ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 11

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះចៅដារីយុសជាជនជាតិមែឌី ខ្ញុំខ្លួនឯងបានមកជួយនិងការពារទេវតាមីកែល។
2ពេលនេះខ្ញុំនឹងប្រាប់លោកពីការពិត។ នឹងមានស្តេចបីអង្គនឹងឡើងសោយរាជ្យនៅលើពើស៊ី ហើយស្តេចទីបួននឹងមានទ្រព្យសម្បត្តិហូរហៀរជាងស្តេចផ្សេង។នៅពេលដែលស្តេចនោះកាន់តែមានអំណាច តាមរយៈទ្រព្យសម្បត្តិរបស់ស្តេចហើយស្តេចនោះនឹងលើកគ្នាមកទាស់ប្រឆាំងនឹងអាណាចក្រក្រិក។
3នឹងមានស្តេចមួយអង្គដែលខ្លាំងពូកែ នឹងឡើងគ្រងរាជ្យ លើអាណាចក្រដ៏អស្ចារ្យ ហើយស្តេចនោះឯងនឹងប្រព្រឹត្តអ្វីតាមតែអំពើចិត្តខ្លួន។
4ដល់ពេលដែលស្តេចនោះបានឡើងគ្រងរាជ្យហើយ​ នគរនោះនឹងត្រូវបាក់បែក ហើយបែងចែងជាបួនទិសខ្យល់នៃស្ថានសួគ៌ តែពុំបានបែងចែកសម្រាប់ពូជពង្សស្តេចទេ ហើយស្តេចមិនបានគ្រប់គ្រងដោយអំណាចទ្រង់ដែរ។ ត្បិតរាជ្យរបស់ស្តេចនេះនឹងត្រូវគេផ្តួលរំលំ ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃអ្នកផ្សេងវិញ
5ស្តេចនៅទិសខាងត្បូងនឹងមានកម្លាំងខ្លាំង ប៉ុន្តែមានមេទ័ពមួយរបស់ស្តេចដែលមានខ្លាំងពូកែជាងទ្រង់ទៅទៀត ដែលនឹងឡើងគ្រប់គ្រងអាណាចក្ររបស់ស្តេចជាមួយនិងអំណាចក៏អស្ចារ្យ។
6ហើយប៉ុន្មានឆ្នាំក្រោយមក ដល់ពេលកំណត់មកដល់ ពួកគេនឹងចងសម្ព័ន្ធនឹងគ្នា។ គឺបុត្រីរបស់ស្តេចអាណាចក្រខាងត្បូងនឹងទៅជួបស្តេចអាណាចក្រខាងជើង ដើម្បីបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែនាងមិនអាចរក្សាអំណាចបានគង់វង្សទេ ទាំងរាជវង្សស្តេចខាងជើងក៏មិនស្ថិតស្ថេរដែរ។ នាងនឹងត្រូវគេបោះបង់ចោលទាំងអ្នកហែហមនាង បិតានាង និងអស់អ្នកដែលគាំទ្រនាងនៅក្នុងពេលនោះផង។
7ប៉ុន្តែនឹងមានស្តេចមួយអង្គកើតចេញពីត្រកូលរបស់នាងនឹងឡើងស្នងរាជ្យជំនួសនាង។ ស្តេចនោះនឹងលើកទ័ពទៅច្បាំងនឹងបន្ទាយស្តេចខាងជើង។ ស្តេចនោះនឹងប្រយុទ្ធនិងពួកគេ ហើយដណ្តើមជ័យជម្នះលើពួកគេផងដែរ។
8ស្តេចនឹងនាំយកទៅអេសីុបគឺព្រះរបស់ពួកគេ និង រូបសិតទាំងប៉ុន្មាន ព្រមទាំងរបស់មានតម្លៃធ្វើពីប្រាក់នឹងមាស។ ត្បិតប៉ុន្មានឆ្នាំនោះស្តេចនេះនឹងនៅឲ្យឆ្ងាយពីស្តេចខាងជើង។
