1កាលណា អ្នករាល់គ្នាបានចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យអ្នករាល់គ្នាជាមរតក ព្រមទាំងកាន់កាប់ទឹកដី ហើយនិងរស់នៅក្នុងទឹកដីនោះ
2នោះត្រូវយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។ រួចដាក់នៅក្នុងកញ្ជើមួយ ហើយនាំយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
3អ្នករាល់គ្នាត្រូវទៅជួបពួកបូជាចារ្យដែលនៅបំពេញមុខងារនៅទីនោះ ហើយជម្រាបលោកថា នៅថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់លោកថា ខ្ញុំបាទបានមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់យើងថា នឹងឲ្យមកយើងខ្ញុំហើយ។
4ពេលនោះ ពួកបូជាចារ្យនឹងទទួលកញ្ជើពីដៃរបស់អ្នករាល់គ្នាយកទៅដាក់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5ពេលនោះ ត្រូវទូលនៅចំពោះព្រអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាថា បុព្វបុរសរបស់ខ្ញុំបាទគឺជនជាតិអើរ៉ាម។ លោកបានទៅស្នាក់នៅក្នុងទឹកដីអេស៊ីប ហើយមានគ្នាមួយចំនួនត្រូវនៅជាមួយលោក។ នៅទីនោះ លោកបានក្លាយជាប្រជាជាតិមួយក៏ធំខ្លាំងពូកែ ហើយមានគ្នាជាច្រើន។
6ជនជាតិអេស៊ីបបានធ្វើបាន និងជិះជាន់យើងខ្ញុំ។ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។
7ពេលនោះ យើងខ្ញុំបានស្រែកទូលអង្វរទៅព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ហើយព្រះអម្ចាស់ ព្រះសណ្តាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញពីការទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេជិះជាន់ដល់យើងខ្ញុំ។
8ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីទឹកដីអេស៊ីប ដោយព្រះហស្តដ៏ខ្លាំងពូកែ និងតេជានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គសម្តែងមហិទិ្ធប្ញទ្ធិគួរឲ្យស្ញែងខ្លាច ទីសម្គាល់ និងការអស្ចារ្យផ្សេងៗ
9ព្រះអង្គបាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានទឹកដីដ៏សម្បូរសប្បាយឲ្យយើងខ្ញុំ។
10ឥឡូវនេះ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយផលដំបូងពីដីដែលព្រះអង្គបានប្រទានមកទូលបង្គំ។ អ្នករាល់គ្នាត្រូវដាក់តង្វាយនោះចុះនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយក្រោបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
11បន្ទាប់មក ត្រូវជប់លៀងយ៉ាងអរសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នករាល់គ្នា និងគ្រួសាររបស់អ្នករាល់គ្នា។
12កាលណា អ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ពីការប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា នៅឆ្នាំទីបី គឺជាឆ្នាំដែលថ្វាយមួយភាគដប់ទុកដោយឡែក ហើយត្រូវប្រគល់តង្វាយនោះឲ្យទៅពួកលេវី ជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ ដើម្បីឲ្យពួកគេបានអាហារបរិភោគឆ្អែតបរិបូរនៅក្នុងក្រុងរបស់អ្នករាល់គ្នា។
13ពេលនោះ អ្នករាល់គ្នាត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាថា ទូលបង្គំបាននាំយកតង្វាយទាំងអស់ ចេញពីផ្ទះរបស់ទូលបង្គំមក ហើយបានប្រគល់ឲ្យទៅពួកលេវី ជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ តាមបទបញ្ជាទាំងប៉ុន្មានដែលព្រះអង្គបង្គាប់មកទូលបង្គំ។ ទូលបង្គំមិនបានបំពានបទបញ្ជាណាមួយរបស់ព្រះអង្គ ឬភ្លេចបទបញ្ជារបស់ព្រះអង្គឡើយ។
14ទូលបង្គំមិនបានបរិភោគតង្វាយមួយភាគដប់ ក្នុងពេលដែលទូលបង្គំកាន់ទុក្ខឡើយ ទូលបង្គំមិនបានយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ឬយកអ្វីមួយឲ្យទៅគេ នៅពេលលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ហើយទូលបង្គំបានធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
15សូមព្រះអង្គទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏បរិសុទ្ធ របស់ព្រះអង្គនៅស្ថានសួគ៌ ហើយប្រទានពរដល់អ៊ីស្រាអែល ដែលជាប្រជារាស្រ្តរបស់ព្រះអង្គ និងទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ដូចដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺទឹកដីដ៏សម្បូរសប្បាយនេះ។
16នៅថ្ងៃនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រតិបត្តិតាមច្បាប់ និងបញ្ញតិ្តទាំងនេះ។ ចូរកាន់ និងប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នករាល់គ្នា។
17នៅថ្ងៃនេះ អ្នករាល់គ្នាបានប្រកាសថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមបញ្ញត្តិ គោរពច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ព្រមទាំងស្តាប់បង្គាប់ព្រះអង្គទៀតផង។
18នៅថ្ងៃនេះ ព្រះអម្ចាស់បាប្រកាសថា អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចដែលព្រះអង្គបានសន្យានឹងអ្នករាល់គ្នា ហើយត្រូវឲ្យអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
19ព្រះអង្គនឹងឲ្យអ្នករាល់គ្នាក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយស កេរ្តិ៍ឈ្មោះ ខ្ពស់លើសអស់ទាំងប្រជាជាតិ ដែលព្រះអង្គបានបង្កើតមក ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាប្រជារាស្រ្តដ៏វិសុទ្ធសម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលទុក»។