ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរឆ្លាក់ថ្មពីរបន្ទះ ដូចបន្ទះថ្មពីមុន រួចឡើងយកមកជួបយើងនៅលើភ្នំ ហើយត្រូវធ្វើហឹបមួយពីឈើ។
2យើងនឹងសរសេរពាក្យនៅលើបន្ទះថ្មនេះ​​ តាមសេចក្តីដែលបានសរសេរលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែក ហើយត្រូវទុកបន្ទះថ្មនេះនៅក្នុងហឹប។
3ដូច្នេះ ខ្ញុំបានធ្វើហឹបមួយពីឈើនាងនួន​ ហើយខ្ញុំបានធ្លាក់ថ្មពីបន្ទះ ដូចបន្ទះថ្មពីមុន ហើយខ្ញុំក៏បានឡើងទៅលើភ្នំ ដោយកាន់ថ្មពីរបន្ទះនោះនៅនឹងដៃ។
4ព្រះអង្គបានសរសេរនៅលើបន្ទះថ្មនោះ តាមសេចក្តីដែលបានសរសេរពីមុន គឺក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលនៅកណ្តាលភ្លើងមកកាន់អ្នក នៅលើភ្នំ ក្នុងថ្ងៃប្រជុំ បន្ទាប់មក ព្រះអម្ចាស់ក៏បានប្រគល់បន្ទះថ្មនោះមកខ្ញុំ។​
5ខ្ញុំក៏ចុះពីភ្នំមកវិញ ហើយទុកបន្ទះថ្មនោះនៅក្នុងហឹបដែលខ្ញុំបានធ្វើ​ ហើយបន្ទះថ្មនោះនៅក្នុងហឹបរហូត ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
6(ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ូត​ បេនេយ៉ាកាន ឆ្ពោះទៅម៉ូសេរ៉ា។ លោកអើរ៉ុនក៏ស្លាប់នៅទីនោះហើយគេក៏បញ្ចុះសពលោកនៅទីនោះ ហើយលោកអេឡាសារ ជាកូនរបស់លោក បានទទួលមុខងារជាបូជាចារ្យជំនួសលោក។
7ពួកគេបានចេញដំណើរពីទៅនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា​ ជាទឹកដីដែលមានស្ទឹងច្រើន។​​​
8នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីចេញ ដើម្បីឲ្យពួកគេសែងហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអម្ចាស់ ព្រមទាំងជូនពរដល់ប្រជាជនក្នុងមានព្រះអង្គ រហូតមកដល់សព្វថ្ងៃនេះ។
9ហេតុនេះហើយ បានជាពួកលេវីគ្មានចំណែកមរតកជាមួយបងប្អូនរបស់ខ្លួនទេ ដ្បិត ព្រះអម្ចាស់ជាមរតករបស់ពួកគេ ដូចដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកបានមានព្រះបន្ទូលទៅពួកគេហើយ)។
10ខ្ញុំនៅលើភ្នំអស់ចំនួនសែសិបថ្ងៃសែសិបយប់ ដូចពីមុន។ នៅពេលនោះ ព្រះអម្ចាស់ព្រមស្តាប់តាមពាក្យទូលអង្វររបស់ខ្ញុំ គឺព្រះអម្ចាស់មិនចង់បំផ្លាញអ្នករាល់គ្នាទេ។
11ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ហើយដើរនាំមុខប្រជាជននេះ ដើម្បីឲ្យពួកគេចាប់យកទឹកដី ដែលយើងបានស្បថជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យទៅពួកគេ»។
12ឥឡូវនេះ អ៊ីស្រាអែលអើយ តើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ទាមទារចង់បានអ្វីពីអ្នករាល់គ្នា គឺចង់ឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ចូរដើតាមផ្លូវរបស់ព្រះអង្គ ហើយត្រូវស្រឡាញ់ព្រះអង្គ ព្រមទាំងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា
13ហើយត្រូវកាន់តាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ​ សម្រាប់ជាសេចក្តីល្អដល់អ្នករាល់គ្នា?
14មើល៍​ ផ្ទៃមេឃ ហើយអស់ទាំងអាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
15ព្រះអម្ចាស់ជាប់ព្រះហប្ញទ័យ​ស្រឡាញ់​តែបុព្វបុរសរបស់អ្នករាល់គ្នា ហើយបានជ្រើសរើសអ្នករាល់គ្នា​ ដែលជាពូជពង្សរបស់ពួកគេ និងអ្នកដែលនៅបន្ទាប់ពីពួកគេ លើសជាងជាតិសាសន៍ទាំងប៉ុន្មាន ដូចព្រះអង្គបានធ្វើសព្វថ្ងៃនេះ។
16ដូច្នេះ ចូរអ្នករាល់គ្នាកាត់ស្បែកចិត្តរបស់អ្នករាល់គ្នាចេញ ហើយកុំមានចិត្តរឹងរូសឲ្យសោះ។​
17ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាព្រះដ៏ធំឧត្តម ព្រះអង្គជាព្រះដ៏មានព្រះចេស្តា ហើយគួឲ្យស្ញែងខ្លាច ហើយព្រះអង្គមិនយោគយល់នរណាឡើយ ក៏មិនទទួលសំណូកពីនរណាដែរ។
18ព្រះអង្គរកសេចក្តីយុត្តិធម៌ឲ្យក្មេងកំព្រា និងស្រ្តីមេម៉ាយ​ ហើយព្រះអង្គបានបង្ហាញក្តីស្រឡាញ់ដល់ជនបរទេស ព្រមទាំងប្រទានអាហារ និងសម្លៀកបំពាក់ដល់ពួកគេ។
19ដូច្នេះ ចូរស្រឡាញ់ជនបរទេស ដ្បិត អ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅទឹកដីអេស៊ីបដែរ។
20ត្រូវគោរពកោតខ្លាចដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវគោរពប្រតិបត្តិដល់ព្រះអម្ចាស់ ហើយនៅជាប់ជាមួយនឹងព្រះអង្គ ហើយអ្នករាល់គ្នាត្រូវស្បថក្នុងនាមព្រះអង្គតែមួយប៉ុណ្ណោះ។
21ចូរលើកតម្កើងដល់ព្រះអង្គ ហើយព្រះអង្គជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គបានធ្វើការអស្ចារ្យដ៏ធំ គួរឲ្យស្ញែងខ្លាច នៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលភ្នែករបស់អ្នករាល់គ្នាបានឃើញស្រាប់ហើយ។
22កាលបុព្វបុរសរបស់អ្នករាល់គ្នាបានចុះទៅនៅទឹកដីអេស៊ីប ពួកគេមានគ្នាចិតសិបនាក់តែប៉ុណ្ណោះ តែឥឡូវ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានចម្រើនឲ្យអ្នករាល់គ្នាមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។