1ព្រះចៅបេលសាសារបានចាត់ឲ្យគេ រៀបចំពិធីជប់លៀងសម្រាប់ពួកអភិជនចំនួនមួយមឺុននាក់ ហើយទ្រង់បានសោយ ស្រានៅមុខពួកមួយមឺុននាក់នោះ។
2នៅពេលដែលព្រះចៅបេលសាសារ ក្រេបស្រារួចហើយ ទ្រង់ក៏បញ្ជាឲ្យគេយកពែងមាសពែងប្រាក់ ដែលព្រះចៅនេប៊ូក្នេសា ជាបិតាទ្រង់បានរឹបអូសយកពីព្រះវិហារនៅក្នុងក្រុងយេរ៉ូសាឡឹម ហើយទ្រង់ចង់យកពែងនោះមកដាក់ស្រាសម្រាប់ អភិជន ពួកមហេសី ហើយពួកស្នំ អាចផឹកស្រាបាន។
3ពួកអ្នកបម្រើបានយកពែងមាសដែលបានយកមកពីព្រះវិហារដែលជាដំណាក់នៃព្រះជាម្ចាស់នៅក្នុងក្រុងយេរូ៉សាឡឹម។ ព្រះរាជា និងពួកអភិជនហើយមហេសី និងស្នំបានប្រើពែងទាំងនោះដើម្បីក្រេបស្រា។
4ពួកគេបានស្រវឹងស្រា ហើយ ថ្វាយបង្គំរូបព្រះរបស់គេដែលបានធ្វើពីមាស ហើយនិងប្រាក់ លង្ហិន និងដែក ឈើ និងថ្ម។
5នៅក្នុងពេលនោះស្រាប់តែមានម្រាមដៃលេចចេញមក នៅពីមុខចង្កៀង ហើយសសេរនៅលើជញ្ជាំងក្នុងព្រះបរមរាជវាំងរបស់ព្រះរាជា។ ព្រះរាជាក៏បានឃើញនូវចំណែកដែលម្រាមដៃនោះបានសសេរនោះ។
6បន្ទាប់មកស្តេចប្រែព្រះភ័ក្រ្ត ហើយព្រះហឫទ័យរបស់ព្រះករុណាទៅជារន្ធត់ ព្រះកាយទ្រង់មិនអាចជួយស្តេចបាន ហើយជង្គង់ខ្សោយទាំងពីរ។
7ព្រះរាជាបានប្រកាសព្រះរាជបញ្ជាឲ្យគេទៅកោះហៅពួកហោរា គ្រូទាយ គ្រូមន្តអាគម គ្រូធ្មប់អ្នកប្រាជ្ញនានា។ ព្រះរាជាបានមានព្រះរាជបន្ទូលទៅដល់អ្នកដែលមានប្រាជ្ញានៅស្រុកបាប៊ីឡូន «បើនរណាអាចបកស្រាយពីអត្ថន័យនៃអក្សរដែលបានសសេរនេះ ទ្រង់នឹងបំពាក់អាវពណ៌ស្វាយ និងខ្សែកមាសជូនជាកិត្តិយស។ អ្នកនោះនឹងប្រទានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រនេះ»។
8រួចហើយគ្រប់ទាំងហោរាគ្រូធ្មប់ ហើយពួកអ្នកប្រាជ្ញនានាក៏នាំគ្នាមក ប៉ុន្តែពួកគេមិនអាចអាន ឬយល់និងមិនអាចបកស្រាយពីអត្ថន័យនៃអក្សរនោះថ្វាយព្រះរាជបានឡើយ។
9រួចហើយព្រះចៅបេលសាសារក៏កាន់តែខ្វល់ខ្វាយ ភ័យរន្ធត់ញាប់ញ័រនៅលើព្រះភក្រ្ត័របស់ទ្រង់។ ហើយពួកនាមីុនមន្ត្រីនានាក៏ទាល់គំនិតដែរ។
10នៅពេលនេះព្រះមហាក្សត្រិយានីឮពីរាជឱង្ការ និងពីអ្វីដែលពួកនាមីុននាំបានពិភាក្សាគ្នា ទ្រង់ក៏យាងចូលក្នុងសាលជប់ លៀង។ ព្រះមហាក្សត្រិយានីមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមទ្រង់មានព្រះជន្មយឺនយូរ! សូមកុំឲ្យព្រះគំនិតធ្វើឲ្យទ្រង់ខ្វល់ខ្វាយឡើយ។ ហើយកុំឲ្យព្រះភ័ក្រ្តរបស់ទ្រង់ប្រែឡើយ។
