ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 8

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះបានបង្ហាញខ្ញុំ។ មើល៍! មានកន្ត្រក់មួយពេញដោយផ្លែឈើនៅរដូវក្តៅ!
2ព្រះអង្គមានព្រះបន្ទូលថា «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលទៅព្រះអង្គថា «មានកន្រ្តក់មួយពេញដោយផ្លែឈើនៅរដូវក្តៅ»។ រួចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចុងបញ្ចប់បានមកដល់ប្រជាជនអុីស្រាអែល ដែលជារាស្ត្ររបស់យើង យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
3នៅថ្ងៃនោះ បទចម្រៀងដែលច្រៀងនៅក្នុងវិហារហ្លួង និងត្រឡប់ជាសម្រែកទ្រហោយំ មានសាកសពជាច្រើននឹងត្រូវគេបោះចោលនៅកន្លែងស្ងាត់ជ្រងំគ្រប់ទីកន្លែង!» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4ចូរស្តាប់ចុះ អស់អ្នកណាដែលជិះជាន់មនុស្សកម្សត់ ហើយធ្វើឲ្យអ្នកក្រីក្រចេញពីទឹកដី។
5ពួកគេនិយាយថា «តើពេលណាទើបផុតបុណ្យចូលខែថ្មី ដើម្បីឲ្យយើងបានលក់ស្រូវ? តើពេលណាទើបផុតបុណ្យសប្ប័ទ ដើម្បីឲ្យយើងបានលក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាស់ឲ្យតូចហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
6អ្នករាល់គ្នាបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកម្សត់ ដោយស្បែកជើងមួយគូរ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ»។
7ព្រះអម្ចាស់បានស្បថដោយអំនួតរបស់លោកយ៉ាកុបថា «ប្រាកដណាស់ យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលគេបានប្រព្រឹត្តឡើយ»។
8តើនឹងមិនមានរំញ្ជួយផែនដី ហើយគ្រប់គ្នាដែលរស់នៅលើផែនដី តើមិនកាន់ទុក្ខទេឬ? ផែនដីទាំងមូលនឹងកក្រើកឡើងដូចជាទន្លេនីល រួចក៏ស្ងប់ទៅវិញ ដូចទន្លេនៅអេស៊ីបដែលជន់ឡើងរួចក៏ស្រកទៅវិញ។
9ការទាំងនោះនឹងកើតឡើងនៅពេលថ្ងៃ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ យើងនឹងធ្វើឲ្យមានព្រះអាទិត្យលេចបាត់ នៅពេលថ្ងៃត្រង់ ហើយធ្វើឲ្យផែនដីងងឹតសូន្យនៅពេលមេឃស្រឡះ
10យើងនឹងធ្វើឲ្យពិធីបុណ្យរបស់អ្នក ត្រឡប់ទៅជាពិធីកាន់ទុក្ខ ហើយបទចម្រៀងរបស់អ្នក ត្រឡប់ទៅជាពាក្យទំនួញវិញ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ និងកោសក់ផង។ យើងនឹងធ្វើឲ្យមានការកាន់ទុក្ខ ដូចគេកាត់ទុក្ខកូនតែមួយ ហើយនៅថ្ងៃចុងបញ្ចប់អ្នករាល់គ្នាស្គាល់តែភាពល្វីងជូរចត់។
11ព្រះអម្ចាស់ ជាព្រះមានព្រះបន្ទូលថា មើល៍! ថ្ងៃនោះនឹងមកដល់ យើងនឹងបញ្ជូនការអត់ឃ្លានឲ្យដល់ទឹកដីអ្នក មិនមែនជាការអត់ឃ្លានខាងអាហារ ឬស្រែកទឹកនោះទេ គឺជាការស្រែកឃ្លានដែលមិនបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ពួកគេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយនឹងរត់ពីទិសខាងជើង រហូតដល់ទិសខាងកើត ដើម្បីស្វែងរកព្រះបន្ទូលនៃព្រះអម្ចាស់ តែពួកគេរកមិនឃើញឡើយ។
13នៅថ្ងៃនោះ ក្រមុំស្អាតៗ និងកំលោះៗនឹងអស់កម្លាំងដោយសារស្រែកទឹក។
14អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី នោះគេនឹងដួលស្លាប់ហើយក្រោកឡើងវិញមិនរួចឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។