ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 2

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីពីរនៃរជ្ជកាលរបស់ព្រះចៅនេប៊ូក្នេសា ទ្រង់ក៏បានយល់សុបិន្ត។ ព្រះទ័យរបស់ទ្រង់ខ្វល់ខ្វាយ ហើយស្តេចផ្ទុំពុំលក់ឡើយ។
2រួចហើយស្តេចក៏បានហៅអស់ទាំងគ្រូមន្តអាគមដែលអាចហៅវិញ្ញាណអ្នកដែលបានស្លាប់មកនិយាយគ្នាបាន។ ស្តេចក៏ហៅពួកអាគមហោរាទាំងឡាយដែរ។ ស្តេចចង់ឲ្យពួកគេកាត់ស្រាយសុបិន្តថ្វាយស្តេច។ ដូច្នេះពួកគេក៏នាំគ្នាមកគាល់នៅចំពោះស្តេច។
3ស្តេចមានបន្ទូលទៅពួកគេថា «យើងបានសុបិន្តឃើញការមួយ ហើយយើងមានព្រះទ័យខ្វល់ខ្វាយណាស់ ដោយមិនដឹងថាតើសុបិន្តនោះមានន័យដូចម្តេច»។
4រួចពួកគ្រូទាយទាំងនោះក៏ទូលទៅស្តេចវិញជាភាសាអារ៉ាមថា​ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មយឺនយូរ! ព្រះករុណាសូមមានរាជឱង្ការប្រាប់យើងខ្ញុំមក យើងខ្ញុំជាអ្នកបម្រើទ្រង់នឹងកាត់ស្រាយអត្ថន័យថ្វាយ»។
5ស្តេចមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះថា «យើងបានសម្រេចនឹងធ្វើយ៉ាងដូចនេះ។ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់យិើង ពីសុបិន្តនិមិត្ត​នោះ និង កាត់ស្រាយឲ្យយើងដឹងពីអត្ថន័យទេនោះ យើងនឹងកាត់ចិញ្ច្រាំអ្នករាល់គ្នា ហើយនឹងបំផ្លាញផ្ទះអ្នករាល់គ្នាឱ្យខ្ទេចខ្ទីគ្មានសល់ទេ។
6ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រាប់យើងឲ្យដឹងពីអត្ថន័យ​វិញ យើងនឹងប្រទានអំណោយនិងរង្វាន់ ព្រមទាំងកិត្តិយសយ៉ាងធំពីយើងវញ។ ដូច្នេះចូរប្រាប់យើង​ ហើយកាត់ស្រាយពីសុបិន្តនេះដល់យើង»។
7ពួកគេក៏បានទូលឆ្លើយម្តងទៀតថា «សូមព្រះករុណាប្រាប់យើងខ្ញុំដែលជាអ្នកបម្រើទ្រង់ឲ្យដឹងពីសុបិន្ត រួចហើយយើងខ្ញុំ​នឹងកាត់ស្រាយអត្ថន័យថ្វាយ»។
8ស្តេចតបទៅពួកគេថា «យើងជ្រាបច្បាស់ហើយថា អ្នករាល់គ្នាចង់ពន្យាពេលពីព្រោះអ្នករាល់គ្នាឃើញថាយើងបានសម្រេចចិត្តយ៉ាងមុតមាំពីការនេះ។
9ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិន្តនោះដល់យើងទេ នោះអ្នករាល់គ្នានឹងមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាបានរៀបចំឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើងទៅ រហូតដល់យើងមិនទាន់ផ្លាស់ប្តូរព្រះទ័យ។ ដូច្នេះចូរប្រាប់យើងពីសុបិន្តនោះមក នោះយើងនឹងបានជ្រាបថាអ្នករាល់គ្នាពិតជាអាចកាត់ស្រាយអត្ថន័យថ្វាយយើងបានមែន»។
