1ប្រសិនបើ ឃើញមានមនុស្សដែលគេសម្លាប់ ហើយដេកស្លាប់នៅទីវាល នៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាកាន់កាប់ ហើយគេមិនដឹងមុខឃាតក
2នោះពួកចាស់ទុំ និងពួកចៅក្រម ត្រូវចេញទៅវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។
3កាលដឹងថា ក្រុងណាមួយដែលនៅជិតសាកសពជាងគេ នោះពួកចាស់ទុំរបស់ក្រុងនោះ ត្រូវយកគោស្ទាវមួយ គឺគោដែលគេមិនដែលធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។
4បន្ទាប់មក ត្រូវដឹកចុះទៅក្នុងជ្រោះដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះ ដំាំដំណាំទេ ហើយត្រូវវាយបំបាក់កគោនោះនៅក្នុងជ្រោះ។
5ពួកបូជាចារ្យ ជាកូនចៅពួកលេវី ត្រូវចូលទៅជិត ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះអម្ចាស់ ហើយគ្រប់ទាំងការទាស់ទែងគ្នា ហើយវាយតប់គ្នារហូតដល់របួស នោះស្រេចនឹងអ្នកទាំងនោះសម្រេចចុះ។
6ពួកចាស់ទុំទាំងអស់របស់ទីក្រុងណាមួយដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោស្ទេវ ដែលគេវាយបំបាក់កនៅក្នុងជ្រោះនោះ
7ហើយត្រូវប្រកាសថា ដៃរបស់ខ្ញុំមិនបានធ្វើឃាតជននោះទេ ហើយភ្នែករបស់យើងខ្ញុំក៏មិនបានឃើញនរណាធ្វើឃាតគេដែរ។
8ឱព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យរួចពីបាបផង សូមកុំឲ្យអ៊ីស្រាអែល ជាប្រជារាស្រ្តដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ដោយព្រោះឃាកកម្មទៅលើជនស្លូតត្រង់នេះឡើយ។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោសឡើយ។
9នោះ អ្នករាល់គ្នាត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។
10ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវ ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានចាប់ពួកគេមកជាឈ្លើយ
11ប្រសិនបើ ក្នុងចំណោមពួកឈ្លើយនោះ មានស្រ្តីម្នាក់ដែលមានរូបឆោមស្អាតហើយអ្នករាល់គ្នាមានចិត្តចង់យកនាងមកធ្វើជាភរិយា
12នោះត្រូវនាំនាងចូលមកក្នុងផ្ទះរបស់អ្នករាល់គ្នា រួចឲ្យនាងកោសក់ ហើយកាត់ក្រចកដៃ ក្រចកជើងរបស់នាង។
13នាងត្រូវប្តូរសម្លៀកបំពាក់ ដែលនាងស្លៀក នៅពេលដែលគេចាប់នាងមកជាឈ្លើយសឹកចេញ ត្រូវឲ្យនាងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាហើយយំកាន់ទុក្ខឪពុកម្តាយរបស់ខ្លួន រយៈពេលពេញមួយខែ។ បន្ទាប់មក អ្នករាល់គ្នាអាចចូលទៅជិតនាង ហើយធ្វើជាប្តីរបស់នាង ហើយនាងនឹងក្លាយជាប្រពន្ធរបស់អ្នករាល់គ្នា។
14ប្រសិនបើ អ្នករាល់គ្នាមិនពេញចិត្តនឹងនាង ត្រូវដោះលែងនាងឲ្យមានសេរីភាពចុះ។ អ្នករាល់គ្នាមិនត្រូវលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នករាល់គ្នាបានរួមរស់ជាមួយនាងរួចទៅហើយ។
15ប្រសិនបើ បុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាភរិយាមួយទៀត ហើយនាងទាំងពីមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់
16ដូច្នេះ នៅពេលដែលគាត់ចែកមរតកឲ្យកូនរបស់គាត់ គាត់មិនអាចយកចំណែកមរតកដែលត្រូវបានទៅកូនច្បង ឲ្យទៅកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ មរតកនេះត្រូវបានទៅលើកូនរបស់ភរិយា ដែលគាត់មិនសូវស្រឡាញ់ ព្រោះគាត់ជាកូនច្បង។
17ផ្ទុយទៅវិញ គាត់ត្រូវទទួលស្គាល់ថា កូនច្បងជាកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះពីរដងច្រើនជាងកូនឯទៀត ដ្បិត កូននេះជាផលដំបូងនៃកម្លាំង ដូច្នេះ សិទ្ធិរបស់កូនច្បងជារបស់កូននោះឯង។
18ប្រសិនបើ បុរសម្នាក់មានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់របស់ឪពុកម្តាយ ទោះបីឪពុកម្តាយវាយប្រដៅ ក៏នៅតែមិនស្តាប់បង្គាប់
19នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វាក្រុងរបស់ខ្លួន។
20រួចឪពុកម្តាយត្រូវជម្រាបទៅពួកចាស់ទុំរបស់ទីក្រុងថា កូនប្រុសរបស់យើងខ្ញុំជាមនុស្សរឹងរូសណាស់ ហើយបះបោរ មិនស្តាប់បង្គាប់យើងខ្ញុំទេ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក។
21ប្រជាជនទាំងអស់ដែលនៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ជនជាតិអ៊ីស្រាអែលទាំងអស់ដឹងរឿងនេះ ហើយគេភ័យខ្លាច។
22ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើឧក្រិដ្ឋត្រូវមានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរកនៅលើដើមឈើ
23ហើយមិនត្រូវទុកសាកសពរហូតដល់យប់ឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេស្លាប់នោះ ដ្បិត អ្នកណាដែលត្រូវព្យូរកនៅលើដើមឈើ ជាអ្នកដែលព្រះដាក់បណ្តាសា។ ដូច្នេះ ត្រូវធ្វើយ៉ាងនោះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក ក្លាយទៅជាសៅហ្មងឡើយ។