ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 15

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅចុងឆ្នាំ គឺប្រាំពីរឆ្នាំម្តង អ្នករាល់គ្នាត្រូវតែលុបបំណុលចោល។
2នេះគឺជារបៀបដែលលុបបំណុល គ្រប់ទាំងម្ចាស់បំណុលដែលបានឲ្យប្រាក់ទៅអ្នកជិតខាងខ្ចី នោះមិនត្រូវទារពីអ្នកជិតខាង​ ឬបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះកាលុបបំណុលរបស់ព្រះអម្ចាស់​ បានប្រកាសចេញហើយ។
3អ្នករាល់គ្នាអាចទារបំណុលពីជនបរទេសបាន ប៉ុន្តែ បំណុលបងប្អូនជនរួមជាតិរបស់អ្នករាល់គ្នា ជំពាក់អ្នករាល់គ្នា នោះត្រូវលុបបំណុលនោះចោល។
4ទោះជាយ៉ាងណា ក៏មិនមានអ្នកក្រីក្រនៅក្នុងចំណោមអ្នករាល់គ្នាឡើយ​ (ដ្បិត ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នា នៅក្នុងទឹកដីដលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរឲ្យអ្នករាល់គ្នាកាន់កាប់ទុកជាមរតក)
5ប្រសិនបើ អ្នករាល់គ្នាស្តាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នៅថ្ងៃនេះ។
6នោះព្រះអម្ចាស់់ ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នាដូចដែរព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា អ្នករាល់គ្នាអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវខ្ចីប្រាក់ពីគេវិញទេ ហើយអ្នករាល់គ្នានឹងត្រួតត្រាលើប្រជាជាតិជាច្រើន ប៉ុន្តែ ពួកគេនឹងមិនត្រួតត្រាលើអ្នករាល់គ្នាឡើយ។
7ប្រសិនបើ មានបងប្អូនរបស់អ្នករាល់គ្នាខ្លះ ធ្លាក់ខ្លួនក្រ នៅក្នុងក្រុងណាមួយនៃទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនត្រូវចិត្តកំណាញ់ ឬមិនរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
8អ្នករាល់គ្នាត្រូវបើកចិត្តឲ្យទូលាយហើយជួយគាត់ ដោយឲ្យគាត់ខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។​
9ចូរប្រយ័ត្ន មិនត្រូវមានគំនិតអាក្រក់ ហើយគិតថា នៅឆ្នាំទីប្រាំពីរ ជាឆ្នាំដែលលុបបំណុលជិតមកដល់ហើយ ហើយអ្នករាល់គ្នាគ្មានចិត្តមេត្តាអាណិតដល់បងប្អូនដែលក្រនោះ ឥតមានឲ្យអ្វីដល់គេសោះ ពេលគេយំទូលអង្វរទៅព្រះអម្ចាស់ ចោទប្រកាន់ពីអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានបាបមិនខាន។
10អ្នករាល់គ្នាត្រូវឲ្យប្រាក់ទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តសោកស្តាយឡើយ ដ្បិត ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងប្រទានពរដល់អ្នករាល់គ្នាគ្រប់ទាំងកិច្ចការដែលអ្នកធ្វើ។
11ដ្បិត តែងតែនឹងមានអ្នកក្រនៅក្នុងទឹកដី ហេតុនេះហើយ បានជាខ្ញុំបង្គាប់អ្នករាល់គ្នាឲ្យមានចិត្តទូលាយ ដល់បងប្អូនរបស់អ្នករាល់គ្នា ដល់អ្នកខ្វះខាត និងជនក្រីក្រនៅក្នុងទឹកដីរបស់អ្នករាល់គ្នា។
12ប្រសិនបើ ជាបងប្អូនប្រុសរបស់អ្នករាល់គ្នា ជាជនជាតិហេព្រើរ ឬជាស្ត្រីជនជាតិហេព្រើរ មកលក់ខ្លួនឲ្យអ្នករាល់គ្នា នោះគេត្រូវបម្រើដល់អ្នករាល់គ្នារយៈពេលប្រាំមួយឆ្នាំ បន្ទាប់មក នៅឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។
13នៅពេលអ្នកដោះលែងគេឲ្យទៅវិញ មិនត្រូវឲ្យគេទៅវិញដោយដៃទទេឡើយ។
14អ្នករាល់គ្នាត្រូវផ្តល់ឲ្យគេដោយចិត្តសទ្ធា គឺជាសត្វពីហ្វូងចៀម ស្រូវពីទីលាន និងស្រាទំពំាងបាយជូរពីធុងឃ្នាង។ ដូចជា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរដល់អ្នករាល់គ្នាដែរ ដូច្នេះ អ្នករាល់គ្នាត្រូវផ្តល់អំណោយដល់គេផង។
15ចូរចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ តែព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានរំដោះអ្នករាល់គ្នា ហេតុនេះហើយ បានជាខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ឲ្យធ្វើដូច្នេះដែរ។
16ប្រសិនបើ អ្នកបម្រើនិយាយមកកាន់អ្នករាល់គ្នាថា​ ខ្ញុំមិនចង់ចេញទៅណាឆ្ងាយពីអ្នករាល់គ្នាទេ ព្រោះគេស្រឡាញ់អ្នករាល់គ្នា និងគ្រួសាររបស់អ្នករាល់គ្នា ដោយសារគេពេញចិត្តនឹងរស់នៅជាមួយអ្នករាល់គ្នា
17នោះ ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ ផ្ទាប់នឹងទ្វារផ្ទះរបស់អ្នករាល់គ្នា នោះគេនឹងក្លាយជាអ្នកបម្រើស្រីរបស់អ្នករាល់គ្នារហូតទៅ។
18នៅពេលដោះលែងអ្នកបម្រើឲ្យទៅ នោះអ្នករាល់គ្នាមិនត្រូវមានចិត្តពិបាកឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នករាល់គ្នាបានផលពីរដងលើសកម្មករ ដែលអ្នករាល់គ្នាជួលមកធ្វើការទៅទៀត។ នោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នា​ ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
19ក្នុងហ្វូងគោឈ្មោល និងហ្វូងចៀមឈ្មោលរបស់អ្នករាល់គ្នា ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់ សម្រាប់ភ្ជួររាស់ ហើយមិនត្រូវកាត់រោមកូនដំបូងពីកូនចៀមរបស់អ្នករាល់គ្នាឡើយ។
20រៀងរាល់ឆ្នាំ ត្រូវបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា​ នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅត្រង់កន្លែងព្រអង្គនឹងជ្រើសរើស។
21ប្រសិនបើ សត្វនោះមានស្លាកស្នាម ឧទាហរណ៍ បើសិនជាសត្វនោះខ្វិន ឬខ្វាក់ ឬមានស្លាកស្នាមនៅកន្លែងណាមួយ អ្នករាល់គ្នាមិនត្រូវយកទៅថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាឡើយ។
22ត្រូវបរិភោគសត្វនោះនៅក្នុងក្រុងរបស់អ្នករាល់គ្នា ទាំងអ្នកបរិសុទ្ធ និងអ្នកមិនបរិសុទ្ធអាចបរិភោគបានដូចគ្នា គឺដូចជាបរិភោគ សាច់ឈ្លូស និងសាច់ក្តាន់ដែរ។
23ប៉ុន្តែ​ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមវាឡើយ អ្នករាល់គ្នាត្រូវចាក់ឈាមចោលនៅលើដី ដូចជាចាក់ទឹកវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។