ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 20

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលណាអ្នក​រាល់​គ្នា​ចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញថាសត្រូវមានទ័ពសេះ រទេះចម្បាំង និងកងទ័ពច្រើនជាងខ្លួន អ្នក​រាល់​គ្នា​មិនត្រូវភ័យខ្លាចឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក​រាល់​គ្នា​ ដែលបាននាំអ្នកចេញពីទឹកដីអេស៊ីប ហើយព្រះអង្គគង់នៅជាមួយអ្នក​រាល់​គ្នា​។
2មុនពេលអ្នក​រាល់​គ្នា​ចូលទៅច្បាំង នោះពួកបូជាចារ្យត្រូវចេញមកនិយាយទៅកាន់ពលទាហានថា។
3អ៊ីស្រាអែលអើយ ចូរស្តាប់ ថ្ងៃនេះអ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត។ កុំភ័យខ្លាច ញ័ររន្ធត់។ និងភ័យខ្លាចនៅចំពោះមុខគេឡើយ។
4ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គយាងទៅជាមួយនឹងអ្នករាល់គ្នា ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជម្នះ។​
5បន្ទាប់មក ពួកមេដឹកត្រូវនិយាយទៅពួកបណ្តាជនថា តើមាននរណាទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់បានឡើងទៅលើផ្ទះដែរឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោគេស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។
6ប្រសិនបើ មាននរណាម្នាក់បានដាំទំពាំងបាយជូរ ហើយមិនទាន់ទទួលផលឬទេ។ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោកគេត្រូវស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតទទួលផលជំនួស។
7តើមាននរណាម្នាក់មានគូរដណ្តឹង ហើយមិនទាន់បានរៀបការជាមួយនាងនៅឡើយឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោកគេត្រូវស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតរៀបការនឹងនាង។
8ពួកមេដឹកនាំត្រូវនិយាយទៅកាន់ពលទ័ពទៀតថា​ តើមាននរណាភ័យខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនតក់ស្លុតដូចខ្លួនដែរ។
9ពេលពួកមេដឹកនាំបាននិយាយទៅកាន់ពលទាហានរួចហើយ​ នោះត្រូវចាត់តាំងឲ្យមានមេទ័ព ដើម្បីនាំមុខពលទាហានទាំងនោះ។
10ពេលណាអ្នករាល់គ្នាចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ​ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។
11ប្រសិនបើ អ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វាក្រុងឲ្យអ្នកចូល នោះប្រជាជនទាំងប៉ុន្មានដែលមានឃើញនៅក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នករាល់គ្នា។
12ប្រសិនបើ អ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ច្បាំងជាមួយអ្នករាល់គ្នាវិញ នោះត្រូវឡោមព័ទ្ធក្រុងនោះ
13ហើយកាលណាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នានោះ អ្នករាល់គ្នាត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ។
14ចំណែកឯស្រីៗ កូនក្មេង ហ្វូងសត្វ និងរបស់អ្វីទាំងប៉ុន្មាននៅក្នុងទីក្រុង ព្រមទាំងទ្រព្យសម្បត្តិទាំងប៉ុន្មាន ត្រូវរឹបអូសយកមកសម្រាប់ខ្លួនអ្នក​រាល់​គ្នា​។​ ហើយត្រូវបរិភោគសាច់របស់សត្វដែលរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នក​រាល់​គ្នា​បានប្រទានមកឲ្យអ្នករាល់គ្នា។
15អ្នករាល់គ្នាត្រូវប្រព្រឹត្តបែបនេះ ដល់គ្រប់ទាំងក្រុងដែលនៅឆ្ងាយពីអ្នក​រាល់​គ្នា​មិនមែនជាក្រុងរបស់ប្រជាជាតិទាំងនេះទេ។
16រីឯក្រុងរបស់ជាតិសាសន៍ទាំងនេះ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក ហើយអ្នករាល់គ្នាមិនត្រូវទុកជីវិតនរណាម្នាក់ឲ្យនៅរស់ឡើយ។
17ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញគេឲ្យអស់ មានជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់។
18ធ្វើដូច្នេះ ដើម្បីកុំឲ្យគេបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តចំពោះព្រះរបស់ពួកគេ។ បើអ្នកប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយ។
19កាលណាអ្នក​រាល់​គ្នា​ឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្តើមយកក្រុងនោះ អ្នករាល់គ្នាមិនត្រូវយកពូថៅកាប់រំលំដើមឈើនោះឡើយ។ ដ្បិត អ្នករាល់គ្នាអាចបរិភោគពីផ្លែឈើនោះបាន ដូច្នេះ អ្នករាល់គ្នាមិនត្រូវកាប់រំលំដើមឈើនោះឡើយ។ តើដើមឈើនៅក្នុងចម្ការជាមនុស្ស ឬបានជាអ្នកច្បាំងនឹងវាដូច្នេះ?
20ក៏ប៉ុន្តែ អ្នករាល់គ្នាអាចកាប់ដើមឈើណា ដែលអ្នករាល់គ្នាឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នករាល់គ្នាអាចកាប់ដើមឈើនោះ យកទៅធ្វើជារបាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកក្រុងនោះចុះចាញ់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។