ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិនបើ មានព្យាការី ឬគ្រូទាយណាម្នាក់ កើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយបើអ្នកនោះប្រាប់ពីទីសម្គាល់ ឬការអសា្ចរ្យអ្វីមួយ
2បើទីសម្គាល់ ឬការអស្ចារ្យកើតមានឡើងមែន ហើយគេ​និយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់
3នោះមិនត្រូវស្តាប់តាមពាក្យព្យាការី ឬគ្រូទាយនោះឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគ្រាន់តែចង់ល្បងលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាអស់ពីចិត្ត ហើយអស់ពីព្រលឹង ឬយ៉ាងណា។
4អ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ស្តាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងនៅជាប់នឹងព្រះអង្គ។
5រីឯព្យាការី ឬគ្រូទាយនោះវិញ នឹងត្រូវស្លាប់ ដោយព្រោះបានល្បួងបះបោរទាស់ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសករ។ រីឯព្យាការីនោះចង់ទាញអ្នករាល់គ្នាឲ្យចេញពីផ្លូវដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបង្គាប់ឲ្យអ្នករាល់គ្នាដើរតាម។ ដូច្នេះ ចូរដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
6ប្រសិនបើ បងប្អូនប្រុសរបស់អ្នករាល់គ្នា ដែលត្រូវជាកូនប្រុសរបស់ម្តាយអ្នករាល់គ្នា ឬកូនប្រុសរបស់ឪពុកអ្នករាល់គ្នា ឬកូនប្រុសស្រីរបស់អ្នករាល់គ្នា និងប្រពន្ធជាទីស្រឡាញ់របស់អ្នករាល់គ្នា និងមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់អ្នករាល់គ្នាមកបបួលអ្នករាល់គ្នាដោយស្ងាត់ៗថា តោះយើងទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែលមិនស្គាល់
7គឺព្រះរបស់ជនជាតិនានាដែលនៅជុំវិញអ្នករាល់គ្នា ទោះនៅជិត ឬនៅឆ្ងាយពីអ្នករាល់គ្នាក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង។
8នោះកុំយល់ព្រមជាមួយគេ ឬ​ស្តាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីដល់គេឲ្យសោះ ហើយក៏មិនត្រូវការពារគេឡើយ។
9ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចោល គឺរាល់គ្នាលើកដៃប្រហារអ្នកនោះមុនគេ បន្ទាប់មក ប្រជាជនប្រហារគេតាមក្រោយ។
10ត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ ព្រោះគេចង់ទាញអ្នករាល់គ្នាឲ្យបែរចេញពីព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប គឺជាទឹកដីដែលអ្នករាល់គ្នាធ្វើជាទាសករ។
11ប្រជាជនអ៊ុីស្រាអែលទាំងមូលនឹងឮ រួចភ័យខ្លាច ហើយនឹងលែងប្រព្រឹត្តអំពើអាក្រក់បែបនេះ​ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។
12ប្រសិនបើ អ្នករាល់គ្នាឮនរណាម្នាក់និយាយអំពីទីក្រុងរបស់អ្នករាល់គ្នា ថាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គប្រទានឲ្យអ្នករាល់គ្នារស់នៅ។
13មានមនុស្សអាក្រក់ខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយនាំគ្នាបបួលអ្នកក្រុងនោះចេញឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ដែលអ្នករាល់គ្នាមិនស្គាល់។
14នោះត្រូវស៊ើបសួរ និងតាមដានមើល ឲ្យឃើញប្រាកដ។ ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់ថា តើការនោះពិត ឬមិនពិត ប្រសិនបើ មានភស្តុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាមែន នោះត្រូវចាត់វិធានការ។
15នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ ហើយត្រូវបំផ្លាញចោលឲ្យអស់កុំឲ្យនៅសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងកម្ទេចរបស់របរនៅក្នុងទីក្រុុង និងសម្លាប់ហ្វូងសត្វដោយមុខដាវផង។
16ត្រូវប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងទីក្រុងនោះ មកដាក់ចំកណ្តាលទីលានក្រុង រួចដុតកម្ទេចទីក្រុង និងទ្រព្យសម្បត្តិ ដើម្បីថ្វាយព្រះអម្ចាស់។ ទីក្រុងនោះនឹងក្លាយជាគំនររហូតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
17មិនត្រូវយករបស់អ្វីៗដែលត្រូវបំផ្លាញនោះ នៅក្នុងដៃរបស់អ្នករាល់គ្នាឡើយ។ ដើម្បីឲ្យព្រះអម្ចាស់ងាកចេញពីសេចក្តីក្រោធ ហើយព្រះអង្គនឹងសម្តែងព្រះហប្ញទ័យសេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូរដល់អ្នករាល់គ្នាវិញ ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាចម្រើនឡើង ដូចព្រះអង្គបានស្បថចំពោះបុព្វបុរសរបស់អ្នករាល់គ្នា។
18ព្រះអង្គនឹងធ្វើបែបនេះ ដោយសារ អ្នករាល់គ្នាស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។