9រួចមកស្តេចខាងជើងក៏ឈ្លានពានចូលអាណាចក្រខាងត្បូង តែទីបំផុតស្តេចក៏ត្រូវត្រឡប់មកទឹកដីខ្លួនវិញ។
10បុត្រាទាំងនោះរបស់ស្តេចប្រុងប្រៀបនិងប្រមូលកម្លាំងទ័ពយ៉ាងច្រើនឲ្យបានច្រើន។ កងទ័ពទាំងនោះក៏ចេញទៅដូចជាទឹកជំនន់ហើយហូរយកគ្រប់យ៉ាងទៅជាមួយ វានឹងហូរកាត់ផ្លូវទាំងអស់រហូតដល់បន្ទាយរបស់គេ។
11រួចហើយស្តេចនៃអាណាចក្រខាងត្បូងនឹងត្រឡប់ទៅជាខ្ញាល់យ៉ាងខ្លាំង ហើយស្តេចនឹងចេញទៅហើយច្បាំងទាស់ប្រឆាំងជាមួយទ្រង់ ហើយស្តេចនៃអាណាចក្រខាងជើង។ ស្តេចនៃអាណាចក្រខាងជើងបានលើកទ័ពជាច្រើន តែទីបំផុតក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចខាងត្បូង។
12ពួកទ័ពនឹងបាននាំចេញទៅ ហើយព្រះហឫទ័យស្តេចក៏បានលើកឡើង ហើយសម្លាប់ពួកគេរាប់ម៉ឺនរាប់សែននាក់ តែស្តេចនេះនៅតែមិនអាចយកជ័យជម្នះបានទេ។
13រួចហើយស្តេចខាងជើងក៏បានលើកទ័ពក្រុមផ្សេងទៀត ទ័ពនេះគឺធំជាងលើកមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្តេចខាងជើងនឹងលើកទ័ពយ៉ាងធំ រួមទាំងគ្រឿងសាស្ត្រាវុធជាច្រើនមកជាមួយផង។
14នៅពេលនោះមានមនុស្សជាច្រើនបានប្រឆាំងបះបោរនឹងស្តេចខាងត្បូង។ហើយកូនមនុស្សកំណាចនៅក្នុងចំណោមប្រជាជនរបស់អ្នកបានលើកគ្នាទាស់ប្រឆាំងដែរ ដើម្បីឲ្យស្របតាមនិមិត្តនោះ ប៉ុន្តែពួកគេនឹងជំពប់ដួល។
15ស្តេចខាងជើងនឹងចូលមក ហើយលើកដីយ៉ាងខ្ពស់ជាពំនូក និងព័ទ្ធជុំវិញទីក្រុង ជាមួយនិងបន្ទាយ។ ពួកទ័ពរបស់ស្តេចខាងត្បូងមិនអាចឈរបាន សូម្បីតែ ទ័ពខ្លាំងពូកែរបស់ពួកគេ។ ពួកគេអាចទប់ទល់បានដែរ។ ពួកគេពុំមានកម្លាំងតទល់ទៀតឡើយ។
16ម៉្យាងវិញទៀត ស្តេចមួយអង្គដែលមកនឹងធ្វើអ្វីតាមតែអំពើចិត្ត ទាស់ប្រឆាំងនឹងទ្រង់។ ហើយស្តេចនឹងឈរនៅលើទឹកដីដ៏ស្រស់ស្អាត ហើយការបំផ្លាញនឹងនៅក្នុងដៃទ្រង់។
17ស្តេចនៃអាណាចក្រខាងជើង បានតាំងព្រះភក្រ្តដើម្បីចូលទៅជាមួយនិងកម្លាំងនៃអាណាចក្រទាំងមូល ហើយរួមជាស្តេចខាងត្បូងនឹងមានការព្រមព្រៀងថាស្តេចនឹងតាំងសម្ព័ន្ធជាមួយស្តេចខាងត្បូង។ ស្តេចនឹងលើកបុត្រីខ្លួនឲ្យធ្វើជាមហេសីស្តេចខាងត្បូង ដើម្បីប្រើល្បិចបោកបញ្ឆោត។ ប៉ុន្តែផែនការនោះមិនបានជោគជ័យឬអាចជួយទ្រង់បានឡើយ។