11នៅក្នុងរាជាណាចក្ររបស់ព្រះអង្គមានបុរសម្នាក់ដែលមានព្រះវិញ្ញាណ ដ៏វិសុទ្ធគង់នៅជាមួយ។ នៅក្នុងរជ្ជកាលនៃព្រះបិតាព្រះអង្គ បុរសម្នាក់នោះគឺជាម្នាក់ដែលដឹងការលាក់កំបាំង មានតម្រិះ ប្រាជ្ញាមកពីព្រះនៅក្នុងអ្នកនោះ។ ព្រះចៅនេប៊ូសា ព្រះបិតាទ្រង់បានតែងតាំងលោកធ្វើជាមេប្រមុខលើអស់ទាំងពួកគ្រូ គ្រូមន្តអាគមហោរា គ្រូទាយគ្រូធ្មប់ និងអ្នកប្រាជ្ញនានា។
12ដោយឃើញថាបុរសនោះ លោកមានប្រាជ្ញាវាងវៃ ចំណេះដឹងជ្រៅជ្រះ អាចកាត់ស្រាយសុបិន្ត ហើយអាចដោះស្រាយរាល់បញ្ហាពិបាកៗផ្សេងៗ លោកនោះមានឈ្មោះថាដានីយ៉ែល ដែលព្រះបិតាទ្រង់ប្រទាននាមថា បេលថិស្សាសារ។ ពេលនេះសូមអនុញ្ញាតឲ្យគេហៅលោកនោះមក ដើម្បីឲ្យលោកបានកាត់ស្រាយអត្ថន័យអក្សរដែលបានសសេរនោះ»។
13រួចហើយគេក៏នាំដានីយ៉ែលមកគាល់ព្រះរាជា។ ព្រះរាជាបានមានរាជឱង្ការទៅកាន់គាត់ថា «តើលោកគឺជាដានីយ៉ែល ដែលបានជម្លៀសចេញពីស្រុកយូដាដែលព្រះបិតាយើងបាននាំចេញពីយូដា។
14យើងបានឮអំពីលោកថាមានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះគង់នៅក្នុងលោក ដែលមានភាពវាងវៃ និងមានចំណេះដឹងជ្រាលជ្រៅ ហើយប្រាជ្ញាដ៏អស្ចារ្យនៅក្នុងលោកផងដែរ។
15ពេលនេះពួកគ្រូអ្នកប្រាជ្ញ និងពួកអ្នកដែលអាចហៅវិញ្ញាណអ្នកស្លាប់មកជួប គឺបាននាំមកគាល់យើងដើម្បីអានអក្សរទាំងនេះ ហើយបកស្រាយអត្ថន័យដល់យើង ប៉ុន្តែក្នុងចំណោមពួកគេគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ។
16យើងបានឮថាលោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយរាល់បញ្ហាបាន។ ពេលនេះប្រសិនបើលោកអាចអានអក្សរនៅលើជញ្ជាំងនេះ ហើយអាចកាត់ស្រាយអត្ថន័យវា លោកនឹងបំពាក់អាវពណ៌ស្វាយ និងខ្សែកមាសជូនជាកិត្តិយស ហើយមានសិទ្ធអំណាចជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រផង»។
17គ្រានោះដានីយ៉ែលក៏ទូលឆ្លើយទៅព្រះរាជាថា «បពិត្រព្រះករុណា សូមព្រះអង្គទុករង្វាន់ទាំងនោះ សម្រាប់អ្នកដ៏ទៃចុះ។ ទោះបីជាយ៉ាងណាក៏ដោយ ទូលបង្គំសូមអានអក្សរថ្វាយព្រះរាជា និងកាត់ស្រាយអត្ថន័យថ្វាយទ្រង់ផងដែរ។
18បពិត្រព្រះរាជា ដូចទ្រង់ជ្រាបថាព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រះជាម្ចាស់បានប្រទានដល់ព្រះចៅនេប៊ូក្នេសាជាបិតាទ្រង់នៅអាណាចក្រ ជាមហាកិត្តិយសនិងរិទ្ធានុភាព។
19ដោយសារដែលព្រះជាម្ចាស់បានប្រទានមកព្រះបិតាទ្រង់ ហើយប្រជាជាតិ គ្រប់ជាតិសាសន៍ និងគ្រប់ភាសាគោរពកោតខ្លាចញាប់ញ័រចំពោះទ្រង់។ ទ្រង់ដាក់ទោសប្រហារជីវិតដល់អ្នកដែលគួរនឹងស្លាប់ ហើយទុកជីវិតដល់អ្នកដែលគួរនឹងរស់។ ទ្រង់លើកអស់អ្នកណាដែលស្តេចសព្វព្រះហឫទ័យ ហើយទ្រង់បន្ទាបអស់អ្នកដែលចង់បាន។
