ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 17

Read Scripture freely. Divine Threads study for this chapter is coming later.

1មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ ដ្បិត នោះជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
2ប្រសិនបើ ឃើញមានបុរសម្នាក់ ឬស្រ្តីម្នាក់ ក្នុងចំណោមអ្នករាល់គ្នាដែលប្រព្រឹត្តអំពើបាបនៅព្រះនេត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅក្នុងក្រុងដែលព្រះអម្ចាស់ប្រទានឲ្យ គឺអ្នកនោះបំពានលើសេចក្តីសញ្ញារបស់ព្រះអង្គ
3នរណាម្នាក់ដែលបានចាកចេញទៅ ហើយទៅគោរពបម្រើ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះច័ន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ទាំងនេះហើយដែលខ្ញុំហាម
4ហើយប្រសិនបើមានគេប្រាប់អ្នករាល់គ្នា ឬឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់។ ហើយបើរឿងនោះពិតប្រាកដមែន គឺមានហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ នៅក្នុងទឹកដីអ៊ីស្រាអែលមែន នេះគឺជាអ្វីអ្នករាល់គ្នាត្រូវធ្វើ។
5ត្រូវនាំយកបុរស ឬស្រ្តីណាដែលប្រព្រឹត្តអំពើអាក្រក់ ទៅឯមាត់ទ្វាក្រុង ហើយយកដំុថ្មគប់ បុរស ឬស្រ្តីនោះរហូតទាល់តែស្លាប់។
6អ្នកដែលមានទោសដល់ស្លាប់នោះ គឺត្រូវមានភស្តុតាងជាសាក្សី ពីរនាក់ ឬបីនាក់ តែបើមានសាក្សីតែម្នាក់ នោះមិនអាចប្រហារជីវិតអ្នកនោះបានឡើយ។
7សាក្សីទាំងនោះត្រូវតែយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ ធ្វើដូច្នេះ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
8ប្រសិនបើ មានរឿងណាពិបាកនឹងកាត់ក្តី​ ដូចជា ឃាតកម្ម ការប្តឹងផ្តល់គ្នា និងការវាយតប់គ្នាឲ្យមានរបួស ដែលនាំឲ្យមានរឿងក្តីកើតឡើងនៅក្នុងក្រុងរបស់អ្នករាល់គ្នា​ នោះត្រូវនាំងយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងជ្រើសរើស សម្រាប់តាំងព្រះនាមអង្គ។
9អ្នករាល់គ្នាត្រូវចូលទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់​ ហើយពួកគេនឹងប្រាប់អ្នកពីការសម្រេចក្តីនេះបែបណា។
10អ្នករាល់គ្នាត្រូវធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នករាល់គ្នានៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។ អ្នករាល់គ្នាត្រូវប្រុងប្រយ័ត្ននឹងធ្វើតាមក្រឹត្យវិន័យដែលលោកទាំងនោះណែនាំអ្នករាល់គ្នា។
11ត្រូវធ្វើតាមក្រឹត្យវិន័យឲ្យបានត្រឹមត្រូវ តាមការណែនាំដែលលោកទាំងនោះប្រាប់អ្នករាល់គ្នា និងតាមការវិនិច្ឆ័យដែលពួកលោកបានសម្រេចឲ្យអ្នករាល់គ្នា។ គឺត្រូវធ្វើតាមពាក្យដែលពួកលោកបានប្រាប់អ្នករាល់គ្នា​ មិនត្រូវងាកចេញ ឬលម្អៀងទៅខាងណាឡើយ។
12អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត​ មិនធ្វើតាមពាក្យរបស់បូជាចារ្យ ដែលឈរបម្រើនៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ឬមិនស្តាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់ ធ្វើដូច្នេះ អ្នករាល់គ្នានឹងដកអំពើអាក្រក់ចេញពីជនជាតិអ៊ីស្រាអែល។
13ប្រជាជនទាំងអស់ឮដំណឹងនេះ ហើយភ័យខ្លាច និងលែងប្រព្រឹត្តតាមតែអំពើចិត្តទៀតឡើយ។
14ពេលណាអ្នកបានចូលទៅដល់ទឹកដីព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ ហើយពេលណាអ្នករាល់គ្នាកាន់កាប់ទឹកដី ព្រមទាំងតាំងទីលំនៅក្នុងទឹកដីនោះទេ រួចអ្នករាល់គ្នាក៏និយាយថា យើងនឹងតាំងឲ្យមានស្តេចមួយ ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
15នោះអ្នករាល់គ្នាអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបានតាមដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស។ អ្នករាល់គ្នាត្រូវតែងតាំងស្តេច ក្នុងចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា។​ ហើយមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាបងប្អូនរបស់អ្នករាល់គ្នាឲ្យគ្រប់គ្រងលើអ្នករាល់គ្នាឡើយ។
16ប៉ុន្តែ ស្តេចមិនត្រូវមានសេះច្រើនសម្រាប់ខ្លួនឡើយ ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅទឹកដីអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិត​ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅទឹកដីនោះវិញឡើយ។
17ហើយស្តេចមិនត្រូវមានមហេសីច្រើនឡើយ​ ក្រែងលោចិត្តរបស់ស្តេចងាកចេញ។ ស្តេចក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលប់សម្រាប់ខ្លួនដែរ។
18កាលណាស្តេចបានឡើងគង់លើបល័្លង្ករាជ្យរបស់ព្រះអង្គហើយ ត្រូវឲ្យស្តេចយកក្រឹត្យវិន័យនេះ នៅមុខពួកបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។
19ត្រូវឲ្យសៀវភៅនេះនៅជាប់ជាមួយស្តេចជានិច្ច ហើយស្តេចត្រូវអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីឲ្យព្រះអង្គរៀនគោរពកោតខ្លាចដល់ព្រះអម្ចាស់​ ជាព្រះរបស់ខ្លួន​ ដូច្នេះ ត្រូវកាន់តាមគ្រប់ទាំងសេចក្តីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខានឡើយ។
20ហើយកុំឲ្យស្តេចកើតមានចិត្តតម្កើងខ្លួនខ្ពស់លើពួកបងប្អូនរបស់ខ្លួន ហើយងាកបែរចិត្តចេញពីបទបញ្ជា​ ដោយងាកទៅឆ្វេង ឬងាកទៅស្តាំ ដើម្បីឲ្យរាជវង្សរបស់ស្តេច និងកូនចៅរបស់ស្តេច បានគ្រងរាជយូរអង្វែងនៅក្នុងនរគររបស់ខ្លួន លើជនជាតិអ៊ីស្រាអែល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។