18បន្ទាប់មកស្តេចខាងជើងក៏បែរទៅតាមកោះផ្សេងៗ ហើយវាយយកកោះទាំងនោះ។ តែមានមេទ័ពម្នាក់នឹងបញ្ឈប់ភាពអំនួតហើយអំនួតរបស់ស្តេច បានធ្លាក់មកលើទ្រង់វិញ។
19រួមហើយស្តេចបានបែរទៅមើលបន្ទាយនៅក្នុងទឹកដីរបស់ខ្លួនវិញ ប៉ុន្តែស្តេចនឹងត្រូវបរាជ័យ ហើយទ្រង់នឹងបាត់ខ្លួនផង។
20បន្ទាប់មកនឹងមានស្តេចមួយនឹងឡើងសោយរាជ្យជំនួសស្តេចនេះ នឹងចាត់តាំងអ្នកយកពន្ធម្នាក់ ដើម្បីរក្សាភាពថ្កុំថ្កើងរបស់អាណាចក្រ។ ប៉ុន្តែមិនយូរប៉ុន្មានរាជ្យស្តេចនេះនឹងត្រូវបាក់បែក តែមិនដោយសារកំហឹង ឬដោយចម្បាំងទេ។
21មានម្នាក់ទៀតដែលនឹងឡើងសោយរាជ្យជំនួសស្តេចនេះ ​ជាមនុស្សគួរឲ្យស្អប់ ជាស្តេចដែលគ្មាននរណាម្នាក់ប្រគល់រាជសម្បត្តិឲ្យស្តេចនេះឡើយ ហើយស្តេចនេះចូលមក ហើយដណ្តើមយករាជ្យដោយប្រើល្បិចកល។
22ពួកទ័ពនឹងត្រូវលាងសំអាតជាមួយនឹងទឹកជំនន់នៅចំពោះស្តេចនេះ។ ទ័ពទាំងពីរក្រុមនៃសម្ពន្ធមេត្រីនឹងត្រូវបានបំផ្លាញ។
23តាំងពីពេលដែលបានចងសម្ព័ន្ធភាពហើយ ស្តេចនោះកាន់តែមានឧបាយកល ហើយស្តេចនេះនឹងកាន់តែខ្លាំងឡើង ជាមួយមនុស្សមួយចំនួនតូច ស្តេចនោះនឹងក្លាយទៅខ្លាំងពូកែ។
24ដោយមិនមានការរំលឹកមុនទេស្តេចនេះក៏បានចូលទៅក្នុងកន្លែងដែលមានបំផុតនៃអាណាខេត្ត ហើយស្តេចនេះប្រព្រឹត្តអ្វីៗដែលបុព្វបុរសទ្រង់មិនដែលបានប្រព្រឹត្តពីមុន។ ស្តេចបាននឹងផ្សព្វផ្សាយដល់អ្នកដើរតាមទ្រង់ពីជ័យភណ្ឌ័ដែលប្លន់បាននិងទ្រព្យសម្បត្តិ។ ស្តេចនឹងមានផែនការដើម្បីវាយលុក យកបន្ទាយទាំងឡាយ តែបានតែមួយរយៈទេ។
25ស្តេចនឹងខំព្រឹងប្រមូលកម្លាំង និងចិត្តទ្រង់ដើម្បីទាស់ប្រឆាំងនិងស្តេចខាងត្បូង ជាមួយកម្លាំងទ័ពដ៏ធំ។ ស្តេចខាងត្បូងនឹងបង្កសង្គ្រាមដ៏ធំមួយ ជាមួយនិងទ័ពដែលខ្លាំងពូកែ ប៉ុន្តែស្តេចមិនអាចយកជ័យបានទេដោយសារស្តេចខាងជើងបានប្រើល្បិចកលទាស់នឹងស្តេចខាងត្បូង។
26ទោះបីអ្នកដែលបរិភោគអាហារជាមួយស្តេច នឹងបំផ្លាញស្តេចដែរ។ កងទ័ពរបស់ស្តេចនឹងត្រូវខ្ចាត់ខ្ចាយ ហើយពួកគេទាំងនោះជាច្រើនត្រូវដួលស្លាប់គ្មានសល់។
