ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះចៅនេបូ៊ក្នេសាបានសាងសង់រូបបដិមាករមាសមួយដែលមានកំពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ទ្រង់តំឡើងរូបបដិមាករនោះនៅត្រង់វាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
2បន្ទាប់មកព្រះចៅនេបូ៊ក្នេសាបានចេញរាជសារ ឲ្យគេទៅប្រមូលចៅហ្វាយខេត្ត មន្ត្រីរដ្ឋបាលតាមតំបន់ មន្ត្រីមូលដ្ឋាន ជាមួយទីព្រឹក្សា និងមន្ត្រីរក្សាព្រះរាជទ្រព្យ មន្រ្តីតុលាការ ព្រះរាជអាជ្ញាចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ភោធរូបបដិមាករ ដែលទ្រង់បានសង់ឡើង។
3រួចហើយចៅហ្វាយខេត្ត មន្ត្រីរដ្ឋបាលតាមតំបន់ មន្ត្រីមូលដ្ឋាន ជាមួយទីព្រឹក្សា និងមន្ត្រីរក្សាព្រះរាជទ្រព្យ មន្រ្តីតុលាការ ព្រះរាជអាជ្ញាចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្វពិធីសម្ភោធរូបបដិមាករ ដែលព្រះចៅនេបូ៊ក្នេសាបានសង់ឡើងនោះ។ ពួកមន្ត្រីទាំងនោះបានឈរនៅចំពោះរូបបដិមាករ។
4ពេលនោះមានអាមាត្យម្នាក់បានស្រែកឡើងយ៉ាងខ្លាំងៗថា «អ្នករាល់គ្នាត្រូវទទួលបញ្ជាដល់មនុស្សជាតិ និងជាតិសាសន៍ ហើយភាសាទាំងឡាយ
5ពេលណាដែលអ្នករាល់គ្នាឮសម្លេងស្នែង ខ្លុយ ចាប៉ី ទ្រប៉ីគែន និងតន្ត្រីគ្រប់យ៉ាងប្រគុំឡើង ត្រូវឲ្យអ្នករាល់គ្នាឱនកាយក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណា នេបូក្នេសាបានសង់ឡើង។
6ចំពោះអ្នកណាដែលមិនព្រមក្រាបថ្វាយបង្គំទេ គឺនៅក្នុងពេលនោះ អ្នកនោះនឹងត្រូវបោះចូលទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ»។
7ដូច្នេះនៅពេលដែលប្រជាជនទាំងឡាយ បានឮសម្លេង ស្នែង ខ្លុយ ចាប៉ីទ្រប៉ីគែន និង តន្រី្តគ្រប់យ៉ាងប្រគុំឡើង នោះប្រជាជាតិ និងជនជាតិនានា ហើយភាសាទាំងឡាយ ត្រូវឱនកាយក្រាបថ្វាយបង្គំរូបបដិមាករមាសដែលព្រះចៅនេបូ៊ក្នេសាបានកសាង។
8នៅក្នុងពេលជាមួយគ្នានោះដែរ ពួកខាល់ដេបាននាំគ្នាចូលទៅប្តឹង ដើម្បីចោទប្រកាន់ទាស់និងពួកជនជាតិយូដា។
9ពួកគេទូលព្រះចៅនេបូ៊ក្នេសាថា «បពិត្រព្រះករុណា សូមឲ្យព្រះមានព្រះជន្មយឺនយូរតរៀងទៅ!
