1ហេតុដូច្នេះ ត្រូវស្រលាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវស្តាប់បង្គាប់ កាន់តាមច្បាប់ បញ្ញត្តិ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។
2ចូរចាំថា ខ្ញុំមិនបាននិយាយទៅកូនចៅរបស់អ្នករាល់គ្នាដែលមិនបានដឹង ហើយគេក៏មិនបានឃើញការដាក់ទោសរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឃើញពីភាពដ៏ឧត្តុង្គឧត្តម ប្ញទ្ធិបារមី និងតេជានុភាព ព្រះហស្តដ៏មានគ្រប់ទាំងព្រះចេស្តា ឬព្រះពាហុដែលលើកសម្រេចរបស់ព្រះអង្គ
3ទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅទឹកដីអេស៊ីប ទាស់ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្តេចនៃទឹកដីអេស៊ីប និងប្រជាជនក្នុងទឹកដីនោះទាំងមូលផង។
4ទាំងពីការដែលព្រះអង្គបានប្រហារដល់កងទ័ពអេស៊ីប ទាំងកងពលសេះ និងរទេះចម្បាំងរបស់ពួកគេ ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រដើមត្រែងហូរគ្របពីលើពួកគេ នៅពេលដែលពួកគេដេញតាមអ្នករាល់គ្នា ហើយព្រះអម្ចាស់បានបំផ្លាញពួកគេរហូតមកដល់សព្វថ្ងៃនេះ
5ព្រះអង្គបានជួួយអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ។
6ពួកគេមិនបានឃើញការដែលព្រះអម្ចាស់បានធ្វើចំពោះ លោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប ជាពូជពង្សរូបេន ដែលឲ្យដីស្រូបពួកគេ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ និងអស់អ្នកដែលរួមគំនិតជាមួយពួកគេ នៅកណ្តាលចំណោមជនជាតិអ៊ុីស្រាអែលទាំងមូល។
7ដ្បិត អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកពីការអស្ចារ្យដ៏ធំៗដែលព្រះអម្ចាស់បានធ្វើ។
8ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលយើងបានបង្គាប់មកអ្នករាល់គ្នានៅថ្ងៃនេះ នោះ អ្នករាល់គ្នានឹងមានកម្លាំង ហើយទៅចាប់យកទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងកាត់ ហើយកាន់កាប់ជាកម្មសិទ្ធិ
9និងដើម្បីឲ្យអ្នករាល់គ្នាមានអាយុយឺនយូរក្នុងទឹកដីដែលព្រះអម្ចាស់បានស្បថថានឹងប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងដល់ពូជពង្សរបស់ពួកគេ ជាទឹកដីដែលសម្បូរទឹកដោះ និងទឹកឃ្មុំហូរហៀរ។
10ដ្បិត ទឹកដីដែលអ្នករាល់គ្នាចាប់ទៅយកនោះ វាមិនដូចជាទឹកដីអេស៊ីប ដែលអ្នករាល់គ្នាចេញមកនោះទេ ហើយជាទឹកដីដែលអ្នកករាល់គ្នាសាបព្រោះ ត្រូវបាចទឹកបញ្ចូលស្រែ ដូចជានៅសួនបន្លែនោះដែរ
11ប៉ុន្តែ ទឹកដី ដែលអ្នករាល់គ្នាទៅកាន់កាប់នោះ ជាទឹកដីដែលមានភ្នំ និងជ្រលងភ្នំ ហើយក៏មានភ្លៀងធ្លាក់ស្រោចស្រពដីស្រែចម្ការ
12ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាយកព្រះហប្ញទ័យទុកដាក់ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាតែងតែទតមើលទឹកដីនោះជានិច្ច គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។
13ប្រសិនបើ អ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នករាល់គ្នា
14នោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើទឹកដីរបស់អ្នកតាមរដូវកាល គឺជាភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ ដើម្បីឲ្យអ្នករាល់គ្នាអាចប្រមូលផលស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។
15យើងនឹងធ្វើឲ្យមានស្មៅដុះនៅតាមទីវាលស្រែ សម្រាប់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយអ្នកនឹងមានអាហារបរិភោគយ៉ាងហូរហៀរ។
16ចូរប្រយ័ត្ន ចំពោះខ្លួនឯង ដើម្បីកុំឲ្យចិត្តអ្នករាល់គ្នាត្រូវសេចក្តីល្បួង ហើយបែរទៅគោរពបម្រើ ហើយក្រាបថ្វាយបង្គំព្រះដទៃ និងលុតជង្គង់ចំពោះព្រះទាំងនោះឡើយ