27ស្តេចទាំងពីរនោះ មានចិត្តអាក្រក់ចំពោះគ្នា ហើយអង្គុយចចារគ្នាទាំងមានល្បិចកលដាក់គ្នាដោយកុហកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានប្រយោជន៍សោះឡើយ។ ត្បិតមិនទាន់ដល់់ពេលវេលា ដែលបានកំណត់ឡើយ។
28បន្ទាប់មកស្តេចខាងជើងក៏ត្រឡប់ទៅទឹកដីខ្លួនវិញ ជាមួយនិងទ្រព្យសម្បត្តិយ៉ាងច្រើនផង ស្តេចនេះនៅតែមានចិត្តមានៈទាស់ប្រឆាំងនឹងសម្ពន្ធមេត្រីដ៏បរិសុទ្ធ។ ស្តេចធ្វើអ្វីតាមតែអំពើចិត្តរួចក៏ត្រឡប់ទៅទឹកដីខ្លួនវិញ។
29ដល់ពេលកំណត់មកដល់ស្តេចនឹងត្រឡប់ហើយទាស់ប្រឆាំងនឹងស្តេចខាងត្បូងម្តងទៀត។ ប៉ុន្តែលើកនេះមិនដូចពេលមុនៗទេ។
30ត្បិតនឹងមាននាវាមកពីស្រុកគីទីមមកទាស់នឹងទ្រង់ ហើយធ្វើឲ្យស្តេចភ័យខ្លាចរួចដកថយទៅវិញ។ ស្តេចនឹងក្រៀវក្រោធចំពោះសម្ពន្ធមេត្រីដ៏បរិសុទ្ធ ហើយទ្រង់នឹងផ្តល់គុណដល់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។
31ពួកកងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្តេចនឹងនាំគ្នាមើលងាយបន្ទាយនៃទីសក្ការៈ។ ពួកគេនឹងដកយកថ្វាយដង្វាយដុត ហើយពួកគេនាំយករបស់ដែលជាទីស្អប់ខ្ពើមមកតាំងជំនួសវិញ។
32ត្បិតអស់អ្នកដែលប្រព្រឹត្តិអំពើអាក្រក់ ទាស់នឹងសម្ពន្ធមេត្រីដីបរិសុទ្ធ ស្តេចនឹងបោកប្រាស់គេ និងធ្វើឲ្យគេទៅជាអាក្រក់។ ប៉ុន្តែអស់អ្នកដែលស្គាល់ព្រះរបស់គេច្បាស់នឹងឈរមាំតយុទ្ធវិញ។
33អ្នកដែលមានប្រាជ្ញានៅក្នុងចំណោមប្រជាជននឹងជួយឲ្យមនុស្សជាច្រើនបានយល់ដឹងដែរ។ ប៉ុន្តែពួកគេត្រូវដួលចុះដោយដាវ ហើយអណ្ដាតភ្លើងៈ ពួកគេធ្លាក់ចុះទៅធ្វើជាឈ្លើយ ហើយក៏ត្រូវប្លន់យកទ្រព្យសម្បត្តិ។
34នៅក្នុងពេលពួកគេដួលចុះ ហើយពួកគេមកជួយពួកគេខ្លះដែរ។ ពួកមនុស្សលាក់ពុតជាច្រើនបានចូលរួមជាមួយពួកគេ។
35អ្នកប្រាជ្ញទាំងនោះនិងត្រូវដួលចុះ ដើម្បីឲ្យបានជំរះនឹងកើតឡើងដល់គេ និងសម្អាត់ ហើយបានបរិសុទ្ធផង រហូតដល់ពេលចុងក្រោយ។ ត្បិតវេលានោះត្រូវតែមកដល់តាមការកំណត់។
36ស្តេចនោះនឹងធ្វើតាមតែអំពើចិត្តរបស់ទ្រង់។ ស្តេចបានតម្កើងខ្លួនឡើង ហើយតាំងខ្លួនលើសខ្ពស់ជាងព្រះ។ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់លើអស់ទាំងព្រះ ហើយស្តេចនឹងពោលអ្វីដែលភ្ញាក់ផ្អើល ត្បិតទ្រង់នឹងជោគជ័យគ្រប់កិច្ចការរហូតទាល់តែព្រះពិរោធបានកើតឡើង។ ត្បិតរាជសារដែលបានប្រកាសនឹងត្រូវតែបានសម្រេច។