20ប៉ុន្តែដោយសារព្រះរាជាមានចិត្តរឹងរូស និងអំណួតហើយប្រព្រឹត្តបំពាន នោះទ្រង់ត្រូវគេទម្លាក់ពីរាជបល្ល័ង្ក ហើយគេបានយកសិរីរុងរឿងរបស់ទ្រង់។
21ទ្រង់ត្រូវបានបណ្តេញចេញពីចំណោមមនុស្សជាតិ ហើយទ្រង់បែរជាមានគំនិតដូចជាសត្វតិរច្ឆាន ហើយទ្រង់រស់នៅជាមួយសត្វលាព្រៃ។ ទ្រង់សោយស្មៅដូចជាសត្វគោ។ ព្រះកាយទ្រង់សើមដោយទឹកសន្សើមពីលើមេឃ រហូតដល់ពេលដែលទ្រង់ដឹងស្មារតី និងទទួលស្គាល់ព្រះដ៏ខ្ពង់ខ្ពស់គ្រប់គ្រងលើអាណាចក្រមនុស្ស ហើយទ្រង់សោយរាជលើពួកគេ លើអ្នកដែលទ្រង់សព្វព្រះហឫទ័យ។
22ព្រះករុណាបេសសាសារ ព្រះរាជាគឺជាព្រះរាជបុត្រទ្រង់ ហើយទ្រង់មិនទាន់បានបន្ទាបចិត្តទ្រង់ទេ ទោះបីព្រះករុណាបានដឹងពីរឿងទាំងនេះហើយក្តី។
23ទ្រង់បានតម្កើងខ្លួនទាស់ប្រឆាំងនឹងព្រះអម្ចាស់នៃនគរស្ថានសួគ៌។ ដោយទ្រង់បានបញ្ជាឲ្យគេយកពែងពីព្រះវិហារនៃព្រះជាម្ចាស់ សម្រាប់ចាក់ស្រាឲ្យព្រះករុណាផ្ទាល់ សម្រាប់នាម៉ឺនមន្ត្រី មហេសី និងស្នំ ហើយទ្រង់បានក្រាបថ្វាយបង្គំអស់ព្រះដែលធ្វើពី មាស លង្ហិន ដែក ឈើ និងពីថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្តាប់មិនឮ និងមិនដឹងអ្វីទាំងអស់។ ព្រះករុណាមិនបានសសើរតម្កើងដល់ព្រះជាម្ចាស់ដែលកាន់ខ្យល់ដង្ហើមនៅក្នុងព្រះហស្តព្រះអង្គ ហើយស្គាល់ពីព្រះករុណាគ្រប់ផ្លូវទាំងអស់។
24ហេតុដូច្នោះហើយ បានជាព្រះជាម្ចាស់ចាត់ម្រាមដៃព្រះវត្តមានរបស់ព្រះអង្គមកសសេរអក្សរនេះ។
25អក្សរនេះបានសសេរថាៈ «ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន»។
26ពាក្យទាំងនេះមានន័យថា «ម៉េេណ» «ព្រះជាម្ចាស់បានរាប់ថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយនឹងបញ្ចប់រាជនេះផង»។
27ពាក្យថា «តេកែល» «បានថ្លឹងព្រះករុណានៅលើជញ្ជីង ហើយឃើញថាព្រះករុណានៅខ្វះ»។
28«ពេរេស» «អាណាចក្ររបស់ព្រះករុណាបែកជាពីរ គឺមួយចំណែកឱ្យទៅជនជាតិមេឌី និងមួយចំណែកទៀតឲ្យទៅជនជាតិពែរ្ស»។
29រួចហើយព្រះចៅបេលសាសាររាជបញ្ជា ហើយគេបានយកសម្លៀកបំពាក់ពណ៌ស្វាយស្លៀកឲ្យដានីយ៉ែល។ ខ្សែរកមាសមកបំពាក់ឲ្យដានីយ៉ែល ព្រះរាជាចេញរាជប្រកាសថា លោកនឹងមានឋានៈគ្រប់គ្រងទីបីនៅក្នងរាជាណាចក្រនេះ។
30នៅរាត្រីនោះ ព្រះចៅបេលសាសារជាព្រះរាជានៃជនជាតិបាប៊ីឡូនត្រូវបានធ្វើគុត
31ហើយព្រះចៅដារីយូស និងជនជាតិមេឌីបានគ្រងរាជ្យបន្តនៅក្នុងព្រះជន្មហុកសិបពីរព្រះវស្សា។