1អ្នកដែលបែកពងលិង្គ ឬត្រូវគេកាត់លិង្គ នោះមិនអាចចូលរួមអង្គប្រជុំរបស់ព្រះអម្ចាស់បានឡើយ។
2កូនដែលកើតឥតខាន់ស្លាមិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានទេ ទោះបីកូនចៅរបស់គេរហូតដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានដែរ។
3ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានទេ ទោះបីកូនចៅរបស់ពួកគេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់ដែរ។
4ព្រោះកាលដែលអ្នកចេញពីទឹកដីអេស៊ីបមក ពួកគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លួវទេ ហើយពួកគេបានជួលលោកបាឡោម ជាកូនរបស់លោកបេអ៊រ មកពីពេថោរ អ្នកស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្តាសាអ្នករាល់គ្នា។
5ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យលោកបាឡោមទេ ផ្ទុយទៅវិញ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្វែបណ្តាសារបស់អ្នករាល់គ្នាឲ្យទៅជាព្រះពរដល់អ្នករាល់គ្នាវិញ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានស្រឡាញ់អ្នករាល់គ្នា។
6ដូច្នេះ អ្នកមិនត្រូវរកសេចក្តីសុខឲ្យគេ ឬភាចម្រុងចម្រើនឲ្យគេឡើយ រហូតអស់មួយរបស់ជីវិត។
7មិនត្រូវស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិត ពួកគេជាបងប្អូនរបស់អ្នករាល់គ្នា ហើយមិនត្រូវស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិត ពីដើមឡើយ អ្នករាល់គ្នាធ្លាប់រស់នៅក្នុងទឹកដីរបស់គេ។
8កូនចៅរបស់ពួកគេនៅជំនាន់ទីបី ដែលកើតពីពូជពួកគេ អាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បាន។
9ពេលណា អ្នករាល់គ្នាទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូររក្សាខ្លួនចេញពីសេចក្តីអាក្រក់។
10ប្រសិនបើ នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនបរិសុទ្ធ ព្រោះតែកើតហេតុអ្វីមួយនៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងជំរំទេ។
11លុះដល់ពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលទៅក្នុងជំរំវិញបាន។
12ត្រូវរៀបចំឲ្យមានកន្លែងមួយនៅក្រៅជំរំ ដែលអ្នករាល់គ្នាអាចចេញទៅបត់ជើងបាន
13ត្រូវមានចបជីកមួយជាប់នឹងខ្លួន ហើយពេលណា អ្នកចេញទៅបត់ជើងនៅខាងក្រៅ នោះត្រូវជីករណ្តៅកប់លាមករបស់អ្នករាល់គ្នា។
14ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាយាងចំកណ្តាលជំរំរបស់អ្នករាល់គ្នា ដើម្បីការពារអ្នករាល់គ្នា ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ ហេតុនេះហើយ ជំរំរបស់អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីដែលស្មោកគ្រោកក្នុងចំណោមអ្នករាល់គ្នា ហើយចាកចេញពីអ្នករាល់គ្នាឡើយ។
15ប្រសិនបើ មានបាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នករាល់គ្នា នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។
16ចូរឲ្យគាត់នៅស្នាក់នៅជាមួយអ្នករាល់គ្នា ក្នុងក្រុមគ្រួសាររបស់អ្នករាល់គ្នា ក្នុងក្រុងណាមួយដែលគេជ្រើសរើស ពេញចិត្តស្នាក់នៅ។ កុំជិះជាន់គេឡើយ។
17មិនត្រូវឲ្យមានស្រីពេស្យាណាមួយ ក្នុងចំណោមកូនស្រីនៃកូនចៅអ៊ីស្រាអែលឡើយ ឬប្រុសពេស្យាណាមួយ ក្នុងចំណោមកូនប្រុសនៃកូនចៅអ៊ីស្រាអែលដែរ។
18មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា ចូលមកក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិត ទាំងពីរមុខនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
19បើបងប្អូនរបស់អ្នករាល់គ្នាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីៗផ្សេងទៀត មិនត្រូវយកការប្រាក់ពីគេឡើយ។
20អ្នករាល់គ្នាអាចយកការប្រាក់ពីជនបរទេសបាន តែមិនត្រូវយកការប្រាក់ពីបងប្អូនរបស់អ្នករាល់គ្នាឡើយ ធ្វើដូច្នេះ ដើម្បីឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នាក្នុងគ្រប់ទាំងកិច្ចការដែលអ្នករាល់គ្នាធ្វើនៅក្នុងទឹកដីដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
21កាលណាអ្នករាល់គ្នាបន់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អំពីរឿងអ្វីមួយ នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នឹងទាបំណន់ពីអ្នករាល់គ្នា ហើយនឹងរាប់ជាបាបដល់អ្នករាល់គ្នាទៀតផង។
22ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនបានបន់ទេ នោះអ្នករាល់គ្នានឹងមិនមានបាបឡើយ។
23សេចក្តីណាដែលចេញពីបបូរមាត់របស់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងធ្វើតាមបំណន់ដែលអ្នករាល់គ្នាបានបន់ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា ជាតង្វាយស្ម័គ្រពីចិត្ត ដែលមាត់របស់អ្នករាល់គ្នាបានសន្យា។
24ប្រសិនបើ អ្នករាល់គ្នាដើរកាត់ក្នុងចម្ការទំពំាងបាយជូររបស់អ្នកជិតខាងរបស់អ្នករាល់គ្នា អ្នករាល់គ្នាអាចបេះផ្លែទំពាំងបាយជូរបរិភោគតាមចិត្ត រហូតដល់ឆ្អែត ប៉ុន្តែ មិនត្រូវបេះដាក់ថង់យកទៅជាមួយឡើយ។
25ពេលណា អ្នករាល់គ្នាដើរកាត់ស្រែរបស់អ្នកជិតខាង អ្នករាល់គ្នាអាចយកដៃបូតគួរស្រូវបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតស្រូវរបស់អ្នកជិតខាងឡើយ។