ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 7

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិន្តហើយនិមត្តឃើញ​គំនិតរបស់លោក នៅពេលដែលលោកសម្រាកនៅលើគ្រែ។ រួចលោកបានកត់ត្រានូវអ្វីដែលលោកបានសុបិន្តឃើញនោះ។ លោកបានកត់ត្រានៅហេតុការណ៍ដែលសំខាន់ៗៈ
2ដានីយ៉ែលបានពន្យល់ថា «នៅក្នុងនិមិត្តដែលខ្ញុំបានឃើញនោះគឺ ខ្យល់បួនទិសមកពីលើមេឃធ្លាក់ចុះចំសមុទ្រធំ។
3ហើយមានសត្វធំៗបួន មានរូបរាងខុសៗគ្នា បានឡើងចេញពីសមុទ្រមក។
4សត្វទីមួយមានរូបរាងដូចជាសត្វសឹង្គ ប៉ុន្តែមានស្លាបដូចឥន្ទ្រី។ នៅក្នុងពេលដែលខ្ញុំកំពុងតែមើល វាបានដកហូតស្លាបរបស់វា ហើយវាក៏បានលើកផុតពីដីទៅ ហើយវាអាចឈរជើងពីរដូចជាមនុស្ស។ ហើយចិត្តគំនិងរបស់មនុស្សត្រូវបានប្រទានដល់វាដែរ។
5រួចហើយកីមានសត្វទីពីរមានរូបរាងដូចសត្វខ្លាឃ្មុំ ហើយវាឈរកោងខ្លួន វាមានឆ្អឹងជំនីបីនៅរវាងធ្មេញនៅក្នុងមាត់។ វាត្រូវបានប្រាប់ថា «ក្រោកឡើង ហើយត្របាក់ស៊ីមនុស្សឲ្យបានច្រើន»។
6បន្ទាប់ពីការនេះ ខ្ញុំក៏បានមើលម្តងទៀត។ គឺមានសត្វមួយទៀតដែលមើល ទៅរាងដូចជាខ្លារខិន។ នៅលើខ្នងវាមានស្លាបបួនដូចស្លាបបក្សី ហើយមានក្បាលបួន។ វាមានសិទ្ធអំណាចដើម្បីគ្រប់គ្រង។
7បន្ទាប់ពីនេះមកនៅក្នុងនិមិត្តនាយប់នោះខ្ញុំបានឃើញសត្វទីបួន ដែលគួរឲ្យខ្លាចនិងរន្ធត់ ហើយមានកម្លាំងខ្លាំងក្លា។ ហើយវាមានធ្មេញដែករឹងមាំ ដែលត្របាក់លេប ស៊ីកម្ទេចទៅជាចំណែក ហើយជាន់សំណល់ទាំងអស់ដែលនៅសល់ផង។ សត្វនេះមានសណ្ឋានខុសពីសត្វដទៃ ហើយវាមានស្នែងដប់។
8ខណៈពេលដែលខ្ញុំកំពុងតែសង្កេតមើលពីស្នែង ខ្ញុំបានមើលដ៏បានឃើញស្នែងតូចផ្សេងទៀតដុះចេញមកក្នុងចំណោមស្នែងទាំងនោះដែរ។ ស្នែង​ចាស់​បី​ត្រូវ​បាន​ដក​ចេញ​ទាំង​ឫស។ ខ្ញុំឃើញស្នែងនោះមានភ្នែកដូចមនុស្ស ហើយមាត់វាពោលប្រកាសពីពាក្យកុហកយ៉ាងអស្ចារ្យ។
9ពេលខ្ញុំមើលទៀត ឃើញបល្ល័ងជាច្រើនត្រូវបានតាំងឡើង ហើយព្រះពី បុរាណបានសោយរាជ្យលើបល្ល័ងនោះ។ ព្រះភូសាព្រះអង្គមានពណ៌សដូចជាព្រិល ព្រះកេសាទ្រង់សដូចសំឡី។ រាជបល្ល័ងនោះប្រៀបបានទៅនឹងអណ្តាតភ្លើង ហើយកង់វាកំពុងឆេះយ៉ាងសណ្ធោសណ្ធៅ។