10ត្បិតព្រះអង្គ ព្រះករុណាបានចេញរាជបញ្ជាឲ្យមនុស្សគ្រប់គ្នា ក្រាបថ្វាយបង្គំរូបបដិមាករមាស នៅពេលគេឮសម្លេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង តន្រី្តគ្រប់យ៉ាងប្រគុំឡើង។
11ហើយបើមានអ្នកណាមិនព្រមក្រាបថ្វាយបង្គំទេ​ នឹងត្រូវ បោះចូលទៅក្នុងភ្លើង។
12នៅពេលនេះមានជនជាតិយូដាខ្លះ ដែលព្រះករុណាបានតែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្ត នៃបាប៊ីឡូន ឈ្មោះរបស់ពួកគេគឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ។ បពិត្រព្រះករុណា ពួកអ្នកទាំងនេះ មិនស្តាប់បង្គាប់របស់ទ្រង់ទេ។ ពួកគេក៏មិនបានគោរពថ្វាយបង្គំ ឬបម្រើព្រះបដិមាកររបស់ទ្រង់ដែរ ហើយពួកគេនឿយដែលឈរនៅចំពោះព្រះបដិមាករមាសដែលព្រះករុណាបានកសាងឡើយ»។
13ក្រោយមកព្រះចៅនេបូ៊ក្នេសា មានព្រះទ័យខ្ញាល់ពន់ពេក ហើយចេញរាជបញ្ជាថា លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ នាំមកគាល់ទ្រង់។ ដូច្នេះគេក៏នាំពួកលោកទាំងនោះមកគាល់ស្តេច។
14ព្រះចៅនេបូ៊ក្នេសាបានមានបន្ទូលទៅកាន់ពួកគេថា «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ អស់លោកពិតជាមិនបានគោរពព្រះរបស់យើង ហើយមិនព្រមថ្វាយបង្គំរូបព្រះមាសដែលយើងបានកសាងមែនឬ?
15ឥឡូវនេះចូរប្រុងប្រៀបខ្លួនជាស្រេច នៅពេលណាពួកអ្នក បានឮសម្លេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង តន្រី្តគ្រប់យ៉ាងប្រគុំឡើង ហើយចូរឱនកាយក្រាបចុះ ហើយថ្វាយបង្គំរូបបដិមាករដែលយើងសង់នេះចុះនោះគ្រប់យ៉ាងនឹងមិនអីទេ។ តែបើពួកអ្នកមិនក្រាបថ្វាយបង្គំទេ នោះពួកអ្នកនឹងត្រូវបោះចូលទៅក្នុងភ្លើងភ្លាមៗ។ តើមានព្រះឯណាអាចនឹងមកជួយពួកអ្នកពីកណ្តាប់ដៃយើងបានឡើយនោះ?»
16លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ បានទូលឆ្លើយតបទៅព្រះករុណាវិញថា៖ «ព្រះករុណានេបូ៊ក្នេសា ទូលបង្គំមិនចាំបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។
17ចម្លើយគឺមានតែមួយទេ បពិត្រព្រះរាជា ព្រះជាម្ចាស់ដែលយើងខ្ញុំគោរពថ្វាយបង្គំ គឺពិតជាអាចជួយសង្គ្រោះពួកទូលបង្គំពីភ្លើងដែលឆេះសន្ធោសន្ធៅ ហើយទ្រង់ក៏នឹងរំដោះយើងខ្ញុំពីកណ្តាប់ដៃព្រះករុណាបានដែរ។
18ប៉ុន្តែ បពិត្រព្រះករុណា សូមជ្រាបថាយើងខ្ញុំនឹងមិនគោរពព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាសង់ឡើយ»។
19គ្រានោះព្រះចៅនេបូ៊ក្នេសាពេញដោយកំហឹងក្រៀវក្រោធនឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោជាខ្លាំង។ ព្រះភ័ក្រ្តទ្រង់ក៏ផ្លាស់ប្តូរ។ ទ្រង់ក៏បញ្ជាឲ្យគេបង្កើនកម្តៅឲ្យក្តៅខ្លាំងជាងធម្មតាប្រាំពីរដង។
20រួចទ្រង់ក៏មានរាជបញ្ជាឲ្យមេទ័ពដែលមានកម្លាំងខ្លាំងក្លាចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ ហើយបោះពួកគេចូលទៅក្នុងភ្លើងនោះ។
