1ពេលណាបុរសម្នាក់រៀបការជាមួយស្រ្តីម្នាក់ ហើយក្រោយមក បែរជាឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ នោះត្រូវសរសេរខិលិតលែងលះ ហើយត្រូវប្រគល់លិខិតនោះឲ្យទៅនាង រួចឲ្យនាងចេញពីផ្ទះទៅចុះ។
2ក្រោយពីនាងបានចាកចេញពីផ្ទះរបស់អ្នករាល់គ្នានោះផុតហើយ នោះនាងអាចរៀបការជាមួយបុរសម្នាក់ទៀត។
3ប្រសិនបើ ប្តីក្រោយឈប់ស្រឡាញ់នាង នោះត្រូវសរសេរលិខិតលែងលះប្រគល់ឲ្យនាង រួចឲ្យនាងចេញពីផ្ទះទៅចុះ ប្រសិនបើ ប្តីទីពីរដែលបានយកនាងធ្វើជាប្រពន្ធនោះស្លាប់ទៅ
4នោះប្តីដើមដែលបានលែងនាង មិនអាចយកនាងធ្វើជាប្រពន្ធវិញឡើយ ហើយត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង ដ្បិត នោះជាទីស្អប់ខ្ពើមចំពោះព្រះអម្ចាស់។ មិនត្រូវធ្វើឲ្យមានអំពើបាបបែបនេះ កើតមាននៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាទុកជាមរតកឡើយ។
5ប្រសិនបើ បុរសណាម្នាក់ទើបនឹងរៀបការថ្មីៗ នោះមិនត្រូវឲ្យបុរសនោះទៅច្បាំងឡើយ ហើយមិនត្រូវដាក់បន្ទុកអ្វីឲ្យគេធ្វើការដែរ ត្រូវឲ្យគេទំនេរនៅផ្ទះរយៈពេលមួយឆ្នាំ ដើម្បីឲ្យគេបានរីករាយជាមួយភរិយាដែលគេបានរៀបការ។
6មិនត្រូវឲ្យនរណាទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ សូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ដ្បិត ធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។
7ប្រសិនបើ ឃើញជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់យកបងប្អូនរបស់ខ្លួន យកទៅធ្វើជាទាសករ ឬយកទៅលក់ អ្នកនោះនឹងត្រូវស្លាប់ ធ្វើដូច្នេះ អ្នករាល់គ្នានឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
8ចូរប្រយ័ត្ន ក្នុងករណីមានរោគឃ្លង់ ចូរប្រយ័ត្ននឹងធ្វើតាមសេចក្តីទាំងប៉ុន្មានរបស់ពួកបូជាចារ្យ លេវីបង្រៀនអ្នករាល់គ្នា ត្រូវធ្វើតាមពាក្យ ដូចដែលខ្ញុំបានបង្គាប់ដល់ពួកបូជាចារ្យទាំងនោះ។
9ចូរនឹកចាំពីសេចក្តីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានធ្វើចំពោះនាងម៉ារាម នៅតាមផ្លូវពេលដែលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប។
10ប្រសិនបើ អ្នករាល់គ្នាឲ្យអ្វីមួយទៅអ្នកជិតខាងខ្ចី នោះមិនត្រូវចូលទៅក្នុងផ្ទះរបស់គេ ដើម្បីយកវត្ថុបញ្ចាំឡើយ។
11អ្នករាល់គ្នាត្រូវឈរចាំនៅខាងក្រៅផ្ទះ ហើយទុកឲ្យអ្នកដែលខ្ចីនោះ យកវត្ថុបញ្ចាំមកឲ្យអ្នកនៅខាងក្រៅវិញ។
12ប្រសិនបើ អ្នកនោះជាអ្នកក្រីក្រ អ្នករាល់គ្នាមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ។
13ពេលថ្ងៃលិច ត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះប្រគល់ឲ្យគេវិញ ដើម្បីឲ្យគេមានអាវដណ្តប់ខ្លួន ហើយគេនឹងឲ្យពរអ្នករាល់គ្នា។ ដ្បិត ប្រព្រឹត្តដូច្នេះ នឹងបានរាប់ជាសេចក្តីសុចរិតដល់អ្នករាល់គ្នា ដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
14អ្នករាល់គ្នាមិនត្រូវជិះជាន់កូនឈ្នួលដែលក្រីក្រ ហើយកម្សត់ទុគ៌តឡើយ ទោះបីអ្នកនោះជាបងប្អូនរបស់អ្នករាល់គ្នា ឬជនបរទេសដែលរស់នៅក្នុងទឹកដីរបស់អ្នករាល់គ្នាក៏ដោយ
15ត្រូវបើកប្រាក់ឈ្នួលឲ្យគេមុនពេលថ្ងៃលិច ដ្បិត គេទាល់ក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ក្រែងលោគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានបាបមិនខាន។
16មិនត្រូវប្រហារជីវិតឪពុក ដោយព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ដោយព្រោះទាសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតម្នាក់ៗ តាមអំពើបាបដែលខ្លួនគេប្រព្រឹត្ត។
17មិនត្រូវរំលោភបំពានលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្រ្តីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
18ផ្ទុយទៅវិញ ត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ធ្វើជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានរំដោះអ្នករាល់គ្នាចេញពីទីនោះមក។ ហេតុនេះហើយ បានជាខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្តីបង្គាប់នេះ។
19ពេលណា អ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាភ្លេចស្រូវមួយកណ្តាប់នៅក្នុងស្រែ នោះមិនត្រូវវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយរើស ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
20ពេលណា អ្នករាល់គ្នាបេះផ្លែពីដើមអូលីវរួចរាល់ហើយ នោះមិនត្រូវវិលទៅបេះផ្លែដែលនៅសល់ម្តងទៀតឡើយ ត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយវិញ។
21ពេលណា អ្នករាល់គ្នាបេះផ្លែទំពាំងបាយជូររួចរាល់ហើយ នោះមិនត្រូវវិលទៅបេះម្តងទៀតឡើយ។ គឺត្រូវទុកផ្លែដែលនៅសល់នោះឲ្យទៅជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយ។
22ត្រូវនឹកចាំថា ពីដើមអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ ហេតុនេះហើយ បានជាខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមដូច្នេះ។