10ពួកគ្រូទាយទាំងនោះបានទូលតបទៅស្តេចវិញថា «គ្មានអ្នក​ណាម្នាក់នៅលើផែនដីនេះ​​ ដែលអាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ ហើយក៏គ្មានស្តេចអង្គណាមួយដែលអស្ចារ្យ ហើយមានអំណាចយ៉ាងណា ធ្លាប់បង្គាប់បញ្ជាយ៉ាងដូច្នេះមកកាន់គ្រូមន្តអាគម គ្រូអង្គុយធម៌ និងអាចហៅអ្នកស្លាប់មកនិយាយគ្នាបាន ឬពីមន្តអាគមហោរាផង។
11អ្វីដែលព្រះករុណាបង្គាប់បញ្ជានេះគឺពិបាកណាស់ ហើយក៏គ្មានមនុស្សណាអាចទូលថ្ចាយស្តេចបានក្រៅពីព្រះប៉ុណ្ណោះ ហើយព្រះទាំងនោះមិនគង់នៅជាមួយយើងជាមនុស្សទេ»។
12ការនេះបានធ្វើឲ្យព្រះរាជាមានព្រះទ័យក្រេវក្រោធ និងខ្ញាល់ជាខ្លាំង រួចហើយទ្រង់ក៏បញ្ជាឲ្យបំផ្លាញពួកគ្រូទាំងនោះ ដែលនៅក្រុងបាប៊ីឡូន។
13ដូច្នេះរាជសារក៏បានផ្សាយចេញអំពីពួកអ្នកប្រាជ្ញនិងពួកគ្រូមន្តអាគមដែលបានយកទៅសម្លាប់។ ដោយសាតែរាជសារនេះ ពួកគេក៏បានស្វែងរកដានីយ៉ែល និង ក្រុមមិត្តភក្តិរបស់គាត់ ដើម្បីពួកគេនឹងត្រូវបានសម្លាប់ដែរ។
14ពេលនោះដានីយ៉ែលបានឆ្លើយតបដោយប្រាជ្ញាទៅកាន់អើយ៉ុក ដែលជាមេកងអង្ករក្សរបស់ស្តេច ជាម្នាក់ដែលបានចេញមកដើម្បីសម្លាប់ពួកអ្នកប្រាជ្ញដែលមានឈ្មោះល្បីនៅក្នុងក្រុងបាប៊ីឡូន។
15ដានីយ៉ែលបានសួរទៅកាន់មេកងអង្ករក្សរបស់ស្តេចថា «ហេតុអ្វីបានជា រាជបញ្ជារបស់ព្រះរាជាបន្ទាន់យ៉ាងនេះ?» ដូច្នោះហើយលោកអើយ៉ុកក៏បានប្រាប់ដានីយ៉ែលនៅអ្វីដែលបានកើតឡើង។
16រួចហើយដានីយ៉ែលក៏ចូលទៅគាល់ស្តេច ដើម្បីស្នើរសុំឱកាសក្នុងការដែលគាត់អាចកាត់ស្រាយថ្វាយព្រះរាជា។​
17រួចហើយដានីយ៉ែលក៏ត្រឡប់ទៅផ្ទះវិញ និងពន្យល់ប្រាប់ ហាណានា មីសាអែល និងអ័សារានូវអ្វីដែលបានកើតឡើង។
18លោកនាំគ្នាទូលអង្វរសុំក្តីមេត្តាពីព្រះជាម្ចាស់នៃស្ថានសួគ៌ សូមឲ្យទ្រង់បើកសម្តែងការអាថ៌កំបាំងនេះ ដើម្បីកុំឱ្យគេប្រហារជីវិតពួកគេ និងអស់ពួកអ្នកប្រាជ្ញទាំងឡាយផ្សេងទៀតដែលនៅក្នុងក្រុងបាប៊ីឡូន។
19នៅយប់នោះមានបើកសម្តែងការអាថ៌កំបាំង មកដល់ដានីយ៉ែលគឺតាមរយៈនិមិត្ត។ លោកដានីយ៉ែលក៏លើកតម្កើងដល់ព្រះជាម្ចាស់នៃស្ថានសួគ៌
20ដោយពោលថា «សូមសសើរ​តម្កើងដល់ព្រះជាម្ចាស់ដែលគង់នៅអស់កល្បជានិច្ច ត្បិតព្រះប្រាជ្ញាញាណ និងអំណាចចេស្តាគឺជារបស់ព្រះអង្គ។
21ព្រះអង្គបានធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្តូរ ព្រះអង្គបានទម្លាក់ស្តេច ហើយតែងតាំងស្តេចផ្សេងឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់អ្នកប្រាជ្ញ និង ប្រទានចំណេះដឹងដល់អ្នកដែលចេះគិតពិចារណា។
