1ពួកបូជាចារ្យ ដែលជាពួកលេវី និងកុលសម្ព័ន្ធលេវីទាំងមូលនឹងមិនមានចំណែកមរតកជាមួយជនជាតិអ៊ីស្រាអែលឡើយ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់តែប៉ុណ្ណោះ។
2ពួកគេគ្មានចំណែកមរតកអ្វីក្នុងចំណោមពួកបងប្អូនរបស់ខ្លួនឡើយ ដ្បិត ព្រះអម្ចាស់ ជាចំណែកមរតករបស់ពួកគេ ដូចដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេស្រាប់ហើយ។
3នេះជាចំណែកដែលប្រជាជន យកគោ និងចៀមមកថ្វាយជាយញ្ញបូជា នោះពួកគេត្រូវយកសាច់ ស្មា សាច់ថ្គាមទាំងពីរ និងក្រពះផង ដើម្បីជូនដល់ពួកបូជាចារ្យ។
4ត្រូវយកផលដំបូងពីស្រូវរបស់អ្នករាល់គ្នា ស្រាទំពាំងបាយជូរថ្មី ប្រេងអូលីវ និងរោមចៀមដែលកាត់មុនដំបូង ជូនដល់ពួកបូជាចារ្យ។
5ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នករាល់គ្នា ឲ្យបម្រើព្រះអម្ចាស់ជារៀងរហូត។
6ប្រសិនបើ មានពួកលេវីណាម្នាក់ចាកចេញពីក្រុងណាមួយក្នុងទឹកដីអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងមួយចង់ទៅកន្លែង ដែលព្រះអម្ចាស់ជ្រើសរើស
7ហើយបំពេញមុខងារក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់គាត់ ដូចពួកលេវីទាំងប៉ុន្មាន ជាបងប្អូនរបស់គាត់ ដែលធ្វើការនៅទីសក្ការនោះ នៅចំពោះព្រះអម្ចាស់។
8គាត់នឹងមានអាហារបរិភោគស្មើៗគ្នា ថែមពីលើអ្វីៗដែលគាត់លក់បាន។
9កាលណាអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានឲ្យ នោះមិនត្រូវរៀនធ្វើត្រាប់តាមការគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។
10ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅបូជាក្នុងភ្លើង មិនត្រូវឲ្យមាននរណាម្នាក់ ទស្សន៍ទាយ បញ្ជាន់រូប ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
11គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ។
12ដ្បិត អ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាមនុស្សដែលគួរឲ្យស្អប់ខ្ពើមដល់ព្រះអម្ចាស់ គឺដោយព្រោះអំពើស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា។
13អ្នករាល់គ្នាត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជានិច្ច។
14ដ្បិត ប្រជាជាតិទាំងនោះ ដែលអ្នករាល់គ្នានឹងបណ្តេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់ ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាមិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
15ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចជាខ្ញុំ ងើបឡើងពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា។ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមព្យាការីនោះចុះ។
16ដូចអ្នករាល់គ្នាបានទូលសូមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ឬក៏ឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់។
17ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា សេចក្តីដែលពួកគេនិយាយនោះត្រឹមត្រូវហើយ។
18យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នករាល់គ្នា ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន។ យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់ព្យាការីនោះ រួចលោកនឹងថ្លែងប្រាប់គេ គ្រប់ទាំងសេចក្តីដែលយើងបង្គាប់ដល់លោក។
19អ្នកណាដែលមិនស្តាប់ពាក្យលោកថ្លែងក្នុងនាមយើងទេ នោះយើងនឹងដាក់ទោសអ្នកនោះ។
20ប៉ុន្តែ ប្រសិនបើ មានព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវស្លាប់។
21អ្នករាល់គ្នាប្រហែលជាគិតក្នុងចិត្តថា តើធ្វើដូចម្តេចឲ្យយើងដឹងថា ពាក្យណាមួយដែលមិនមែនមកពីព្រះអម្ចាស់?
22គឺពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងព្រះនាមព្រះអម្ចាស់ បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្តីថាពាក្យនោះហើយមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺព្យាការីនោះមិនហ៊ាននិយាយតាមតែអំពើចិត្តរបស់ខ្លួន ដូច្នេះ កុំខ្លាចគេឲ្យសោះ។