ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 7

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះ បានបង្ហាញដល់ខ្ញុំ។ មើល៍! កាលគេកាត់ស្មៅយកទៅថ្វាយស្តេច ហើយពេលដែលស្មៅកំពុងលូតឡើងសាជាថ្មី ស្រាប់តែមានហ្វូងកណ្តូបហើរមក។​​​
2កាលកណ្តូបទាំងនោះបានស៊ីបន្លែអស់ពីស្រុក ខ្ញុំក៏ទូលថា «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង ដូចដែលយ៉ាកុបរួចជីវិតនោះដែរ? ដ្បិតគេតូចណាស់»។​
3ព្រះអម្ចាស់ប្ដូរព្រះហប្ញទ័យអំពីរឿងនេះ ហើយមានព្រះបន្ទូលថា «ហេតុការណ៍នេះនឹងមិនកើតឡើងទេ»​។
4ព្រះអម្ចាស់ជាព្រះបានបង្ហាញដល់ខ្ញុំ៖ មើល៍! ព្រះអម្ចាស់បានហៅភ្លើងមកដើម្បីជំនុំជម្រះទោស។ នោះភ្លើងធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកទាំងនោះហួតហែង។
5ពេលនោះ ខ្ញុំទូលព្រះអង្គថា «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គឈប់ធ្វើដូច្នេះទៅ តើធ្វើដូចម្តេចឲ្យយ៉ាកុបរួចជីវិតរស់នៅបាន? ដ្បិតគេតូចណាស់»។
6ព្រះអម្ចាស់ដូរព្រះហប្ញទ័យ ហើយមានព្រះបន្ទូលថា «ហេតុការណ៍នេះនឹងមិនកើតឡើងទេ»។
7ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថា៖ មើល៍ ព្រះអម្ចាស់ឈរនៅលើជញ្ជាំង សង់ដោយខ្សែប្រយោល ព្រះអង្គកាន់ខ្សែប្រយោល។
8ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «អេម៉ុសអើយ​​ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលថា «ទូលបង្គំឃើញខ្សែប្រយោល» បន្ទាប់មកព្រះអម្ចាស់ទូលថា «មើល៍ យើងនឹងឲ្យមានខ្សែប្រយោលនៅកណ្តាលចំណោមពួកអុីស្រាអែលជាប្រជារាស្រ្តរបស់យើង។ ដ្បិតយើងនឹងមិនអធ្យាស្រ័យឲ្យពួកគេទៀតឡើយ។
9អស់ទាំងទីខ្ពស់ៗរបស់អីុសាកនឹងត្រូវបំផ្លាញចោល ហើយកន្លែងទីសក្ការៈរបស់អុីស្រាអែលនឹងត្រូវវិនាសដែរ យើងនឹងក្រោកឡើងទាស់ប្រឆាំងនឹងស្តេចយេរ៉ូបោមដោយមុខដាវ»។
10ពេលនោះ លោកអម៉ាស៊ាជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម នៃស្តេចអុីស្រាអែលថា «លោកអេម៉ុសកំពុងរួមគំនិតទាស់ប្រឆាំងនឹងព្រះករុណា នៅកណ្តាលប្រជាជនអុីស្រាអែល។ ទឹកដីទាំងមូលនឹងមិនអាចទ្រាំបាននឹងពាក្យគាត់ឡើយ។
11ដ្បិតអេម៉ុសបានពោលដូច្នេះថា​ ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយមុខដាវ ហើយប្រជាជនអុីស្រាអែលនឹងត្រូវនិរទិសចេញពីទឹកដីរបស់ខ្លួន»។
12លោកអម៉ាស៊ាក៏ពោលទៅកាន់លោកអេម៉ុសថា «គ្រូ ទាយឆុតអើយ ចូរចេញពីទីនេះហើយរត់ទៅយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅទីនោះចុះ។
13កុំទាយនៅត្រង់បេតអែលទៀតអី ដ្បិតទីនេះជាទីសក្ការៈរបស់ស្តេច និងជាដំណាក់ហ្លួង»។
14ពេលនោះលោកអេម៉ុសឆ្លើយទៅលោក អម៉ាស៊ាថា ​ «ខ្ញុំមិនមែនជាព្យាការីទេ ហើយក៏មិនមែនជាកូនរបស់ព្យាការីដែរ។ ខ្ញុំគឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។
15ប៉ុន្តែព្រះអម្ចាស់បានយកខ្ញុំចេញពីឃ្វាលហ្វូងសត្វ ហើយព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា ចូរទៅ ថ្លែងព្រះបន្ទូលរបស់យើងដល់ប្រជាជនអុីស្រាអែល។
16ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា​ ហើយកុំនិយាយទាស់នឹងជនជាតិអុីស្រាអែល ហើយកុំនិយាយទាស់ជាមួយនឹងពូជពង្សលោកអីសាកដែរ។
17ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្តាលទីក្រុង កូនប្រុស និងកូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ហើយខ្លួនលោកនឹងត្រូវស្លាប់នៅលើទឹកដីមិនបរិសុទ្ធ ហើយប្រជាជនអុីស្រាអែលនឹងត្រូវនិរទេសចេញឆ្ងាយពីទឹកដីរបស់ខ្លួន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។