21ពួកគេត្រូវបានគេចាប់ចងទាំងមានសម្លៀកបំពាក់ និង ឈ្នួត ព្រមទាំងសម្លៀកបំពាក់ផ្សេងៗផង រួចពួកគេត្រូវបានគេបោះចូលទៅក្នុងគុកភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ។
22ដោយសារនោះជារាជបញ្ជាដ៏តឹងរ៉ឹងរបស់ព្រះរាជា ហើយកុកភ្លើងនោះមានកម្តៅជាខ្លាំង អណ្តាតភ្លើងនោះបានសម្លាប់បុរសដែលបាន​យកលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ ទៅក្នុងគុកភ្លើងនោះ។
23អ្នកទាំងបីនាក់នេះគឺ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោត្រូវគេបោះចូលទៅក្នុងភ្លើងទាំងខ្លួនជាប់ចំណង។
24ពេលនោះ ព្រះចៅនេបូ៊ក្នេសាមានព្រះទ័យរន្ធត់ ហើយក្រោកឈរជាប្រញាប់។ ព្រះរាជាមានរាជឱង្ការទៅកាន់ក្រុមប្រឹក្សារបស់ទ្រង់ថា៖ «តើយើងមិនបានបោះបុរសបីនាក់នោះទៅក្នុងភ្លើង ទាំងជាប់ចំណងទេឬអី?» ពួកគេក៏ទូលតបទៅទ្រង់ថា៖ «ពិតប្រាកដណាស់ ព្រះករុណា»។
25ប៉ុន្តែ ព្រះរាជាមានរាជឱង្ការថា៖ «ហេតុអ្វីយើងឃើញមានបុរសបួននាក់ដែលគ្មានជាប់ចំណង កំពុងដើរនៅក្នុងភ្លើងដោយមិនរលាកអ្វីសោះ។ ចំណែកឯអ្នកទីបួននោះមានរូបរាងដូចជាទេវតា»។
26ព្រះចៅនេប៊ូក្នេសាបានយាងចូលទៅជិតទ្វារឡភ្លើងហើយហៅពួកគេថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ ជាអ្នកបម្រើព្រះ ជាម្ចាស់ដ៏ខ្ពស់បំផុតអើយ សូមចេញមក! ហើយមកទីនេះ!»។ ពេលនោះ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ នេកោក៏ចេញពីភ្លើងមក។
27ពួកចៅហ្វាយខេត្ត មន្ត្រីតាមតំបន់ និងពួកមន្រ្តីផ្សេងៗទៀត ហើយនិងពួកមន្ត្រីក្រុមប្រឹក្សារបស់ព្រះរាជា ដែលបានជុំគ្នាបានឃើញបុរសទាំងនេះ។ ភ្លើងមិនបានមានឥទ្ធិពលអ្វីដល់ខ្លួនរបស់ពួកគេឡើយ សក់នៅលើក្បាលក៏មិនឆេះដែរ សម្លៀកបំពាក់ពួកគេមិនឆេះដែរ ហើយក៏គ្មានធុំក្លិនឈ្ងៀមពីពួកគេដែរ។
28ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការថា៖ «ចូរយើងសូមសសើរតម្កើង​ដល់ព្រះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ ដែលបានចាត់ទេវតារបស់ទ្រង់មករំដោះអ្នកបម្រើទ្រង់។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមរាជបញ្ជារបស់ព្រះរាជាទេ ពួកគេបានលះបង់រូបកាយរបស់ពួកគេជាជាងថ្វាយបង្គំ ឬ លុតក្រាបខ្លួនរបស់ពួកគេនៅចំពោះព្រះឯណាទៀត ក្រៅអំពីព្រះអង្គឡើយ។
29ដូច្នេះ យើងចេញរាជបញ្ជាទៅកាន់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាទាំងអស់ថា ប្រសិនបើ អ្នកណាហ៊ាននិយាយប្រឆាំងនឹងព្រះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ អ្នកនោះនឹងត្រូវមានទោសដល់ជីវិត ហើយផ្ទះរបស់អ្នកនោះនឹងត្រូវដុតកម្ទេចចោល ពីព្រោះគ្មានព្រះឯណាដែលអាចសង្គ្រោះពួកគេបានដូច្នេះឡើយ»។
30បន្ទាប់មកព្រះរាជាក៏ប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោមានឋានៈខ្ពស់ជាងមុន​ នៅក្នុងអាណាខេត្តបាប៊ីឡូន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។