22ព្រះអង្គបើកសម្តែងការអាថ៌កំបាំងដ៏ជ្រៅ ដោយព្រះអង្គជ្រាប់អំពីអ្វីដែលនៅក្នុងទីងងឹត ហើយពន្លឺបានរស់នៅជាមួយព្រះអង្គដែរ។
23ព្រះជាម្ចាស់នៃបុព្វបុរសអើយ ទូលបង្គំសូមអរព្រះគុណហើយលើកដម្កើងព្រះអង្គ ដោយព្រោះព្រះអង្គបានប្រទានប្រាជ្ញា និងអំណាចចេស្តាមកដល់ទូលបង្គំ។ ពេលនេះព្រះអង្គបានឆ្លើយតបមកទូលបង្គំនូវអ្វីដែលទូលបង្គំបានទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងខ្ញុំដឹងពីហេតុការណ៍ដែលនឹងកើតឡើងចំពោះព្រះរាជាដែរ»។
24រួចហើយលោកដានីយ៉ែលក៏ទៅជួបលោកអើយ៉ុក​ (ជាម្នាក់ដែលស្តេចបានតាំងឲ្យទៅសម្លាប់ពួកអ្នកប្រាជ្ញនៅក្នុងបាប៊ីឡូន)។ លោកបានទៅហើយនិយាយទៅកាន់គាត់ថា «សូមលោកកុំសម្លាប់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនឡើយ។ សូមនាំខ្ញុំចូលទៅគាល់ព្រះករុណា ហើយខ្ញុំនឹងកាត់ស្រាយអាថ៌កំបាំងនៃសុបិន្តនោះថ្វាយព្រះរាជា»។
25ក្រោយមកលោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលទៅគាល់នៅចំពោះស្តេច ហើយទូលថា «ទូលបង្គំបានរកឃើញបុរសម្នាក់ក្នុងចំណោមពួកនិរទេសនៃជនជាតិយូដា គាត់អាចកាត់ស្រាយសុបិន្តនោះថ្វាយព្រះករុណាបាន»។
26ព្រះរាជាមានរាជឱង្ការទៅកាន់ដានីយ៉ែលថា (ដែលត្រូវបានហៅថាបេលថិស្សាសារ) «តើអ្នកពិតជាអាចប្រាប់យើងឲ្យដឹងពីសុបិន្ត ហើយកាត់ស្រាយអត្ថន័យវាបានមែនឬ?»
27ដានីយ៉ែលទូលឆ្លើយទៅព្រះរាជាថា «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ ពុំមានអ្នកប្រាជ្ញហោរា គ្រូមន្តអាគម ឬគ្រូទាយ ឬហោរាសាស្ដ្រណាមួយអាចកាត់ស្រាយថ្វាយព្រះករុណាបានទេ។
28យ៉ាងណាក៏ដោយ គឺមានព្រះជាម្ចាស់មួយអង្គដែលគង់នៅស្ថានសួគ៌ ដែលអាចបើកសម្តែងគម្រោងការដ៏អាថ៌កំបាំងទាំងនេះ ហើយព្រះអង្គនឹងបើកឲ្យទ្រង់បានដឹង ព្រះករុណានេប៊ូក្នេសា នឹងជ្រាបពីហេតុការណ៍ដែលនឹងកើតមានឡើងនៅពេលអនាគតដែលនឹងមកដល់។ ការទាំងនេះគឺជាសេចក្តីសុបិន និងនិមិត្តដែលនៅក្នុងព្រះគំនិតរបស់ព្រះករុណាគឺនៅពេលទ្រង់ផ្ទំនៅលើគ្រារបស់ព្រះអង្គ។
29បពិត្រព្រះករុណា នៅពេលដែលទ្រង់ផ្ទំលក់នោះ ព្រលឹងរបស់ទ្រង់បានឃើញពីហេតុការណ៍ដែលនឹងកើតឡើង ហើយព្រះដែលសម្តែងការអាថ៌កំបាំងនោះ នឹងឲ្យព្រះករុណាជ្រាបពីការអ្វីដែលនឹងកើតឡើង។
