅក្បាលជង្គង់ នៅត្រង់ជើង ហើយអ្នករាល់គ្នាមិនអាចមើលជាបានឡើយ ចាប់ពីបាតជើងរហូតដល់ក្បាល។
36ព្រះអម្ចាស់នឹងនាំអ្នករាល់គ្នា ស្តេចដែលអ្នករាល់គ្នាតាំងឡើងឲ្យសោយរាជ្យលើអ្នករាល់គ្នា ទៅកាន់សាសន៍មួយ ដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាមិនដែលបានស្គាល់ នៅទឹកដីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ដែលគេធ្វើពីឈើ និងពីថ្ម។
37អ្នករាល់គ្នានឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នករាល់គ្នាទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នា ក្នុងចំណោមអស់ទាំងមនុស្សដែលព្រះអម្ចាស់នាំអ្នករាល់គ្នាចេញ។
38អ្នករាល់គ្នានឹងនាំយកគ្រាប់ពូជជាច្រើននៅព្រោះក្នុងស្រែរបស់អ្នករាល់គ្នា តែអ្នករាល់គ្នានឹងច្រូតបានផលបន្តិចបន្តួច នឹងមានកណ្តូបស៊ីបំផ្លាញអស់។
39អ្នករាល់គ្នានឹងដាំទំពាំងបាយជូរនៅក្នុងស្រែចម្ការ ហើយខំមើលថែទាំ ប៉ុន្តែ អ្នករាល់គ្នាមិនអាចបេះផ្លែ ឬផឹកស្រាទំពាំងបាយជូរឡើយ ដ្បិត មានដង្កូវស៊ីផ្លែទំពាំងបាយជូរនោះអស់។
40អ្នករាល់គ្នានឹងមានដើមអូលីវ នៅពាសពេញទឹកដីរបស់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នានឹងមិនប្រេងសម្រាប់លាបខ្លួនឡើយ ដ្បិត ផ្លែអូលីវនឹងជ្រុះអស់។
41អ្នករាល់គ្នានឹងបង្កើតបានកូនប្រុសកូនស្រី តែពួកគេមិនបានរស់នៅជាមួយអ្នករាល់គ្នាឡើយ ព្រោះខ្មាំងសត្រូវនឹងនាំពួកគេទៅជាឈ្លើយ។
42អស់ទាំងដើមឈើ និងផលផ្លែដែលកើតពីដីរបស់អ្នករាល់គ្នា នោះនឹងត្រូវសត្វកណ្តូបស៊ីបង្ហិនអស់។
43ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នានឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចុះឱនថយកាន់តែទាបទៅៗ។
44គេនឹងឲ្យអ្នករាល់គ្នាខ្ចី តែអ្នករាល់គ្នាមិនបានឲ្យគេខ្ចីទេ គេនឹងបានខ្ពង់ខ្ពស់បំផុត ហើយអ្នករាល់គ្នាវិញអន់ជាងគេបំផុត។
45បណ្តាសាទាំងនេះនឹងធ្លាក់មកលើអ្នករាល់គ្នា ហើយនឹងនៅជាប់ជាមួយអ្នករាល់គ្នាជានិច្ច រហូតទាល់តែអ្នករាល់គ្នាវិនាស។ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាមិនបានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នកឡើយ។
46បណ្តាសាទាំងនេះនឹងនៅជាប់ជាមួយអ្នករាល់គ្នា និងលើពូជពង្សរបស់អ្នករាល់គ្នាជាទីសម្គាល់ និងការអស្ចារ្យរហូតតទៅ។
47នៅពេលអ្វីៗទាំងអស់ដែលសម្បូរសប្បាយ ដោយព្រោះអ្នករាល់គ្នាមិនបានគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តអរសប្បាយ និងដោយស្មោះអស់ពីចិត្តឡើយ
48ហេតុនេះ អ្នករាល់គ្នានឹងត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់នឹងចាត់ឲ្យមកទាស់នឹងអ្នករាល់គ្នា គឺអ្នករាល់គ្នានឹងបម្រើគេទាំងស្រេកឃ្លាន​ ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងដាក់នឹមដែកនៅលើកអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសសូន្យ។
49ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ គឺពីចុងផែនដីមក ដូចជាសត្វឥន្ទ្រីហើរ មកប្រហារអ្នករាល់គ្នា ហើយអ្នករាល់គ្នាស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ
50ពួកគេមានទឹកមុខសាហាវ​ ហើយមិនគោរពចាស់ទុំ​ ហើយក៏គ្មានចិត្តមេត្តាដល់កូនក្មេងដែរ។
51ពួកគេនឹងបរិភោគសត្វ និងភោគផលដែលកើតមកពីដីរបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសអស់។ ពួកគេមិនទុកឲ្យអ្នករាល់គ្នាមានស្រូវ ឬស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀមឲ្យនៅសល់សម្រាប់អ្នកឡើយ រហូតទាស់តែគេធ្វើឲ្យអ្នករាល់គ្នាវិនាស។
52ពួកគេនឹងឡោមព័ទ្ធទីក្រុងរបស់អ្នករាល់គ្នាទាំងអស់ដែលអ្នករាល់គ្នារស់នៅ ពួកគេនឹងរលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងទឹកដីរបស់អ្នករាល់គ្នា ដែលកំពែងជាទីទុកចិត្តរបស់អ្នករាល់គ្នា។ គេនឹងឡោមព័ទ្ធទាំងអស់នៅក្នុងទីក្រុងរបស់អ្នករាល់គ្នា ពាសពេញក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នា។
53ក្នុងពេលសត្រូវឡោមព័ទ្ធ​អ្នកជុំវិញ អ្នករាល់គ្នានឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។
54បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តស្លូតបូតក្នុងចំណោមអ្នករាល់គ្នា​ អ្នកនោះបែរជាសម្លក់សម្លឹង បងប្អូន និងប្រពន្ធជាទីស្រឡាញ់របស់អ្នករាល់គ្នា និងកូនរបស់ខ្លួនដែលនៅសេសសល់។
55ដូច្នេះ គេមិនព្រមចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យនរណាម្នាក់ឡើយ ដ្បិត គ្មានអ្វីនៅសេសសល់ ពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នករាល់គ្នា និងគ្រាដែលអ្អ្នករាល់គ្នាជួបការលំបាក រងទុក្ខវេទនាជាខ្លាំង។
56ស្រ្តីណាដែលទន់ភ្លន់ស្លូតបូតហើយមានចិត្តមេត្តាក្នុងចំណោមអ្នករាល់គ្នា ជាស្រ្តីដែលមិនហ៊ានយកជើងជាន់នឹងដីផងនោះ ដោយព្រោះនាងទន់ភ្លន់ និងថ្នមខ្លួន នោះបែជាសម្លក់សម្លឹងប្តីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន
57ហើយទារកដែលទើបនឹងចេញពីផ្ទៃរបស់នាង ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង ដោយព្រោះខ្វះខាត ក្នុងគ្រាដែលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក ក្នុងគ្រាដែលរងទុក្ខវេទនាយ៉ាងខ្លាំង។
58ប្រសិនបើ អ្នករាល់គ្នាមិនកាន់តាមព្រះបន្ទូលទាំងប៉ុន្មានក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យអ្នករាល់គ្នាកោតខ្លាចព្រះនាមដ៏រុងរឿង និងគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទេ
59នោះ ព្រះអម្ចាស់នឹងប្រហារអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា ដោយសម្តែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺធ្ងន់ៗ ដែលមិនអាចមើលជាបាន។
60ព្រះអង្គនឹងធ្វើឲ្យកើតមានជំងឺផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ដែលអ្នករាល់គ្នាភ័យខ្លាចនោះ​ ហើយជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នករាល់គ្នា។
61ព្រះអម្ចាស់នឹងទម្លាក់គ្រប់ទាំងជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ រហូតទាល់តែវិនាស។
62ទោះពីដើមអ្នករាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃ និងក្លាយទៅជាប្រជាជនមួយដ៏តូច ដោយព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
63ព្រះអម្ចាស់សព្វព្រះហប្ញទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្តីល្អ ហើយឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា នោះព្រះអង្គក៏សព្វព្រះហប្ញទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស​ ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ​។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីទឹកដី ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
64ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជនទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នករាល់គ្នា និងដូចតារបស់អ្នករាល់គ្នាមិនដែលស្គាល់ គឺព្រះធ្វើពីឈើ និងថ្ម។
65ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នករាល់គ្នានឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នករាល់គ្នាសម្រាកដែរ ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នករាល់គ្នាញ័ររន្ធត់ ធ្វើឲ្យភ្នែករបស់អ្នករាល់គ្នាស្រវាំង ហើយធ្វើឲ្យព្រលឹងរបស់អ្នករាល់គ្នាទុក្ខព្រួយលំបាក។
66ជីវិតរបស់អ្នករាល់គ្នានឹងគ្មានទីកំណត់នៅចំពោះមុខអ្នករាល់គ្នា​ អ្នករាល់គ្នាភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយគ្មានសង្ឈឹមនឹងរស់នៅទៀតឡើយ។
67នៅពេលព្រឹក អ្នករាល់គ្នានឹងពោលថា​ សូមឲ្យល្ងាចឆាប់មកដល់! ហើយដល់ពេលល្ងាច នោះអ្នករាល់គ្នាពោលថា សូមឲ្យព្រឹកឆាប់មកដល់! ព្រោះតែក្នុងចិត្តរបស់អ្នករាល់គ្នាភ័យខ្លាច ដោយព្រោះហេតុការណ៍ដែលអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក បណ្តាលឲ្យអ្នករាល់គ្នាភ័យខ្លាច។
68ព្រះអម្ចាស់នឹងនាំអ្នករាល់គ្នា ចូលទៅក្នុងទឹកដីអេស៊ីបវិញតាមនាវា នៅតាមផ្លូវដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងមិនបានឃើញផ្លូវនោះទៀតឡើយ។ នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនឲ្យទៅខ្មាំងសត្រូវ ដើម្បីធ្វើជា បាវបម្រើប្រុសស្រីរបស់គេ តែគ្មាននរណាទិញអ្នករាល់គ្នាឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។