ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 6

Read Scripture freely. Divine Threads study for this chapter is coming later.

1វេទនាដល់អស់អ្នកណាដែលរស់ដោយឥតខ្វល់នៅក្រុង ស៉ុីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ហើយអ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពូជពង្សអុីស្រាអែលយកអ្នករាល់គ្នាជាបង្អែក!
2មេដឹកនាំរបស់អ្នករាល់គ្នានិយាយថា «ចូរនាំគ្នាទៅកាល់ណេហើយសង្កេតមើលចុះ ចូរទៅដល់ក្រុងហាម៉ាតដែលជាក្រុងដ៏ធំ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន។ តើក្រុងទាំងនោះវិសេសជាងនគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?»
3អ្នករាល់គ្នាចង់ពន្យាពេលកុំឲ្យថ្ងៃមហន្តរាយមកដល់ ហើយបែជាធ្វើឲ្យរាជ្យដ៏ឃោឃៅកាន់តែខិតចូលមកជិត។
4អ្នករាល់គ្នាដេកនៅលើគ្រែភ្លុក ហើយទម្រេតខ្លួននៅលើកម្រាលព្រំ។ ព្រមទាំងបរិភោគសាច់ចៀមពីហ្វូងសត្វ និងកូនគោដែលគេបំប៉នទុក។
5អ្នករាល់គ្នាច្រៀងចម្រៀងឡូឡាតាមសំឡេងពិណ ហើយបង្កើតគ្រឿងភ្លេងចង់ធ្វើដូចជាស្តេចដាវីឌ។
6អ្នករាល់គ្នាផឹកស្រាពីចានគោមធំៗ ហើយលាបខ្លួនដោយប្រេងដ៏មានតម្លៃ តែអ្នករាល់គ្នាមិនព្រួយចំពោះការវិនាសរបស់កូនលោកយ៉ូសែបទេ។
7ដូច្នេះហើយគេនឹងនាំអ្នកទៅជាឈ្លើយជាមួយអស់អ្នកដែលជាឈ្លើយមុនគេ ហើយពួកខ្ជិលច្រអូសដូចអ្នករាល់គ្នានឹងលែងស្គាល់ការសប្បាយទៀតហើយ។
8«ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា យើងស្អប់ខ្ពើមនឹងអំនួតរបស់ពួកកូនចៅយ៉ាកុប យើងស្អប់ប្រាសាទរបស់ពួកគេ។ ហេតុដូច្នេះ យើងនឹងប្រគល់ទីក្រុង និងរបស់អ្វីៗដែលនៅក្នុងទីក្រុងនេះ ទៅក្នុងកណ្តាប់ដៃរបស់សត្រូវ»។
9ប្រសិនបើក្នុងផ្ទះមួយមានមនុស្សដប់នាក់នៅសល់ នោះមុខជាត្រូវស្លាប់ទាំងដប់នាក់។​
10ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា នោះគាត់នឹងស្រែកសួរអ្នកដែលនៅក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ បន្ទាប់មកគាត់នឹងក៏ពោលទៀតថា «កុំមាត់អី យើងមិនត្រូវលើកពីព្រះនាមព្រះអម្ចាស់ទេ»។
11ចូរមើល៍ចុះ​ ដ្បិតព្រះអម្ចាស់ចេញរាជបញ្ជា នោះផ្ទះដែលធំៗនឹងត្រូវបាក់បែកខ្ទេចខ្ទីអស់ ហើយសូម្បីតែផ្ទះតូចៗក៏ត្រូវបាក់ខ្ទេចខ្ទីអស់ដែរ។
12តើសេះបោលនៅលើផ្ទាំងថ្មឬ? តើគេយកគោទៅភ្ជួរនៅលើផ្ទាំងថ្មឬ? តែអ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ប្រែទៅជាពិសពុល ហើយបង្វែរផលនៃសេចក្តីសុចរិត ទៅជាល្វីងដូចជាស្លែង។
13អ្នករាល់គ្នាអរសប្បាយក្នុងក្រុងឡូដាបា ហើយអ្នករាល់គ្នាពោលថា «តើយើងមិនវាយយកបានក្រុងកាណាអ៊ីម ដោយសារតែកម្លាំងរបស់ខ្លួនយើងទេឬ?»
14ប៉ុន្តែមើល៍! ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា ពូជពង្សអុីស្រាអែលអើយ យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបមកទាស់នឹងអ្នករាល់គ្នា។ ពួកគេនឹងធ្វើទុក្ខវេទនាដល់អ្នករាល់គ្នា ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។