ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំបានឃើញព្រះអម្ចាស់ឈរនៅក្បែរអាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ។ ហើយកិនកំម្ទេចមេដឹកនាំរបស់ពួកគេទាំងអស់ រួចអស់អ្នកដែលនៅសល់យើងនឹងសម្លាប់ពួកគេដោយមុខដាវ។ គ្មាននរណាម្នាក់អាចរត់ចេញ ហើយក៏គ្មាននរណាម្នាក់គេចផុតបានឡើយ។
2ទោះបើគេជីកទម្លុះទៅដល់ស្ថានមនុស្សស្លាប់ក៏ដោយ ក៏ដៃរបស់យើងនឹងអូសយកមកវិញ។ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ ក៏យើងទាញទម្លាក់មកវិញដែរ។
3ទោះបើពួកគេទៅពួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកពួកគេហើយចាប់យកមកវិញ។ ទោះបើពួកគេលាក់ខ្លួនពីភ្នែករបស់យើងដល់បាតសមុទ្រក៏ដោយ ក៏យើងប្រើពស់ឲ្យទៅខាំពួកគេដែរ។
4ទោះបើពួកគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ ក៏យើងនឹងបញ្ជាដាវឲ្យទៅតាមសម្លាប់ពួកគេដែរ។ យើងនឹងតាមមើលពួកគេដើម្បីឲ្យពួកគេវេទនា ហើយមិនឲ្យពួកគេមានក្តីសុខឡើយ»។
5ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានពាល់ផែនដី ហើយផែនដីក៏រញ្ជួយ និងអ្នកដែលនៅផែនដីក៏នាំគ្នាសោកសៅកាន់ទុក្ខ ផែនដីទាំងមូលនឹងកក្រើកឡើងដូចទឹកទន្លេ ហើយក៏ស្ងប់ទៅវិញដូចជាទន្លេដែលនៅអេស៊ីប។
6ព្រះអង្គសង់ព្រះដំណាក់ដ៏ខ្ពស់នៅលើស្ថានសួគ៌ ហើយព្រះអង្គដាក់លំហអាកាសនៅពីលើផែនដី។ ព្រះអង្គហៅទឹកសមុទ្រហើយចាក់ស្រោចស្រពមកលើផែនដី ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
7កូនចៅអុីស្រាអែលអើយ តើយើងមិនចាត់ទុកអ្នកដូចជាជនជាតិអេត្យូពី ទេឬអី? នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។ តើមិនមែនជាយើងដែលបាននាំជនជាតិអុីស្រាអែលចេញពីអេស៊ីប​ និងពួកភីលីស្ទីនចេញពីកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីគៀរទេឬ?
8មើល៍! ព្រះនេត្រនៃព្រះអម្ចាស់នឹងទតមើលនគរដែលមានបាប ហើយនឹងបំផ្លាញនគរនេះឲ្យវិនាសបាត់ពីផែនដី ប៉ុន្តែយើងនឹងមិនបំផ្លាញកូនចៅលោកយ៉ាកុបទាំងអស់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9មើល៍! យើងនឹងបញ្ជាហើយរែងពូជពង្សអុីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងអង្ករនៅក្នុងកញ្រែ្ចង តែមិនមានគ្រាប់ថ្មតូចណាមួយធ្លាក់ដល់ដីឡើយ។
10អស់មនុស្សដែលមានបាបក្នុងប្រជារាស្រ្តរបស់យើងនឹងត្រូវស្លាប់ដោយមុខដាវ អ្នកទាំងនោះពោលថា ទុក្ខវេទនានឹងមិនចូលមកជិត ឬកើតមានដល់ពួកយើងឡើយ។​​
11នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ​​ដែលបាន ដួលរលំនោះឡើងវិញ និងជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត។ យើងនឹងលើកកន្លែងដែលខូចបង់ឡើង ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ។
12ដើម្បីឲ្យជនជាតិអុីស្រាអែលចាប់យកអេដុមដែលនៅសល់ និងទឹកដីបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធរបស់យើងកាលពីដើម នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលព្រះអង្គបានធ្វើការទាំងនេះ។
13ព្រះអម្ចាស់មានព្រះបន្ទូលថា មើល៍! ថ្ងៃនោះជិតមកដល់ហើយ កាលណាគេច្រូតស្រូវរួចរាល់ហើយនោះអ្នកភ្ជូររាស់នឹងមកភ្ជូរភ្លាម ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរនឹងតាមទាន់អ្នកដែលសាបព្រោះពូជ។ ទឹកទំពាំងបាយជូរនឹងហូរស្រក់តាមភ្នំធំៗ​ ហើយអស់ទាំងភ្នំតូចៗ ក៏នឹងហូរមកដែរ។
14យើងនឹងនាំប្រជាជនអុីស្រាអែល ជាប្រជារាស្រ្តរបស់យើងដែលជាប់ជាឈ្លើយឲ្យមកវិញ។ ពួកគេនឹងសង់ទីក្រុងដែលខូចទាំងប៉ុន្មានឡើងវិញដើម្បីស្នាក់នៅ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ ពួកគេធ្វើចម្ការហើយក៏បរិភោគផលផ្លែពីចម្ការនោះដែរ។
15យើងនឹងឲ្យពួកគេរស់នៅលើទឹកដីរបស់ខ្លួន ហើយគ្មាននរណាអាច បណ្តេញពួកគេចេញពីទឹកដី ដែលយើងបានប្រគល់ឲ្យទៅពួកគេបានឡើយ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។