ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 22

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិនបើ អ្នករាល់គ្នាឃើញគោ ឬចៀមរបស់បងប្អូនរបស់អ្នករាល់គ្នាវង្វេង កុំធ្វើពើដូចជាមិនឃើញនោះឡើយ ត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញកុំខានឡើយ។
2ប្រសិនបើ ម្ចាស់សត្វនោះនៅឆ្ងាយ ហើយអ្នករាល់គ្នាមិនស្គាល់ម្ចាស់ នោះត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នករាល់គ្នា ហើយទុកវានៅជាមួយអ្នករាល់គ្នា រហូតដល់ម្ចាស់វាមកសុំយកទៅវិញ រួចត្រូវប្រគល់វាឲ្យទៅគេវិញចុះ។
3ត្រូវប្រព្រឹត្តបែបដូច្នោះ ចំពោះសត្វលា ឬសម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ហើយប្រសិនបើ អ្នករាល់គ្នារកឃើញ នោះមិនត្រូវធ្វើពើដូចជាមិនឃើញសោះឡើយ។
4ប្រសិនបើ អ្នករាល់គ្នាឃើញលា ឬគោរបស់បងប្អូនអ្នកដួលតាមផ្លួវ នោះមិនត្រូវធ្វើពើដូចជាមិនឃើញសោះឡើយ តែត្រូវជួយគាត់លើកសត្វនោះឡើងមកវិញ។
5ស្រ្តីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ដូចស្រ្តីដែរ ដ្បិត អ្នកណាដែលប្រព្រឹត្តបែបដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយ។
6ប្រសិនបើ អ្នករាល់គ្នាឃើញសំបុកសត្វ នៅលើដើមឈើ​ ឬនៅលើដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។
7ត្រូវលែងមេឲ្យហើរទៅចុះ គឺយកតែកូនរបស់វាបានហើយ។ ធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានសប្បាយ ហើយមានអាយុយឺនយូរ។
8នៅពេលអ្នករាល់គ្នាសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃនៅលើដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយបណ្តាលឲ្យអ្នករាល់គ្នាមានទោស ព្រោះតែផ្ទះនោះ។
9មិនត្រូវព្រោះពូជពីរប្រភេទនៅក្នុងចម្ការរបស់អ្នករាល់គ្នាឡើយ ក្រែងលោផលទាំងអស់នោះត្រូវខូចខាត​ គឺទាំងពូជផ្សេងៗដែលអ្នករាល់គ្នាព្រោះ​ ទាំងផលទំពំាំងបាយជូរ។​
10មិនត្រូវទឹមគោ និងលា ឲ្យអូសនង្គ័លជាមួយគ្នាឡើយ។
11មិនត្រូវស្លៀកពាក់សំពត់ត្បាញដោយអំបោះរោមចៀម និងអំបោះសូតទេសជាមួយគ្នាឡើយ។
12ត្រូវដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ដែលអ្នករាល់គ្នាគ្របដណ្តាប់ខ្លួន។
13ប្រសិនបើ បុរសណាយកប្រពន្ធ ហើយរួមរស់ជាមួយនាង តែក្រោយមក បែរជាឈប់ស្រឡាញ់នាង
14ហើយចាប់តាំងនិយាយបរិហារកេរ្តិ៍នាងថា ខ្ញុំបានយកនាងនេះមកធ្វើជាភិយា ហើយខ្ញុំឃើញថា នាងមិនមែនជាស្រ្តីព្រហ្មចារីទេ។
15ពេលនោះ ឪពុកម្តាយរបស់នាងត្រូវនាំយកភស្តុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។
16នោះ ឪពុករបស់នាងត្រូវជម្រាបទៅកាន់ពួកចាស់ទុំថា ខ្ញុំបានលើកកូនស្រីរបស់ខ្ញុំឲរៀបការជាមួយបុរសម្នាក់នេះ តែគេបែរជាលែងស្រឡាញ់នាង។​
17ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍នាងថា៖ «ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ»។ ប៉ុន្តែ សូមអស់លោកមើល៍ចុះ​ នេះជាភស្តុតាង ដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាព្រហ្មចារីមែន។ ពេលនោះ ឪពុកម្តាយត្រូវលាសំពត់នោះនៅមុខពួកចាស់ទុំរបស់ទីក្រុង។
18ពេលនោះ ពួកចាស់ទុំរបស់ទីក្រុងនោះ ត្រូវចាប់បុរសនោះមកផ្តន្ទារទោស
19ហើយត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់ មួយរយណែន ឲ្យទៅឪពុករបស់នាង ដោយព្រោះបុរសនោះបានបង្ខូចកេរ្តិ៍ឈ្មោះស្រ្តីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ រីឯនាងវិញ នៅតែជាភរិយារបស់អ្នកនោះរហូតទៅ មិនអាចលែងនាងបានឡើយ រហូតអស់មួយជីវិត។
20ប៉ុន្តែ ប្រសិនបើរឿងនោះជាការពិតមែន ហើយរកភស្តុតាងបានថា នាងមិននៅព្រហ្មចារីទេ
21នោះត្រូវនាំស្រ្តីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ដោយព្រោះនាងបានប្រព្រឹត្តអំពើថោកទាបនៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
22ប្រសិនបើឃើញបុរសណាម្នាក់ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដ៏ទៃ នោះអ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្តីនោះ ទាំងស្ត្រីដែលផិតក្បត់ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីអ្នករាល់គ្នា។
23ប្រសិនបើ មានស្រ្តីព្រហ្មចារីម្នាក់ដែលមានគូរដណ្តឹងហើយ ហើយបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
24នោះត្រូវនាំអ្នកទាំងពីរនោះចេញទៅទ្វារក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ដោយព្រោះមិនបានស្រែកហៅអ្នកនៅក្នុងទីក្រុងឲ្យជួយ។ ឯបុរសនោះមានទោស ដោយព្រោះបានរំលោភប្រពន្ធអ្នកជិតខាងរបស់ខ្លួន ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
25ប៉ុន្តែ ប្រសិនបើបុរសនោះបានជួបនាងក្រមុំដែលមានគូរដណ្តឹងហើយនៅឯវាលស្រែ ហើយចាប់នាងរំលោភ នោះបុរសដែលចាប់នាងរំលោភនឹងត្រូវទទួលទោសដល់ស្លាប់។​
26តែឯស្រ្តីក្រមុំនោះវិញ មិនត្រូវធ្វើទោសអ្វីដល់នាងឡើយ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ។ ដ្បិតក្នុងករណីនេះ ប្រៀបដូចជាមនុស្សម្នាក់ប្រព្រឹត្តអំពើឃាតកម្មមួយដែរ។
27ព្រោះបុរសនោះចាប់រំលោភនាងនៅឯវាលស្រែ ទោះបើស្រ្តីក្រមុំមានគូរដណ្តឹនោះ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។
28ប្រសិនបើ បុរសណាម្នាក់ប្រទះឃើញស្រ្តីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូរដណ្តឹងនៅឡើយ ហើយចាប់នាងរំលោភ ហើយមានគេតាមទាន់
29នោះបុរសដែលរំលោភនាង ត្រូវបង់ប្រាក់ហាសិបណែនឲ្យទៅឪពុករបស់នាង ហើយនាងនឹងក្លាយទៅជាភរិយារបស់អ្នកនោះ ដោយព្រោះបុរសនោះបានរំលោភនាង​។ ហើយបុរសនោះមិនអាចលែងនាងបានឡើយ រហូតអស់មួយជីវិត។
30មិនត្រូវឲ្យនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ​ ដ្បិត ធ្វើដូច្នេះ គេបានប្រមាថឪពុករបស់ខ្លួន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។