ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 19

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលណាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា កាត់ប្រជាជាតិចេញពីទឹកដីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា ហើយអ្នកបានបណ្តេញគេចេញ ហើយរស់នៅក្នុងក្រុង និងនៅក្នុងផ្ទះរបស់ពួកគេ
2នោះ អ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងឲ្យបានបីសម្រាប់ខ្លួនអ្នក នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យអ្នករាល់គ្នាកាន់កាប់។
3អ្នករាល់គ្នាត្រូវរៀបចំផ្លូវ និងបែងចែកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ជាបីតំបន់ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេអាចរត់ទៅជ្រកកោននៅទីនោះ។
4នេះគឺជាច្បាប់មួយសម្រាប់ជួយអ្នកដែលសម្លាប់គេ ហើយអាចរត់ទៅជ្រកកោននៅក្រុងនោះបាន ដើម្បីឲ្យបានរួចជីវិត គឺអ្នកសម្លាប់អ្នកជិតខាងរបស់ខ្លួនដោយអចេតនា និងគ្មានគំនិតស្អប់គ្នាជាមុន
5ឧទាហរណ៍ថា បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃ ជាមួយអ្នកជិតខាង ហើយពេលដែលគាត់លើកពូថៅទៅកាប់រលំដើមឈើ ស្រាប់តែផ្លែពូថៅនោះរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្តាលឲ្យស្លាប់ ដូច្នេះ គាត់អាចត់ទៅជ្រកកោននៅក្រុងណាមួយដើម្បីឲ្យរួចជីវិត។
6ធ្វើដូច្នេះ បើផ្លូវឆ្ងាយពេក នោះអ្នកដែលមានសិទ្ធិសងសឹក កាលកំពុងមានចិត្តខឹងខ្លាំង ពុំអាចដេញតាមទាន់អ្នកដែលសម្លាប់គេនោះ និងសម្លាប់គាត់ឡើយ ដ្បិត បុរសនោះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់មិនបានសម្លាប់គេដោយចិត្តស្អប់ឡើយ។
7ហេតុនេះហើយ បានជាខ្ញុុំបង្គាប់អ្នកថា ត្រូវញែកក្រុងបីដោយឡែក។
8ប្រសិនបើ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ពង្រីកទឹកដីរបស់អ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា ហើយព្រះអង្គប្រទានទឹកដីទាំងមូលមកឲ្យអ្នករាល់គ្នា ជាទឹកដីដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា
9ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមផ្លូវរបស់ព្រះអង្គជាដរាប បន្ទាប់មក អ្នករាល់គ្នាត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។
10ធ្វើដូច្នេះ កុំឲ្យឈាមមនុស្សឥតទោស ខ្ទាយទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នករាល់គ្នាឡើយ។
11ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ស្អប់អ្នកជិតខាងរបស់ខ្លួន ហើយប្រើល្បិចកល ហើយលបចាំស្ទាក់វាញប្រហារអ្នកនោះឲ្យស្លាប់ រួចរត់ទៅជ្រកកោននៅក្នុងទីក្រុងណាមួយក៏ដោយ
12នោះពួកអ្នកចាស់ទុំនៃទីក្រងនោះ ត្រូវចាត់គេឲ្យទៅចាប់ជនជាតិនោះមកវិញ។
13ភ្នែករបស់អ្នករាល់គ្នាមិនត្រូវអាណិតដល់អ្នកនោះឡើយ ផ្ទុយទៅវិញ គឺអ្នកលុបបំបាត់ជនដែលបង្ហូរឈាម ចេញពីទឹកដីអ៊ីស្រាអែល ដើម្បឲ្យអ្នករាល់គ្នាបានសប្បាយតទៅ។
14មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយមនុស្សជំនាន់ដើម នៅដីដែលគ្រងជាមរតក ក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាកាន់កាប់នោះឡើយ។
15មិនត្រូវមានសាក្សីតែម្នាក់ ងើបឡើងធ្វើបន្ទាល់ទាស់នឹងអំពើទុច្ចរិត ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាន ណាមួយឡើយ បើមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។
16ប្រសិនបើ មានសាក្សីក្លែងក្លាយម្នាក់ ងើបឡើងចោទប្រកាន់មនុស្សណាម្នាក់ថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ។
17នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ត្រូវឈរនៅចំពោះព្រះអម្ចាស់ ឈរនៅចំពោះមុខពួកបូជាចារ្យ និងចៅក្រមដែលកាន់មុខតំណែងនៅគ្រានោះ។
18ចៅក្រមត្រូវសាកសួរឲ្យហ្មត់ចត់ ហើយប្រសិនបើ ឃើញថាសាក្សីនោះក្លែងក្លាយមែន គឺគាត់ចោទមួលបង្គាច់បងប្អូនរបស់ខ្លួន
19នោះត្រូវដាក់ទោសគាត់ ដូចដែលគាត់បានគ្រោងនឹងធ្វើដល់បងប្អូនរបស់ខ្លួន ធ្វើដូច្នេះ អ្នករាល់គ្នានឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
20ហើយអ្នកឯទៀតឮដំណឹងនេះហើយភ័យខ្លាច​ និងលែងប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។
21កុំអាណិតអាសូរអ្នកមានទោសឲ្យសោះ គឺជីវិតសងដោយជីវិត ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។