ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះចៅនេប៊ូក្នេសាបានបញ្ជូនរាជសារនេះទៅដល់ប្រជាជនទាំងអស់ ហើយគ្រប់ជាតិសាសន៍ និងគ្រប់ភាសាទាំងមូល ដែលរស់នៅលើផែនដីទាំងមូលៈ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត។
2គ្រប់ទាំងការល្អបានកើតដល់យើង ដើម្បីប្រាប់អ្នករាល់គ្នាឲ្យបានដឹងពីទីសម្គាល់ និងការអស្ចារ្យទាំងឡាយ ដែលព្រះដ៏ខ្ពង់ខ្ពស់បានធ្វើសម្រាប់យើង។
3តើទីសម្គាល់របស់ព្រះអង្គអស្ចារ្យយ៉ាងណាទៅ និងរិទ្ធិនុភាពដ៏អស្ចារ្យយ៉ាងទៅ! ហើយព្រះរាជ្យរបស់ព្រះអង្គគង់នៅអស់កល្បជានិច្ចតទៅ ហើយអំណាចត្រួតត្រារបស់ព្រះអង្គគង់នៅអស់កល្បជានិច្ចពីជំនាន់មួយទៅដល់ជំនាន់ដែល»។
4យើង នេប៊ូក្នេសាកំពុងតែរស់នៅយ៉ាងមានសុភមង្គលនៅក្នុងព្រះរាជដំណាក់របស់យើង ហើយយើងក៏រីករាយនៅក្នុងទ្រព្យសម្បិត្តនៅក្នុងរាជវាំងរបស់យើងដែរ។
5ប៉ុន្តែសុបិន្តដែលយើងឃើញពិតជាធ្វើឲ្យយើងភ័យខ្លាចណាស់។ សូម្បីតែពេលយើងផ្ទំនៅទីនោះ រូបភាពដែលយើងឃើញហើយនិងនិមិត្តដែលនៅក្នុងគំនិតរបស់យើង បានធ្វើឲ្យយើងព្រួយព្រះហឫទ័យ។
6ដូច្នេះហើយបានជាយើងចេញរាជសារដើម្បីប្រមូលអស់អ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនដែលមានប្រាជ្ញាអាចកាត់ស្រាយសុបិន្តនោះថ្វាយយើងបាន។
7រួចហើយពួកគ្រូមន្តអាគម ហើយនិងអ្នកអាចហៅអ្នកស្លាប់មកនិយាយបាន ពួកអ្នកប្រាជ្ញហើយនឹងគ្រូធ្មបផង។ យើងបានប្រាប់ពួកគេពីសុបិន្តនោះ តែពួកគេពុំមាននណារម្នាក់អាចកាត់ស្រាយអត្ថន័យឲ្យយើងបានទេ។
8ប៉ុន្តែចុងក្រោយ ដានីយ៉ែលបានមកគាល់យើង ម្នាក់ដែលមានឈ្មោះថាលោក​បេល‌ថិស្សា‌សារ ជាឈ្មោះតាមព្រះរបស់យើង គឺម្នាក់ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយ ហើយយើងបានរៀបរាប់ប្រាប់លោកពីសុបិន្តនោះ។
9«លោក​បេល‌ថិស្សា‌សារអើយ! ជាប្រមុខលើគ្រូមន្តអាគម យើងដឹងថាមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងលោក ហើយក៏គ្មានការលាក់កំបាំងណាដែលពិបាកសម្រាប់លោកដែរ។ សូមជួយប្រាប់យើងនូវអ្វីដែលយើងឃើញនៅក្នុងសុបិន្តរបស់យើង ហើយវាមានន័យយ៉ាងណាដែរ។
10នៅពេលដែលយើងផ្ទំ យើងនិមិត្តឃើញដូចតទៅ៖ពេល យើងទតទៅឃើញមានដើមឈើមួយនៅចំកណ្តាលផែនដី ដើមឈើនោះខ្ពស់អស្ចារ្យ។
11ដើមឈើនោះលូតកាន់តែធំឡើងៗ។ ចុងរបស់វាខ្ពស់ដល់មេឃ ហើយ សូម្បីតែមនុស្សនៅចុងផែនដីក៏អាចមើលឃើញដើមឈើនេះដែរ។
