1នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិត នៅខែចេត្រនេះហើយ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីបទាំងយប់។
2ចូរយកសត្វពីហ្វូងគោរបស់អ្នករាល់គ្នា ធ្វើជាយញ្ញបូជាបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅត្រង់កន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស សម្រាប់តាំងព្រះនាមរបស់ព្រះអង្គ។
3មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នករាល់គ្នាបានចេញពីទឹកដីអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងនឹកចាំអស់មួយជីវិត នៅថ្ងៃដែលអ្នករាល់គ្នាបានចាកចេញពីទឹកដីអេស៊ីប។
4ក្នុងរយៈពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេ នៅក្នុងទឹកដីទាំងមូលរបស់អ្នករាល់គ្នាឡើយ រីឯសាច់របស់សត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើជាយញ្ញបូជានៅល្ងាចថ្ងៃទីមួយ មិនត្រូវទុកឲ្យនៅសល់រហូតដល់ព្រឹកដែរ។
5អ្នករាល់គ្នាមិនអាចថ្វាយយញ្ញបូជាបុណ្យចម្លងនេះ នៅក្នុងក្រុងណាមួយ ក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នានោះឡើយ។
6ផ្ទុយទៅវិញ ត្រូវថ្វាយយញ្ញបូជាបុណ្យចម្លងនោះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គវិញ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំពេលដែលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប។
7អ្នករាល់គ្នាត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស លុះព្រឹកឡើង អ្នករាល់គ្នាត្រូវត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញ។
8អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥត ចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ ត្រូវធ្វើបុណ្យយ៉ាងធំ ដើម្បីថ្វាយដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាគឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ។
9អ្នករាល់គ្នាត្រូវរាប់ប្រាំពីរសប្តាហ៍ ត្រូវគិតពីថ្ងៃដែលអ្នករាល់គ្នាចាប់ផ្តើមច្រូតស្រូវមុនដំបូង។
10បន្ទាប់មក ត្រូវប្រារព្ធពិធីបុណ្យសប្តាហ៍ទីប្រាំពីរ ដើម្បីថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរថ្វាយតង្វាយស្ម័គ្រពីចិត្ត តាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរឲ្យ។
11ត្រូវអរសប្បាយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ជាមួយកូនប្រុសកូនស្រី ព្រមទាំងអ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នា ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្ត្រីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។
12ត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាទាសករនៅទឹកដីអេស៊ីបដែរ ដូច្នេះ ត្រូវប្រយ័ត្ន និងប្រតិបត្តិតាមច្បាប់ទាំងនេះចុះ។
13ត្រូវប្រារព្ធពិធីបុណ្យបារាំ ចំនួនប្រាំពីរថ្ងៃ ក្រោយពេលអ្នករាល់គ្នាប្រមូលភោគផលពីទីលានស្រូវ និងជាន់ផ្លែទំពំាងបាយជូររួចរាល់ហើយ។
14អ្នករាល់គ្នាត្រូវអរសប្បាយក្នុងឱកាសពិធីបុណ្យនេះ ជាមួយកូនប្រុសកូនស្រីរបស់អ្នករាល់គ្នាអ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្រ្តីមេម៉ាយ ដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា។
15ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ដើម្បីថ្វាយដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅត្រង់កន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងប្រទានពរឲ្យអ្នករាល់គ្នាទទួលភោគផលច្រើន ហើយប្រទានពរដល់អ្នករាល់គ្នាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានអំណរ។
16បីដងក្នុងមួយឆ្នាំ ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ នៅត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ទីប្រាំពីរ និងបុណ្យបារាំ ប៉ុន្តែ មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដោយដៃទទេឡើយ។
17ផ្ទុយទៅវិញ គ្រប់គ្នាត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។
18ត្រូវតែងតាំងឲ្យមានចៅក្រម និងពួកមេដឹកនាំ នៅតាមក្រុងទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា អ្នកទាំងនោះនឹងជំនុំជម្នះប្រជាជននៅតាមកុលសម្ព័ន្ធនានាដោយយុត្តិធម៌។
19មិនត្រូវបំពានលើយុត្តិធម៌ឡើយ ឬវិនិច្ឆ័យនរណាម្នាក់ដោយចិត្តលម្អៀងឡើយ ឬស៊ីសំណូកឲ្យសោះ ដ្បិត សំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វក់ ហើយបង្ខូចពាក្យសម្តីមនុស្សសុចរិត។
20ត្រូវប្រកាន់យុត្តិធម៌ជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក។
21មិនត្រូវដំឡើងបង្គោលណាមួយព្រះអាសេរ៉ាសម្រាប់ខ្លួនអ្នក នៅក្បែរអាសនៈរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ។
22ហើយក៏មិនត្រូវដំឡើងថ្មបង្គោល ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា មិនគាប់ព្រះហប្ញទ័យនោះដែរ។