10មានទន្លេមួយហូរចេញអណ្តាតភ្លើងនៅពីមុខព្រះអង្គ ហើយមនុស្សរាប់លាននាក់គោរពបម្រើព្រះអង្គ ហើយមនុស្សមួយរយលាននាក់កំពុងឈរនៅមុខព្រះភ័ក្រ្តទ្រង់។ គ្រានោះចៅក្រមដែលអង្គុយក៏នាំគ្នាបើកក្រាំង។
11ខ្ញុំក៏បន្តតាមមើលទៀត ក៏បានឮស្នែងមួយពោលពាក្យអួតព្រហើន។ ពេលខ្ញុំកំពុងតែមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ខ្មោចវាត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយយកវាទៅដុតចោល។
12ចំណែកឯសត្វផ្សេងៗទៀត ត្រូវគេដកសិទ្ធគ្រប់គ្រងចេញពីវា ប៉ុន្តែវាអាចនៅមានជីវិតរស់នៅដល់ពេលកំណត់មកដល់។
13នៅក្នុងសុបិន្តដែលខ្ញុំឃើញនៅយប់នោះ ខ្ញុំបានឃើញមនុស្សម្នាក់មកពីលើមេឃជាមួយពពកដូចជាកូនមនុស្ស លោកចូលទៅចំពោះព្រះជាម្ចាស់នៃពេលវេលា ហើយលោកបានទៅគាល់ព្រះអង្គ។
14គ្រប់ទាំងសិទ្ធអំណាចដើម្បីគ្រប់គ្រងជាមួយសេរីយរុងរឿង និងអំណាចបានប្រគល់ជួនលោក ដូច្នេះគ្រប់ទាំងប្រជាជាតិគ្រប់ជាតិសាសន៍ គ្រប់ភាសានឹងគោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកនឹងនៅស្ថិតស្ថេរជានិច្ច ហើយព្រះរាជរបស់ទ្រង់និងមិនអាចបំផ្លាញបានដែរ។
15គ្រានោះទូលបង្គំ គឺដានីយ៉ែល នៅក្នុងព្រលឹងរបស់ទូលបង្គំទុក្ខទោម្នេញជាខ្លាំង ហើយសុបិន្តទូលបង្គំបានឃើញធ្វើឲ្យទូលបង្គំបារម្ភខ្លាំងណាស់។
16ទូលបង្គំបានទៅជិតម្នាក់ក្នុងចំណោមពួកអ្នកដែលឈរទីនោះ ហើយសួរលោកឲ្យជួយបកស្រាយអត្ថន័យពីការទាំងនេះ។
17«ពួកសត្វដ៏ធំទាំងបួននោះ គឺមហាក្សត្រទាំងបួនដែលនឹងឡើងគ្រងរាជ្យនៅលើផែនដី។
18ប៉ុន្តែប្រជាជាតិនៃព្រះជាម្ចាស់ដ៏ខ្ពស់បំផុតនឹងទទួលព្រះរាជ្យនោះ ហើយពួកគេនឹងគ្រងរាជ្យនៅជាអស់កល្បជានិច្ចទៅ»។
19បន្ទាប់មកខ្ញុំក៏ចង់ដឹងថែមទៀតអំពីសត្វទីបួន វាមានលក្ខណៈខុសពីសត្វផ្សេងទៀត ហើយគួរឲ្យស្ញែងខ្លាចនិងធ្មេញដែក របស់វាខ្លាំងណាស់ហើយនិងក្រចកលង្ហិន របស់វាផង ហើយវាលេបត្របាក់និងបំផ្លាញជាចំណែកតូចៗ ហើយថែមទាំងជាន់កំទេចអ្វីដែលនៅសល់ដោយជើងរបស់វា។
20ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលរបស់វា ហើយនឹងស្នែងតូចៗផ្សេងទៀតដែលដុះឡើង ហើយពេលមុនស្នែងបីទៀតបានជ្រុះចេញ។ ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដែលមានភ្នែក និងអំពីមាត់របស់វាពោលពាក្យអំនួតព្រហើន ដែលវាមើលទៅហាក់ដូចជាធំជាងស្នែងផ្សេងទៀត។