12ស្លឹកវា ខៀវខ្ចី មានផ្លែជាបរិបូណ៍ ដែលអាចចិញ្ចឹមជីវិតមនុស្សទាំងអស់បាន។ សត្វគ្រប់ប្រភេទមកជ្រកក្រោមម្លប់របស់វា ហើយបក្សាបក្សីនានានាំគ្នាមកទំលើមែករបស់វា។ ហើយសត្វលោកទាំងអស់រស់រានចិញ្ចឹមជីវិតដោយសារដើមឈើមួយដើមនេះ។
13យើងបានឃើញនៅក្នុងព្រលឹងរបស់យើង នៅក្នុងពេលយើងផ្ទំហើយឃើញទេវតាដ៏វិសុទ្ធមួយបានចុះមកពីស្ថានសួគ៌។​
14ទេវតាស្រែកនិងពោលថា «ចូរកាប់រំលំដើមឈើនោះ ហើយកាត់មែករបស់វាចោល ចូរលះស្លឹកចេញហើយជម្រុះផ្លែរបស់វាផង។ ចូរឲ្យសត្វទាំងឡាយចេញពីម្លប់របស់វា ហើយឲ្យបក្សាបក្សី ហើរចេញពីមែករបស់វាដែរ។
15ចូរទុកគល់នៃឬសរបស់វានៅក្នុងដី ហើយយកច្រវ៉ាក់ដែក និងលង្ហិន មកចង់វាទុកនៅក្នុងកណ្តាលទីវាលស្មៅ។ ហើយចូរទុកចោលឲ្យវាត្រូវទឹកសន្សើមពីលើមេឃចុះ។ ចូរឲ្យវារស់នៅជាមួយនិងសត្វនៅក្នុងចំណោមរុក្ខជាតិដែលនៅលើផែនដី។
16ចូរឲ្យដើមឈើនោះលែងមានចិត្តគំនិតជាមនុស្សទៀតទៅ គឺឲ្យមានចិត្តគំនិតដូចជាសត្វវិញ រហូតដល់គម្រប់ប្រាំពីរឆ្នាំបានកន្លងផុត។
17ការសម្រេចចិត្តគឺតាមរយៈរាជសារថ្លែងដោយពួកទេវតា។វាគឺជាសម្រេចចិត្តដែលធ្វើឡើងដោយពួកដ៏វិសុទ្ធ ដូច្នេះមនុស្សគ្រប់គ្នាដែលរស់នៅគួរស្គាល់ព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានដល់អ្នកណា ដែលព្រះអង្គចង់គង់នៅជាមួយពួកគេ ហើយព្រះអង្គនឹងលើកអស់អ្នកដែលបន្ទាបខ្លួនឡើងដែរ។
18យើង ព្រះចៅនេប៊ូក្នេសា បានសុបិន្តឃើញការនេះ។ ពេលនេះលោកបេល‌ថិស្សា‌សារបានប្រាប់យើង ពីការកាត់ស្រាយសុបិន្តនោះ ត្បិតគ្មានអ្នកប្រាជ្ញណាដែលនៅក្នុងអាណាចក្រយើងអាចកាត់ស្រាយបានឡើយ។ ប៉ុន្តែលោកអាចកាត់ស្រាយបាន ដោយសារលោកមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងលោក»។
19រួចហើយដានីយ៉ែលដែលមានឈ្មោះថា បេល‌ថិស្សា‌សារ ក៏បានស្រឡាំងកាំងមួយសន្ទុះ ដោយគាត់ដឹងក្នុងចិត្តហើយថា ការនោះនឹងរំលឹកដល់លោក «ព្រះករុណាក៏មានរាជឱង្ការថា បេល‌ថិស្សា‌សារ សូមកុំឲ្យចិត្តលោកភ័យខ្លាចដោយសារសុបិន្តមួយនេះ និងអត្ថន័យរបស់វាអី»។ បេល‌ថិស្សា‌សារក៏ទូលតបទៅវិញថា «បពិត្រព្រះករុណា សូមឲ្យសុបិន្តនេះកើតឡើងចំពោះអស់អ្នកដែលស្អប់ព្រះករុណា ហើយសូមឲ្យអត្ថន័យរបស់វាបានកើតឡើងលើខ្មាំងសត្រូវរបស់ព្រះករុណាចុះ។
20ដើមឈើដែលព្រះករុណាបានឃើញនោះ នឹងលូតកាន់តែធំឡើងហើយរឹងមាំដែរ ហើយចុងរបស់វាខ្ពស់ដល់មេឃ ហើយ សូម្បីតែមនុស្សនៅចុងផែនដីក៏អាចមើលឃើញដើមឈើនេះដែរ។