17បើមិនដូច្នេះទេ សេចក្តីក្រោធនៃព្រះអម្ចាស់ទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបង្ខាំងមេឃមិនឲ្យមានភ្លៀង ហើយដីក៏មិនបង្កើតផលផ្លែដែរ នោះអ្នករាល់គ្នានឹងត្រូវវិនាសយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា។
18ដូច្នេះ ត្រូវរក្សាទុកព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ ឲ្យដក់ជាប់នៅក្នុងចិត្ត ក្នុងព្រលឹងរបស់អ្នករាល់គ្នា ហើយត្រូវចងព្រះបន្ទូលទាំងនេះ ទុកជាទីសម្គាល់ ជាប់នៅនឹងដៃ ហើយជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។
19ចូរបង្រៀនសេចក្តីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ នៅពេលអ្នករាល់គ្នានៅផ្ទះ ពេលអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវ ពេលអ្នករាល់គ្នាចូលដំណេក និងពេលអ្នករាល់គ្នាក្រោកពីដំណេកផង។
20ចូរសរសេរសេចក្តីទាំងនេះ នៅលើក្របទ្វារផ្ទះរបស់អ្នករាល់គ្នា និងនៅលើខ្លោងទ្វារក្រុងរបស់អ្នករាល់គ្នាដែរ។
21ដើម្បីឲ្យអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នាមានអាយុវែង នៅក្នុងទឹកដីដែលព្រះអម្ចាស់ស្បថ និងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺវែងដូចជាផ្ទៃមេឃដែលនៅលើផែនដីដែរ។
22ប្រសិនបើ អ្នករាល់គ្នាយកចិត្តទុកដាក់កាន់តាម និងប្រតិបត្តិតាមបទបញ្ជាទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងដើរតាមផ្លូវរបស់ព្រះអង្គ ហើយនៅជាប់ជាមួយនឹងព្រះអង្គ
23នោះ ព្រះអម្ចាស់នឹងបណ្តេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចាប់យកទឹកដីរបស់ប្រជាជាតិនានាដែលធំ ហើយខ្លាំងពូកែជាងអ្នករាល់គ្នា។
24ទីកន្លែងណាដែលអ្នករាល់គ្នាដាក់ជើងជាន់ នោះនឹងបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ព្រំប្រទល់របស់អ្នករាល់គ្នានឹងបានចាប់តាំងពីទីវាលហោស្ថាន រហូតដល់ទឹកដីលីបង់ និងពីទន្លេ គឺទន្លេអឺប្រាតរហូតដល់សមុទ្រមេឌីទែរ៉ាណេ។
25គ្មាននរណាម្នាក់នឹងអាចឈរតទល់នឹងអ្នករាល់គ្នាបានឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យប្រជាជននៅក្នុងទឹកដីទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ ហើយខ្លាចអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នករាល់គ្នា។
26មើល៍ នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្តាសានៅមុខអ្នករាល់គ្នា
27ប្រសិនបើ អ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះអ្នករាល់គ្នានឹងទទួលបានព្រះពរ
28តែប្រសិនបើ អ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ ហើយងាកចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនស្គាល់ នោះនឹងត្រូវបណ្តាសាជាមិនខាន។
29ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នាទៅក្នុងទឹកដីដែលអ្នករាល់គ្នាត្រូវទៅចាប់យក នោះអ្នករាល់គ្នាត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។
30តើអ្នករាល់គ្នាបានស្គាល់ហើយថា ភ្នំទាំងពីរនេះ សិ្ថតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមវាលទំនាបអារ៉ាបា ទល់មុខទៅគីកាល់ ជិតដើមម៉ៃសាក់នៅម៉ូរេ?
31ដ្បិត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ដើម្បីឆ្ពោះទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ហើយត្រូវរស់នៅក្នុងទឹកដីនោះ ដែលអ្នករាល់គ្នាបានចាប់យក។
32អ្នករាល់គ្នាត្រូវតាមអស់ទាំងច្បាប់ និងបញ្ញតិ្តទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យទៅអ្នករាល់គ្នានៅថ្ងៃនេះ។