30ដ្បិតទូលបង្គំបានយល់ពីគម្រោងការដ៏លាក់កំបាំងនេះ មិនមែនដោយសារទូលបង្គំមានប្រាជ្ញាលើសមនុស្សផ្សេងនោះទេ។ ការអាថ៌កំបាំងនេះបានបើកមកទូលបង្គំដើម្បីឲ្យទ្រង់ ព្រះករុណាបានជ្រាបពីន័យ ហើយទ្រង់នឹងជ្រាបពីគំនិតដែលមាននៅក្នុងព្រះករុណាផង។
31បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបបដិមាករមួយយ៉ាងធំ។ រូបបដិមាករនេះមានអំណាច និងពន្លឺ ឈរនៅចំពោះព្រះភ័ក្រ្តព្រះករុណា​។ វាបានភ្លឺគួរឲ្យស្ងែងខ្លាច។
32ក្បាលនៃរូបបដិមាករនោះធ្វើឡើងពីមាសសុទ្ធ។ ដើមទ្រូង និងដៃវាគឺធ្វើពីប្រាក់។ ពោះហើយនិងភ្លៅវាគឺធ្វើពីលង្ហិន
33ហើយជើងទាំងពីរវាគឺធ្វើពីដែក។ ហើយប្រអប់ជើងមួយធ្វើពីដែក ហើយមួយទៀតធ្វើពីដីឥដ្ឋ។
34ព្រះករុណាបានងើបទតទៅខាងលើ ហើយមានថ្មមួយដុំធ្លាក់មកចុះមកមិនមែនដោយដៃមនុស្សនោះទេ ហើយបុកទង្កិចនឹងប្រអប់ជើងដែ​លធ្វើពីដែក និងដីឥដ្ឋនោះបែកខ្ទេចខ្ទីអស់។
35រួចហើយដែក និងដីឥដ្ឋហើយលង្ហិន ប្រាក់និងមាសក្នុងពេលតែមួយក៏បែកខ្ទេចខ្ទី ជាបំណែកតូចៗ ហើយក្លាយទៅជាចំបើងនៅទីកន្លៃងបោកស្រូវក្នុងរដូវក្តៅ។ ហើយខ្យល់បក់ផាត់ពួកវាទៅអស់គ្មានចំណែករបស់វាណានៅសល់ទេ។ ប៉ុន្តែដុំថ្មដែលប៉ះ ទង្កិចនឹងរូបបដិមាករនោះ បានក្លាយទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងមូល។
36នេះហើយជាសុបិន្តរបស់ព្រះករុណា។ ពេលនេះពួកយើងនឹងកាត់ស្រាយន័យថ្វាយព្រះករុណា។
37បពិត្រព្រះរាជាដែលជាព្រះមហាក្សត្រលើអស់ទាំងព្រះមហាក្សត្រ ត្បិតព្រះជាម្ចាស់នៃស្ថានសួគ៌បានប្រទានអាណាចក្រ និងអំណាចហើយកម្លាំង និងព្រះកិត្តិយផងដែរ។
38ព្រះអង្គបានប្រទានមនុស្សលោក ហើយសត្វទាំងពួងនៅគ្រប់ទីកន្លែង និងបក្សាបក្សីនៅលើមេឃមកក្នុងព្រះហស្ថព្រះករុណា ព្រះអង្គបានតាំងព្រះករុណាឲ្យគ្រប់គ្រងលើរបស់ទាំងនោះ។ ព្រះករុណាគឺជាក្បាលនៃរូបបដិមាករដែលធ្វើពីមាស។​
39បន្ទាប់ពីព្រះករុណា នឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែរាជាណាចក្រនោះនឹងខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា រួចហើយមានរាជាណាចក្រទីបីគឺ លង្ហិនដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។​
40ហើយនឹងមានរាជាណាចក្រទីបួនដែលរឹងមាំដូចជាដែក ត្បិតដែកនោះនឹងកម្ទេចអ្វីៗទាំងអស់ទៅជាចំណែកតូចៗគ្រប់យ៉ាង។ ហើយវាក៏ត្រូវខ្ទិចខ្ទីអស់និងកម្ទេចបំបែកអ្វីៗទាំងអស់ដែរ។
41ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើងដែលមួយផ្នែកធ្វើពីដីឥដ្ឋ និងមួយផ្នែកទៀតធ្វើពីដែកនោះ គឺអាណាចក្រនោះនឹងបែងចែកជាពីរ ហើយកម្លាំងរបស់ដែកនឹងនៅក្នុងវាដែរ ត្បិតព្រះករុណាបានឃើញហើយថាដែកនៅជាប់ជាមួយនឹងដីឥដ្ឋដែលជ្រាយ។
42ដូចម្រាមជើងរបស់បដិមាករ មួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ គឺមានន័យថាអាណាចក្រមួយ នឹងមានអំណាចខ្លាំងក្លា ហើយមួយផ្នែកទៀតខ្សោយដែរ។
43ត្បិតព្រះករុណាបានទតឃើញហើយថាដែកនៅភ្ជាប់ជាមួយដីឥដ្ឋ ដូច្នេះមនុស្សនឹងនៅជាមួយគ្នា តែពួកគេមិនរស់នៅចូលគ្នាទេ ដូចជាដែកមិនរលាយចូលគ្នាជាមួយដីឥដ្ឋយ៉ាងដូច្នោះដែរ។
44នៅក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានសួគ៌នឹងធ្វើឲ្យអាណាចក្រមួយទៀត ដែលមិនមានប្រជាជាតិណាអាចវាយលុក ឬគ្រប់គ្រងដោយមនុស្សណាបានឡើយ។ អាណាចក្រនេះនឹងកម្ទេចអាណាចក្រផ្សេងទៅជាចំណែកតូចហើយពួកគេនឹងវិនាសអស់ទៅ ហិើយអាណាចក្រនេះនឹងស្ថិតនៅគង់វង្សជាយូអង្វែងទៅ។
45បពិត្រព្រះករុណាបានទតឃើញថ្មដែលធ្លាក់ចុះមកពីលើភ្នំតែមិនមែនដោយដៃមនុស្សឡើយ។ វាបានកម្ទេចដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសទៅជាចំណែកតូចៗ។ ព្រះជាម្ចាស់ដ៏មហិមាព្រះអង្គបានសម្តែងឲ្យព្រះករុណាជ្រាបពីអ្វីដែលកើតឡើងនាពេលបន្ទាប់ពីនេះ។ សុបិន្តរបស់ព្រះករុណានេះគឺជាសេចក្តីពិត ហើយអត្ថន័យនេះគួរឲ្យជឿទុកចិត្តបាន»។
46ព្រះចៅនេបូ៊ក្នេសា ឱនព្រះភ័ក្រ្តចុះថ្វាយបង្គំនៅចំពោះ ដានីយ៉ែលដោយគោរពដល់លោក ទ្រង់ក៏បញ្ជាឲ្យមន្ត្រីធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបជូនលោក។
47ស្តេចមានបន្ទូលទៅដានីយ៉ែលថា «ពិតប្រាកដណាស់ព្រះរបស់លោក គឺពិតជាព្រះលើអស់ទាំងព្រះមែនហើយ ជាព្រះអម្ចាស់លើអស់ទាំងស្តេចហើយជាព្រះតែមួយអង្គដែលបើកសម្តែងពីគម្រោងការដ៏អាថ៌កំបាំង សម្រាប់អ្នកដែលអាចបើកបង្ហាញអាថ៌កំបាំងនេះ»។
48បន្ទាប់មកព្រះរាជាបានលើកតម្កើងដានីយ៉ែលខ្ពស់ឡើង ហើយបានប្រទានអំណោយដ៏អស្ចារ្យ។ ស្តេចក៏បានតែងតាំងឲ្យដានីយ៉ែលត្រួតលើខេត្តរបស់បាប៊ីឡូនទាំងមូល។ ដានីយ៉ែលក៏ក្លាយទៅជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅក្នុងបាប៊ីឡូន។
49ដានីយ៉ែលបានទូលសូមព្រះរាជា ឲ្យតែងតាំងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ គ្រប់គ្រងលើខេត្តបាប៊ីឡូន។ តែលោកសុំទៅបម្រើស្តេចនៅព្រះរាជវាំងវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។