21ស្លឹកវាទាំងអស់ខៀវខ្ចី ហើយមានផ្លែជាបរិបូណ៍ ហើយនៅក្នុងវាអាចជាអាហារសម្រាប់គ្រប់គ្នាបាន។ សត្វគ្រប់ប្រភេទមកជ្រកក្រោមម្លប់របស់វា ហើយបក្សាបក្សីនានានាំគ្នាមករស់នៅលើមែករបស់វា។
22ដើមឈើនោះគឺជាព្រះករុណា ទ្រង់បានចម្រើនឡើងហើយរឹងមាំ។ ហើយអំណាចចេស្តា ខ្ពង់ខ្ពស់រហូតដល់មេឃ ហើយសិទ្ធអំណាចរបស់ទ្រង់ពេញរហូតដល់ចុងផែនដីទាំងមូល។
23បពិត្រព្រះករុណា ទ្រង់បានទតឃើញទេវតាយាងចុះមកពីស្ថានសួគ៌ហើយថ្លែងថា «ចូរកាប់រំលំដើមឈើនោះ ហើយបំផ្លាញវាចោល ប៉ុន្តែចូរទុកគល់ និងឬសរបស់វានៅក្នុងដី ហើយយកច្រវ៉ាក់ដែក និងលង្ហិនមកចង់វាទុកនៅកណ្តាលទីវាលស្មៅ។ ចូរទុកវាចោលឲ្យត្រូវទឹកសន្សើមធ្លាកពីលើមេឃចុះ។ ចូរឲ្យវារស់នៅជាមួយនិងសត្វទាំងឡាយដែលនៅក្នុងទីវាល រហូតដល់គម្រប់ប្រាំពីរឆ្នាំចុះ»។
24បពិត្រព្រះករុណា នេះគឺជាអត្ថន័យសុបិន្តដែលជារាជសារនៃព្រះដ៏ខ្ពង់ខ្ពស់បានប្រទានព្រះករុណាដែលជាស្តេចនៃទូលបង្គំ។
25ព្រះករុណានឹងត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយនឹងត្រូវរស់នៅជាមួយសត្វតាមវាល។ ហើយគេនឹងយកស្មៅឲ្យព្រះរាជាសោយដូចជាគោដែរ ហើយព្រះកាយរបស់ព្រះករុណានឹងសើមដោយសារទឹកសន្សើមដែលធ្លាក់មកពីលើមេឃ នឹងរហូតដល់គម្រប់ប្រាំពីរឆ្នាំ គឺទាល់តែដល់ពេលមួយដែលព្រះរាជា ទទួលស្គាល់ព្រះដ៏ខ្ពង់ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើអាណាចក្ររបស់មនុស្សលោក ហើយព្រះអង្គចង់ប្រទានឲ្យអ្នកណាតាមព្រះហឫទ័យរបស់ព្រះអង្គ។
26គឺមានការបញ្ជាឲ្យទុកគល់ឈើ នៃឫសរបស់ដើមឈើ គឺមានន័យថាអានាចក្ររបស់ទ្រង់នឹងប្រគល់មកឲ្យព្រះករុណាវិញ នៅពេលដែលព្រះរាជាទទួលស្គាល់ព្រះដ៏ខ្ពង់ខ្ពស់និងការគ្រប់គ្រងនៃស្ថានសួគ៌។
27ដូច្នេះហើយ ព្រះករុណាសូមទ្រង់មេត្តាទទួលយោបល់ពីទូលបង្គំ។ សូមទ្រង់លះចោលអំពើបាប ហើយធ្វើអ្វីដែលត្រឹមត្រូវវិញ។ សូមបែរចេញពីការទុច្ចរិតដោយបង្ហាញព្រះទ័យមេត្តាដល់អ្នកដែលត្រូវគេសង្កត់សង្គិន ធ្វើដូច្នេះព្រះករុណានឹងមានភាពរុងរឿងជាយូរអង្វែងទៅ»។
28ហេតុការណ៍ទាំងអស់នេះបានកើតឡើងចំពោះព្រះចៅនេប៊ូក្នេសា។
29ដប់ពីរខែកន្លងទៅ ទ្រង់កំពុងយាងក្រសាលនៅលើដំបូលព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន
30ហើយទ្រង់មានរាជអង្ការថា «តើនេះមិនមែនជាបាប៊ីឡូនដ៏អស្ចារ្យទេឬ ដែលយើងបានបានសង់ឡើង សម្រាប់ប្រជារាស្រ្តរបស់យើង ដើម្បីបង្ហាញសិរីរុងរឿងនៃរិទ្ធានុភាពរបស់យើងទេឬ?»
