1អ្នករាល់គ្នាជាប្រជារាស្រ្តរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា។ ដូច្នេះ នៅពេលអ្នករាល់គ្នាកាន់ទុក្ខ មិនត្រូវធ្វើពិធីអារសាច់ ហើយក៏មិនត្រូវកោរសក់នៅផ្នែកខាងមុខដែរ។
2ដ្បិត អ្នករាល់គ្នាជាប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយព្រះអម្ចាស់ បានជ្រើសរើសអ្នករាល់គ្នាពីក្នុងចំណោមជនជាតិនានានៅលើផែនដី មកធ្វើជាប្រជារាស្រ្តមួយដែលជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
3អ្នករាល់គ្នាមិនត្រូវបរិភោគអាហារណាដែលមិនបរិសុទ្ធឡើយ។
4ទាំងនេះជាសត្វដែលអ្នករាល់គ្នាអាចបរិភោគបានគឺ សត្វគោ សត្វចៀម សត្វពពែ
5សត្វឈ្លូស សត្វប្រើស សត្វក្តាន់ សត្វរមំាង សត្វទ្រាយ សត្វទន្សោង និងសត្វពពែភ្នំឡើយ។
6អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានជើងឆែកជាពីរ ហើយជាសត្វដែលទំពាអៀង។
7ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬមានក្រចកឆែកនោះ មិនត្រូវបរិភោគឡើយ គឺមានសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ហើយសត្វទាំងនោះមិនបរិសុទ្ធដល់អ្នករាល់គ្នាឡើយ។
8រីឯជ្រូកក៏មិនបរិភោគដែរ ព្រោះវាមានក្រចកឆែក តែមិនទំពាអៀងទេ វាជាសត្វមិនបរិសុទ្ធដល់អ្នករាល់គ្នា។ មិនត្រូវបរិភោគសាច់វាឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ។
9ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគបាន គឺអ្នករាល់គ្នាអាចបរិភោគត្រីណាដែលមានព្រុយ និងស្រកា
10តែមិនត្រូវបរិភោគត្រីណាដែលគ្មានមានព្រុយ និងមានស្រកាឡើយ ដ្បិត វាជាសត្វមិនបរិសុទ្ធដល់អ្នករាល់គ្នា។
11សត្វស្លាបដែលបរិសុទ្ធអ្នករាល់គ្នាអាចបរិភោគបានទាំងអស់។
12ប៉ុន្តែ សត្វស្លាបដែលអ្នករាល់គ្នាមិនអាចបរិភោគបាននោះគឺសត្វខ្លែងស្រាក សត្វត្មាត សត្វប្រមង់
13សត្វល្អូត សត្វរអាត និងពពួកប្រភេទសត្វស្ទាំង។
14អ្នករាល់គ្នាមិនត្រូវបរិភោគប្រភេទសត្វក្អែក
15និងសត្វអូទ្រុស សត្វខ្លែងស្រាក សត្វរំពេ និងសត្វស្ទាំងគ្រប់ប្រភេទ
16សត្វមៀម សត្វគូក សត្វទីទុយ
17សត្វទុង សត្វក្អែកទឹក សត្វស្មោញឡើយ ។
18អ្នករាល់គ្នាមិនត្រូវបរិភោគ សត្វកុក សត្វក្រសា គ្រប់ប្រភេទ ព្រមទាំងសត្វត្រសេះ និងសត្វប្រចៀវ។
19អស់ទាំងសត្វល្អិត ដែលមានស្លាប សុទ្ធតែជាសត្វមិនបរិសុទ្ធសម្រាប់អ្នកគ្រប់គ្នា គឺមិនត្រូវបរិភោគឡើយ។
20អ្នករាល់គ្នាអាចបរិភោគសត្វស្លាបណាដែលបរិសុទ្ធ។
21អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះទៅជនបរទេសដែលរស់នៅក្នុងទីក្រុងរបស់រាល់គ្នាបរិភោគបាន ឬលក់ឲ្យទៅសាសន៍ដទៃបាន។ ព្រោះអ្នករាល់គ្នាជាប្រជាជនដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
22អ្នករាល់គ្នាត្រូវញែកតង្វាយមួយភាគដប់ គ្រប់ទាំងភោគផលពីស្រែចម្ការរបស់អ្នករាល់គ្នាជារៀងរាល់ឆ្នាំ។
23អ្នករាល់គ្នាត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នករាល់គ្នាញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃកូនគោ និងហ្វូងចៀមរបស់អ្នករាល់គ្នានៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នារៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
24ប្រសិនបើ ជាផ្លូវនោះឆ្ងាយពេក អ្នករាល់គ្នាមិនអាចដឹកតង្វាយមួយភាគដប់នោះទៅបាន ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជ្រើសរើសកន្លែង សម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នករាល់គ្នា ដូច្នេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរដល់អ្នករាល់គ្នា។
25អ្នករាល់គ្នាត្រូវលក់តង្វាយមួយភាគដប់របស់អ្នករាល់គ្នា រួចយកប្រាក់វេចកាន់ជាប់នៅដៃ ហើយត្រូវទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើស។
26អ្នករាល់គ្នាអាចចំណាយលុយ ដើម្បីទិញអ្វីៗដែលអ្នករាល់គ្នាប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងៗទៀត ឬអ្វីៗដែលអ្នករាល់គ្នាចូលចិត្តចង់បាន អ្នករាល់គ្នាត្រូវបរិភោគនៅទីនោះ ចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវអរសប្បាយជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា។
27រីឯពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា នោះមិនត្រូវបំភ្លេចគេឡើយ ដ្បិត ពួកគេគ្មានចំណែកដីជាកេមរតកដូចអ្នករាល់គ្នាទេ។
28នៅចុងឆ្នាំ រៀងរាល់បីឆ្នាំម្តង អ្នករាល់គ្នាត្រូវយកតង្វាយមួយភាគដប់ទាំងអស់ដែលញែកចេញពីភោគផលដែលអ្នករាល់គ្នាទទួលបានក្នុងឆ្នាំនោះ ហើយអ្នករាល់គ្នាត្រូវយកមកដាក់នៅក្នុងក្រុងរបស់អ្នករាល់គ្នា
29ហើយពួកលេវី ដែលគ្មានដីជាចំណែកកេមរតកជាមួយអ្នករាល់គ្នា ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្រ្តីមេម៉ាយ ដែលនៅក្នុងក្រុងជាមួយអ្នករាល់គ្នា នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូរ។ កាលណាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នឹងប្រទានពរឲ្យអ្នករាល់គ្នាបានចម្រុងចម្រើន គ្រប់ទាំងកិច្ចការដែលអ្នករាល់គ្នាធ្វើ។