1នេះជាច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាម នៅក្នុងទឹកដីដែលជាព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់ទុកជាកម្មសិទ្ធិ ជារៀងរាល់ថ្ងៃអស់មួយជីវិតដែលអ្នករាល់គ្នាដែលរស់នៅលើផែនដី។
2ត្រូវបំផ្លាញ់ទីកន្លែងដែលប្រជាជាតិទាំងប៉ុន្មាន ថ្វាយសក្ការបូជាដល់ព្រះរបស់ពួកគេ នៅលើភ្នំធំភ្នំតូច និងនៅក្រោមដើមឈើមានស្លឹកខៀវខ្ចី កុំឲ្យនៅសល់ឡើយ។
3ចូរផ្តួលរលំអាសនៈរបស់ពួកគេ កម្ទេចស្តូបរបស់ពួកគេ ហើយត្រូវដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា។ ត្រូវកាប់រំលំរូបព្រះបដិមារបស់ពួកគេ ហើយត្រូវបំផ្លាញឈ្មោះព្រះទាំងនោះ ឲ្យអស់ពីកន្លែងនោះផង។
4ហើយអ្នកមិនថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមបែបដូច្នេះឡើយ។
5ប៉ុន្តែ អ្នករាល់គ្នាត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គបានជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដើម្បីតាំងព្រះនាមព្រះអង្គ និងទុកជាដំណាក់របស់ព្រះអង្គនៅទីនោះ ហើយអ្នករាល់គ្នានឹងត្រូវទៅទីនោះ។
6ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃកូនគោ និងហ្វូងចៀមរបស់អ្នករាល់គ្នានៅទីនោះដែរ។
7នៅទីនេោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវអរសប្បាយ ជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ក្នុងគ្រប់ទាំងការដែលអ្នករាល់គ្នា សម្រេចបាន ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរឲ្យអ្នករាល់គ្នា។
8អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តការទាំងអស់នោះទេ ដូចយើងប្រព្រឹត្តពេលនេះឡើយ គឺនៅថ្ងៃនេះ អ្នករាល់គ្នាប្រព្រឹត្តតាមដែលខ្លួនយល់ថាត្រឹមត្រូវនៅចំពោះភ្នែករបស់ខ្លួន
9ដ្បិត អ្នករាល់គ្នាមិនទាន់បានចូលទៅកន្លែងសម្រាក ជាទឹកដីដែលព្រះអង្គម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យជាកេរមរតកនៅឡើយទេ។
10ប៉ុន្តែ នៅពេលដែលអ្នករាល់គ្នាឆ្លងកាត់ទៅទន្លេយ័រដាន់ ហើយទៅរស់នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ហើយពេលព្រះអង្គប្រទានឲ្យអ្នករាល់គ្នាសម្រាកពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរស់នៅដោយសុខសាន្ត
11ហើយនៅកន្លែងណាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានជ្រើសរើសជាព្រះដំណាក់ សម្រាប់តាំងព្រះនាមព្រះអង្គ ពេលនោះអ្នករាល់គ្នាត្រូវនាំយកតង្វាយទាំងប៉ុន្មានដែលខ្ញុំបង្គាប់ទៅអ្នករាល់គ្នា គឺមានទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។
12អ្នករាល់គ្នានឹងត្រូវអរសប្បាយចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកូនប្រុស និងកូនស្រីរបស់អ្នករាល់គ្នា និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិត ពួកលេវីមិនមានទឹកដីជាចំណែកកេមរតកក្នុងចំណោមអ្នករាល់គ្នាទេ។
13ចូរប្រយ័ត្ន កុំថ្វាយតង្វាយដុតរបស់អ្នករាល់គ្នានៅតាមទីកន្លែងណាដែលអ្នករាល់គ្នាឃើញនោះឡើយ
14ប៉ុន្តែ ត្រូវថ្វាយតង្វាយដុតនៅកន្លែងដែលព្រះអម្ចាស់បានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នករាល់គ្នា ហើយនៅទីនោះអ្នករាល់គ្នាត្រូវធ្វើអ្វីៗដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។
15ក៏ប៉ុន្តែ អ្នករាល់គ្នាអាចសម្លាប់សត្វបរិភោគ នៅក្នុងក្រុងណាមួយរបស់អ្នករាល់គ្នា តាមតែចិត្តប៉ងប្រាថ្នា តាមដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរអ្នករាល់គ្នា មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធ អាចបរិភោគសាច់នេះបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់កា្តន់។
16ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះចោលទៅលើដី ដូចជាចាក់ទឹកវិញ។
17នៅក្នុងក្រុងរបស់អ្នករាល់គ្នាមិនត្រូវបរិភោគតង្វាយមួយភាគដប់ចេញគ្រាប់ធញ្ញជាតិ ស្រូវ ស្រាទំពាំងថ្មី ប្រេង ឬកូនដំបូងពីហ្វូងចៀមរបស់អ្នករាល់គ្នាឡើយ និងតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រពីចិត្ត ព្រមទាំងតង្វាយពិសេសដែលថ្វាយដោយដៃរបស់អ្នករាល់គ្នានោះឡើយ។