31ខណៈពេលដែលស្តេចកំពុងតែមានរាជអង្ការនៅឡើយ ក៏មានសម្លេងពីស្ថានសួគ៌ៈ «ព្រះចៅនេប៊ូក្នេសាអើយ សេចក្តីទាំងនេះគឺសម្តៅមករកទ្រង់ ហើយអាណាចក្រនេះនឹងត្រូវយកចេញពីទ្រង់។
32ព្រះករុណានឹងត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយដំណាក់ទ្រង់នឹងរស់នៅតាមវាលដូចជាសត្វព្រៃ។ ហើយគេនឹងឲ្យទ្រង់ស៊ីស្មៅដូចជាគោ។ រហូតដល់កន្លងប្រាំពីរឆ្នាំ គឺទ្រង់ទទួលស្គាល់ថាព្រះដ៏ខ្ពង់ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើអាណាចក្ររបស់មនុស្សលោក ហើយព្រះអង្គចង់ប្រទានដល់ពួកគេស្រេចតែព្រះហឫទ័យទ្រង់»។
33រាជសារនេះគឺមកទាស់ប្រឆាំងនិងព្រះចៅនេប៊ូក្នេសា ដែលនឹងនាំចេញមកភ្លាមៗ។ ព្រះករុណាត្រូវគេបណ្តេញចេញពីចំណោមមនុស្ស។ ទ្រង់សោយស្មៅជាអាហារដូចជាគោ ហើយព្រះកាយទ្រង់សើមដោយទឹកសន្សើមពីលើមេឃ។ ព្រះកេសាទ្រង់ដុះវែងដូចស្លាបឥន្រ្ទី ចំណែកក្រចករបស់ទ្រង់ប្រៀបដូចជាក្រចករបស់សត្វស្លាប។
34នៅថ្ងៃចុងក្រោយ យើង ព្រះចៅនេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ ហើយបានធ្វើឲ្យយើងដឹងខ្លួនឡើងវិញ។ «យើង សូមសសើតម្កើងដល់ព្រះដ៏ខ្ពស់បំផុត និងសូមថ្វាយព្រះកិត្តិយស និង សិរីរុងរឿងដល់ព្រះដ៏គង់នៅអស់កល្បជានិច្ច។ ត្បិតរាជទ្រង់សោយរាជ្យនៅអស់កល្បជានិច្ច ហើយព្រះរាជ្យព្រះអង្គនៅអស់កល្បពីជំនាន់មួយទៅដល់គ្រប់ជំនាន់ទាំងអស់។
35មនុស្សជាតិទាំងអស់នៅលើផែនដី គឺបានពិចារណាដោយព្រះអង្គថាគ្មានតម្លៃអ្វីឡើយ ព្រះអង្គប្រព្រឹត្តចំពោះទាហាននៃស្ថានសួគ៌ និងមនុស្សជាតិនៃផែនដី ស្របតាមព្រះទ័យរបស់ព្រះអង្គ។ គ្មាននរណាម្នាក់អាចប្រឆាំង ឬទាស់និងព្រះអង្គបានឡើយ។ គ្មាននរណាម្នាក់ពោលទៅកាន់ព្រះអង្គថា «ហេតុដូចម្តេចបានជាទ្រង់ធ្វើដូច្នេះ?»
36ក្នុងពេលតែមួយដែលការដឹងខ្លួនរបស់យើងបានត្រឡប់មកវិញ រិទ្ធានុភាពនិងពន្លឺរបស់យើងបានត្រឡប់មកកាន់យើង គឺជាភាពថ្កុំថ្កើងក្នុងអាណាចក្ររបស់យើង។ ក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងស្វែងរកក្តីមេត្តារបស់យើង។ យើងបាននាំត្រឡប់មកគ្រងរាជ្យឡើងវិញ ហើយភាពថ្កុំថ្កើងបានប្រគល់មកកាន់យើង។
37ឥឡូវនេះយើង ព្រះចៅនេប៊ូក្នេសា សូមលើកតម្កើង ថ្វាយព្រះកិត្តិយសដល់ព្រះដ៏ខ្ពង់ខ្ពស់នៅស្ថានសួគ៌ ត្បិតស្នាព្រះហស្ថរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ ហើយមាគា៌ព្រះអង្គគឺសុចរិត។ ព្រះអង្គនឹងបន្ទាបអស់អ្នកដែលមានអំណួត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។