1លោកម៉ូសេ និងពួកចាស់ទុំនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនថា៖ «ចូរកាន់តាមបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នានៅថ្ងៃនេះ។
2នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័ដាន់ ចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ ចូរបញ្ឈរថ្មធំៗឡើង ហើយលាបកំបោរពណ៌ស។
3ចូរចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលដែលអ្នករាល់គ្នាឆ្លងចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ គឺជាទឹកដីដែលសម្បូរសប្បាយ ដូចដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានសន្យានឹងអ្នករាល់គ្នា។
4ពេលណាដែលអ្នករាល់គ្នាបានឆ្លងទន្លេយ័ដាន់រួចហើយ ចូរបញ្ឍរថ្មដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។
5បន្ទាប់មក អ្នករាល់គ្នាត្រូវសង់អាសនៈមួយដើម្បីថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជាអាសនៈដែលធ្វើពីថ្ម ប៉ុន្តែ មិនត្រូវយកដែលពន្លាកទៅដាប់ថ្មនោះឡើយ។
6ត្រូវសង់អាសនៈមួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺជាថ្មដែលមិនទាន់ដាប់ ហើយថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា
7ត្រូវថ្វាយយញ្ញបូជាជាតង្វាយមេត្រី ហើយត្រូវបរិភោគនៅកន្លែងនោះ ហើយត្រូវអរសប្បាយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ នៅលើថ្មឲ្យច្បាស់ៗ»។
9បន្ទាប់មក លោកម៉ូសេ ពួកបូជាចារ្យ និងពួកលេវី បានថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «ឱអ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្តាប់ចុះ ថ្ងៃនេះអ្នករាល់គ្នាបានក្លាយទៅជាប្រជារាស្រ្តរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
10ដូច្នេះ ត្រូវតែស្តាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
11លោកម៉ូសេបានបង្គាប់ប្រជាជន នៅថ្ងៃដដែលនោះថា៖
12«អំបូរទាំងនោះត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរដល់ប្រជាជន បន្ទាប់ពីពួកគេបានឆ្លងទន្លេយ័ដាន់រួចហើយ គឺកុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីុសាខារ យ៉ូសែប និងបេនយ៉ាមីន។
13ក៏មានអំបូរដែលត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្តាសា គឺមានកុលសម្ព័ន្ធរូបេន កាដ អេស៊ីរ សាប់យូឡូន ដាន់ និងណែបថាលី។
14បន្ទាប់មក ពួកលេវីត្រូវប្រកាសយ៉ាងខ្លាំង ប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់គ្នាថា
15ត្រូវដាក់បណ្តាសាអ្នកណាដែលឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ ហើយយករូបដែលជាស្នាដៃរបស់មនុស្ស រួចយកទៅដាក់នៅកន្លែងសម្ងាត់ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
16ត្រូវបណ្តាសាហើយ អ្នកណាដែលប្រមាថមើលងាយឪពុកម្តាយរបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
17ត្រូវបណ្តាសាហើយ អ្នកណាដែលបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីរបស់អ្នកជិតខាងខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
18ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ។ នោះប្រជានជទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
19ត្រូវបណ្តាសាហើយ អ្នកណាដែលរំលោភបំពានសេចក្តីយុត្តិធម៌ លើជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
20ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ព្រោះគេបានប្រមាថកិត្តិយសរបស់ឪពុកខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
21ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយសត្វណាមួយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
22ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយបងប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
23ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
24ត្រូវបណ្តាសាហើយ អ្នកណាដែលលួចប្រហារជីវិតអ្នកជិតខាងរបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
25ត្រូវបណ្តាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីសម្លាប់ជនស្លូតត្រង់។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
26ត្រូវបណ្តាសាហើយ អ្នកណាដែលមិនគោរពសេចក្តីដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រព្រឹត្តតាម។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។