18ឯតង្វាយទាំងនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះមុខព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា និងពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ក្នុងគ្រប់ទាំងការដែលអ្នករាល់គ្នាសម្រេចបាន។
19ចូរប្រយ័ត្នកុំបំភ្លេចពួកលេវីឡើយ ដរាបណាអ្នករាល់គ្នារស់នៅលើទឹកដីរបស់អ្នករាល់គ្នា។
20ពេលណាដែលព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ពង្រីកទឹកដីអ្នករាល់គ្នាឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹកក្នុងចិត្តថា ខ្ញុំចង់បរិភោគសាច់ ព្រោះខ្ញុំចង់បរិភោគសាច់នោះ នោះអ្នកអ្នករាល់គ្នាអាចបរិភោគសាច់តាមចិត្តប៉ងប្រថ្នារបស់អ្នករាល់គ្នា។
21ប្រសិនបើ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា បានជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ សិ្ថតនៅឆ្ងាយពីផ្ទះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា គឺដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាអាចបរិភោគនៅក្នុងទីក្រុងរបស់អ្នករាល់គ្នាតាមចិត្តប្រាថ្នារបស់អ្នករាល់គ្នា។
22អ្នករាល់គ្នាអាចបរិភោគសាច់សត្វទាំងអស់នោះបាន ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្តាន់ គឺទាំងអ្នកបរិសុទ្ធ និងទាំងអ្នកមិនបរិសុទ្ធ អាចបរិភោគបានដូចគ្នា។
23ប៉ុន្តែ ចូរឲ្យប្រយ័ត្នថា អ្នករាល់គ្នាមិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិត ឈាមជាជីវិត ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
24មិនត្រូវបរិភោគឈាមឡើយ អ្នករាល់គ្នាត្រូវចាក់ឈាម ចោលនៅលើដី ដូចជាចាក់ទឹក។
25មិនត្រូវបរិភោគឈាមឡើយ ធ្វើដូច្នេះ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយនឹងបានសុខសប្បាយ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តសេចក្តីត្រឹមត្រូវនៅចំពោះព្រះនេត្រព្រះអង្គម្ចាស់។
26ប៉ុន្តែ អស់ទាំងតង្វាយបរិសុទ្ធដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ និងតង្វាយលាបំណន់របស់អ្នករាល់គ្នា ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។
27ចំពោះតង្វាយដុតទាំងអស់នោះ ត្រូវយកទាំងសាច់ទាំងឈាមដើម្បីយកទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា រីឯឈាមនៃតង្វាយយញ្ញបូជារបស់អ្នករាល់គ្នា នឹងត្រូវប្រោះនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចបរិភោគសាច់បាន។
28ចូរប្រតិបត្តិ និងស្តាប់តាមអស់ទាំងព្រះបន្ទូលដែលខ្ញុំបង្គាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយបានសុខសប្បាយរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងសេចក្តីត្រឹមត្រូវនៅចំពោះព្រះនេត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
29កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា កាត់ប្រជាជាតិនៅចំពោះមុខអ្នករាល់គ្នាចេញ នៅក្នុងទឹកដីដែលអ្នករាល់គ្នាទៅចាប់យកពីគេ ហើយអ្នករាល់គ្នាអាចបណ្តេញគេចេញពីទឹកដីនោះ រួចចូលទៅរស់នៅក្នុងទឹកដីរបស់គេ
30ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាធ្លាក់ទៅក្នុងអន្ទាក់ដោយយកតម្រាប់តាមគេ ក្រោយពេលដែលគេបំផ្លាញឲ្យសូន្យបាត់ពីមុខអ្នករាល់គ្នា មិនត្រូវសាកសួរចង់ដឹងពីព្រះរបស់ពួកគេ ដោយពាក្យថា តើប្រជាជាតិទាំងនោះគោរពប្រតិបត្តិដល់ព្រះរបស់ពួកគេយ៉ាងដូចម្តេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ។
31អ្នករាល់គ្នាមិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមបែបដូច្នេះឡើយ ដ្បិត គេប្រព្រឹត្តដល់ព្រះរបស់ពួកគេ តាមសេចក្តីដែលព្រះម្ចាស់ប្រព្រឹត្តគួរស្អប់ខ្ពើម សូម្បីតែ កូនប្រុសកូនស្រីរបស់ពួកគេ គេក៏យកទៅដុតជាសក្ការបូជាដល់ព្រះទាំងនោះដែរ។ អស់ទាំងសេចក្តីដែលខ្ញុំបង្គាប់មកអ្នករាល់គ្នា។
32នោះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ។