ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 25

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិនបើ មានមនុស្សទាស់ទែងគ្នា ហើយឡើងទៅតុលាការ​ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ហើយម្នាក់ទៀតមានទោស។
2ប្រសិនបើ អ្នកមានទោសនោះទទួលរំពាត់ នោះចៅក្រមត្រូវឲ្យគាត់ដេកនៅលើដី ហើយឲ្យគេវាយនៅចំពោះមុខលោក ឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។
3ប៉ុន្តែ មិនត្រូវវាយគាត់ឲ្យលើសពីសែសិបរំពាត់ឡើយ ហើយប្រសិនបើគេវាយគាត់លើសពីនោះ ក្រែងលោបងប្អូនរបស់អ្នករាល់គ្នាបាត់បង់កិត្តិយស​ នៅចំពោះមុខអ្នករាល់គ្នា។
4អ្នករាល់គ្នាមិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ។
5ប្រសិនបើ បងប្អូនប្រុសៗរស់នៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ នោះ ប្រពន្ធរបស់អ្នកស្លាប់ មិនអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ផ្ទុយទៅវិញ ប្អូនថ្លៃរបស់នាង ត្រូវយកនាងមកធ្វើជាភរិយា ហើយត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។
6កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះជាកូនរបស់ប្តីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមជនជាតិអ៊ីស្រាអែលឡើយ។
7ប្រសិនបើ អ្នកនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំនៅត្រង់មាត់ទ្វារក្រុង ហើយជម្រាបថា ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្អូនប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គាត់មិនចង់បំពេញកាតព្វកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ។
8ពេលនោះពួកចាស់ទុំរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។​​ ហើយគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេ។
9ពេលនោះ បងថ្លៃត្រូវចូលទៅជិតគាត់ នៅមុខពួកចាស់ទុំ ហើយនាងត្រូវដោះស្អែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់។ ​​​ហើយប្រកាសថា មនុស្សដែលមិនព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួនគឺត្រូវបាក់មុខដូចនេះឯង។
10រួចនៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា ពូជអត់ស្បែកជើង។
11នៅពេលបុរសពីរនាក់កំពុងវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្តីឲ្យរួចពីកណ្តាប់ដៃរបស់អ្នកដែលវាយនោះ ដោយចាប់ទាញកេរ្តិ៍ខ្មាស់របស់បុរសម្នាក់ទៀត​
12នោះត្រូវកាត់ដៃរបស់ស្រ្តីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ។
13ក្នុងថង់របស់អ្នករាល់គ្នាមិនត្រូវមានកូនជញ្ជីងពីខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។
14ក្នុងផ្ទះរបស់អ្នករាល់គ្នាក៏មិនត្រូវមានរង្វាស់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។
15អ្នករាល់គ្នាត្រូវមានកូនជញ្ជីងត្រឹមត្រូវពេញទម្ងន់ និងរង្វាស់ត្រឹមត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានអាយុយឺនយូរ នៅក្នុងទឹកដីដែលព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។
16ដ្បិត អ្នកណាដែលប្រព្រឹត្តដូច្នោះ គឺអស់អ្នកដែលប្រព្រឹត្តមិនទៀងត្រង់ ជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
17ចូរនឹកចាំពីការដែលជនជាតិអាម៉ាឡេក បានប្រព្រឹត្តចំពោះអ្នករាល់គ្នានៅតាមផ្លូវ ក្រោយពេលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប
18ពួកគេបានទាស់នឹងអ្នករាល់គ្នានៅតាមផ្លូវ ហើយពេល អ្នករាល់គ្នាអស់កម្លាំង ហើយល្វើយ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់សោះ។
19ហេុតដូច្នេះ កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានកម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នករាល់គ្នា ហើយបានប្រទានឲ្យអ្នករាល់គ្នាបានសម្រាក នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាបានកាន់កាប់ជាមរតក នោះត្រូវលុបការនឹកចាំរបស់ជនជាតិអាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។