37ស្តេចនឹងមិនខ្វល់ដល់ព្រះដែលបុព្វបុរសទ្រង់ធ្លាប់គោរព ឬព្រះដែលអស់ពួកស្ត្រីគោរពប្រាថ្នាចង់បាន។ ស្តេចនឹងមិនខ្វល់ពីព្រះណាទាំងអស់។ ត្បិតទ្រង់បានតម្កើងខ្លួនលើសអស់ទាំងអ្វីៗទាំងអស់។
38ស្តេចនឹងគោរពព្រះដែលការពារបន្ទាយជំនួសឲ្យព្រះទាំងនេះ។ ជាព្រះដែលបុព្វបុរសស្តេចមិនដែលស្គាល់ ហើយស្តេចនឹងថ្វាយដោយមាស​ និងប្រាក់ ហើយត្បូង រួមទាំងអំណោយដ៏មានតម្លៃផ្សេងទៀត។​
39ស្តេចនឹងវាយលុកយក បន្ទាយដែលរឹងមាំបំផុត ដោយពឹងអាងលើព្រះជនជាតិផ្សេង។ គឺជាអ្នកណាដែលបានទទួលស្គាល់ព្រះនោះ ស្តេចនឹងលើកតម្កើងខ្លាំង។ ស្តេចនឹងឲ្យពួកគេត្រួតត្រាលើប្រជាជនជាច្រើន នឹងចែកទឹកដីដល់ពួកគេទុកជារង្វាន់ផង។
40ដល់គ្រាចុងក្រោយ ស្តេចខាងត្បូងនឹងទៅច្បាំង។ ស្តេចខាងជើងនឹងលើកទ័ពទាស់ប្រឆាំងវិញដោយប្រើ រទេះច្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្តេចនឹងសម្រុកចូលយ៉ាងសន្ធឹកសន្ធាប់ដូចជាទឹកជំនន់ ឆ្លងកាត់ទឹកដីទាំងមូល។
41ស្តេចនឹងចូលទៅក្នុងទឹកដីដ៏ស្រស់ស្អាត ហើយសាសន៍អុីស្រាអែលរាប់ម៉ឺននាក់ត្រូវដួលចុះ។ ប៉ុន្តែពួកអ្នកទាំងនេះគេចផុតពីកណ្តាប់ដៃរបស់ស្តេច គឺជនជាតិអេដុម ជនជាតិម៉ូអាប់ និងពួកអ្នកដឹកនាំសំខាន់នៃជនជាតិអាំម៉ូន។
42ស្តេចនោះនឹងលូកដៃទៅទឹកដីនោះ ហើយទឹកដីអេស៊ីបក៏គេចមិនរួចដែរ។
43ស្តេចនឹងកាន់កាប់លើទ្រព្យសម្បត្តិគឺ មាស និងប្រាក់ ហើយលើរបស់ទ្រព្យទាំងអស់ដែលមានតម្លៃនៅក្នុងអេស៊ីប ចំណែកជនជាតិលីប៊ី និងជនជាតិអេធីយ៉ូពីនឹងនឹងដើរតាមជំហាននោះដែរ។
44ប៉ុន្តែដំណឹងចេញពីទឹកដីខាងកើត និងខាងត្បូងបានធ្វើឲ្យស្តេចភិតភ័យជាខ្លាំង ហើយទ្រង់បានយាងចេញទៅទាំងក្រេវក្រោធ ដើម្បីបំផ្លាញ ហើយញែកចេញកើម្បីសម្លាប់មនុស្សជាច្រើនផង។
45ស្តេចនឹងតម្លើងពន្លាធ្វើជារាជដំណាក់នៅរវាងសមុទ្រ និងជិតភ្នំដ៏ស្រស់ស្អាតដ៏បរិសុទ្ធ។ ប៉ុន្តែជីវិតស្តេចនឹងដល់ទីបញ្ចប់របស់ទ្រង់ហើយ ដោយគ្មានអ្នកណាអាចជួយទ្រង់បានដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។