21ពេលដែលខ្ញុំមើលទៅឃើញស្នែងនេះកំពុងតែប្រយុទ្ធជាមួយប្រជាជនដ៏វិសុទ្ធ ហើយកំពុងយកឈ្នះពួកគេ។
22ដល់ពេលដែលព្រះជាម្ចាស់នៃពេលវេលាយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ រួចហើយជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធនឹង ទទួលបានព្រះរាជ្យ។
23នេះគឺជាអ្វីដែលមនុស្សនោះបានប្រាប់ខ្ញុំ «សត្វទីបួន គឺជាអាណាចក្រទីបួនដែលនៅលើផែនដី ដែលនឹងខុសពីអាណាចក្រផ្សេងៗទៀត។ អាណាចក្រនោះនឹងលេបត្របាក់ កម្ទេចអាណាចក្រផ្សេងៗឲ្យទៅជាចំណែកតូចផង។
24រីឯស្នែងទាំងដប់នោះវិញ គឺនឹងមានអាណាចក្រ មានព្រះរាជាដបនឹងឡើងសោយរាជ្យ ហើយនឹងមានព្រះរាជាផ្សេងទៀតដែលឡើងសោយរាជ្យបន្ទាប់ពួកទ្រង់។ ព្រះរាជានេះនឹងខុសពីស្តេចមុនៗ ហើយទ្រង់នឹងគ្រប់គ្រងនៅលើអាណាចក្រទាំងបី។
25ស្តេចនឹងមានរាជឱង្ការទាស់ប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយនឹង សង្កត់សង្គិនប្រជាជនដ៏វិសុទ្ធនៃព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ ស្តេចនឹងព្យាយាមផ្លាស់ប្តូរពិធីបុណ្យ​ និងច្បាប់ផ្សេងៗ។ ការនេះនឹងស្ថិតក្នុងព្រះហស្តរបស់ទ្រង់អស់រយៈពេលមួយឆ្នាំ ពីរឆ្នាំនិង កន្លះឆ្នាំ។
26ប៉ុន្តែលុះពេលវិនិច្ឆ័យទោសមកដល់គេនឹងដកសិទ្ធិអំណាចគ្រប់គ្រងចេញពីស្តេចនេះ នឹងត្រូវលេបត្របាក់ហើយបំផ្លាញនៅគ្រាចុងបញ្ចប់។
27អាណាចក្រ ហើយអំណាចគ្រប់គ្រង ដ៏ធំអស្ចារ្យនៃណាចក្រទាំងឡាយដែលនៅក្រោមផ្ទៃមេឃ បានប្រគល់មកឲ្យប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជ្យរបស់ស្តេចនេះនឹងគង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយគ្រប់ទាំងណាចក្រទាំងអស់នឹងគោរពបម្រើស្តេចនេះ»។
28នេះគឺជាពេលចុងក្រោយនៃរឿងរ៉ាវ។ ខ្ញុំ ដានីយ៉ែលមានសេចក្តីភិតភ័យជាពន់ពេក ហេតុការណ៍នេះបានធ្វើឲ្យទឹកមុខខ្ញុំស្លេកស្លាំង។ តែខ្ញុំបានរក្សាការទាំងនេះទុកនៅក្នុងខ្លួនខ្ញុំម្នាក់ឯង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។