ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 5

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនចៅអុីស្រាអែលអើយ ចូនាំគ្នាស្តាប់ពាក្យ ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នាចុះ។​
2ស្ត្រីព្រហ្មចារីអុីស្រាអែលបានដូលចុះហើយ នាងនឹងមិនអាចក្រោកឡើងវិញឡើយ នាងត្រូវគេបោះបង់ចោលលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ។
3ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា «ក្រុងរបស់អុីស្រាអែលដែលលើកទ័ពចេញទៅមួយពាន់នាក់ឲ្យទៅច្បាំង ហើយពួកគេត្រលប់មកវិញឃើញតែមួយរយនាក់ ហើយក្រុងមួយចាត់កងទ័ពអោយទៅច្បាំងមួយរយនាក់ ឃើញពួកគេត្រលប់មកវិញតែដប់អ្នកប៉ុណ្ណោះ»។
4ដ្បិតព្រះអម្ចាស់មានបន្ទូលមកកូនចៅអុីស្រាអែលថា៖ «ចូរស្វែង រកយើងនោះអ្នករាល់គ្នានឹងមានជីវិត!​
5កុំស្វែង បេតអែល ឬទៅគីលកាលឡើយ ​កុំធ្វើដំណើទៅបៀរសេបាឡើយ។ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវទៅជាឈ្លើយ ហើយ បេតអែល​ និងត្រូវសូន្យបាត់ទៅ។
6ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជិវិត​ ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះឡើងដូចជាភ្លើងក្នុងពូជពង្សយ៉ូសែប។ ហើយនឹងបញ្ឆេះអស់រលីងទៅ គ្មាននរណានៅបេត អែលអាចពន្លត់បានឡើយ។
7អ្នករាល់គ្នាបានធ្វើឲ្យយុតិ្តធម៌ប្រែទៅជាពិសពុល ហើយជាន់ឈ្លីសេចក្តីសុចរិតទៀតផង!»
8ព្រះអង្គបានបង្កើតផ្កាយកូនមាន់និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ហើយធ្វើឲ្យថ្ងៃត្រលប់ទៅជាយប់ងងឹត ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចស្រពលើផែនដី​​។ ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់!
9ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10ពួកគេស្អប់អស់អ្នកដែលកែតំរង់គេនៅ មាត់ទ្វា ហើយពួកគេស្អប់ខ្ពើមអ្នកដែលនិយាយសេចក្តីពិត។
11ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវរបស់ពួកគេ ទោះអ្នករាល់គ្នាសាងសង់ផ្ទះថ្មដ៏រឹងមាំ តែអ្នករាល់គ្នាមិនបានរស់នៅក្នុងផ្ទះនោះដែរ។ អ្នករាល់គ្នាបានដាំស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ ប៉ុន្តែអ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរពីចំម្ការនោះឡើយ។
12ដ្បិតយើងដឹងហើយថាអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរណាស់ អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខដល់មនុស្សសុុចរិត និងស៊ីសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។​
13ហេតុនេះហើយបានជាមនុស្សឈ្លាសវៃ សុខចិត្តនៅស្ងៀម ដ្បិតនេះជាគ្រាមួយដ៏លំបាក។
14ចូរស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត។ ហើយព្រះអម្ចាស់ជាព្រះនៃពិភពលោកទាំងមូល នឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយហើយ។
15ចូរស្អប់អំពើអាក្រក់ ហើយស្រលាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តធម៌នៅត្រង់ទ្វារក្រុង នោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងសម្តែងព្រះគុណដល់ពូជពង្សលោកយ៉ូសែបដែលនៅសេសសល់។
16ហេតុនេះព្រះអម្ចាស់ជាព្រះនៃពិភពលោកទាំងមូលមានព្រះបន្ទូលថា «មនុស្សម្នានឹងទ្រហោយំនៅតាមទីសាធារណៈទាំងអស់ ហើយនៅតាមផ្លូវគេនឹងនិយាយថា វរហើយ! វរហើយ! ពួកគេហៅអ្នកភ្ជួររាស់មកយំសោក ហើយពួកអ្នកដែលប្រសព្វទួញទំនួញមកទ្រហោយំ សម្រាប់ពិធីបញ្ចុះសព។​​
17នៅគ្រប់ទាំងចម្ការទំពាំងបាយជូរ មនុស្សម្នានឹងទ្រហោយំក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18អ្នកនោះមុខជាវេទនាពុំខាន​ អស់អ្នកណាដែលសង្វាតចង់បានថ្ងៃរបស់ព្រះអម្ចាស់!​ តើហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះនឹងងងឹត មិនមែនភ្លឺទេ
19ប្រៀបដូចជាមនុស្សម្នាក់រត់រួចពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។
20តើថ្ងៃរបស់ព្រះអម្ចាស់មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺទេឬ? តើជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីទេឬ?
21«ហើយយើងក៏មិនរីករាយនឹងពិធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាប្រារព្ធដែរ។​
22ទោះបីអ្នករាល់គ្នាថ្វាយដង្វាយដុត និងដង្វាយម្សោមកឲ្យយើង ក៏យើងមិនទទួលដង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងនឹងមិនអើពើសត្វធាត់ៗដែលអ្នករាល់គ្នាថ្វាយ ជាដង្វាយមេត្រីឡើយ។
23ចូរឈប់ច្រៀងចម្រៀងដ៏កងរំពងរបស់អ្នករាល់គ្នាចេញពីយើងទៅ យើងនឹងមិនចង់ស្តាប់សម្លេងពិណរបស់អ្នករាល់គ្នាទេ។
24ផ្ទុយទៅវិញ ចូរឲ្យមានសេចក្តីយុត្តិធម៌ហូរដូចជាទឹក និងសេចក្តីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួត។
25កូនចៅអីុស្រាអែលអើយ ក្នុងរយះពេលសែសិបឆ្នាំនៅទីវាលហោស្ថាន តើអ្នករាល់គ្នាមានយកយញ្ញបូជានឹងដង្វាយផ្សេងៗមកឲ្យយើងដែរឬទេ?
26ដោយអ្នករាល់គ្នាបានថ្វាយបង្គំស៊ីគុក ដូចជាសេចរបស់អ្នក និងគីយ៉ូនជារូបព្រះរបស់អ្នករាល់គ្នា ព្រមទាំងរូបផ្កាយរបស់ព្រះ ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង។
27ដូច្នេះ យើងនឹងនាំអ្នករាល់គ្នាទៅជាឈ្លើយនៅក្រុងដាម៉ាស» នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមានព្រះនាមជាព្រះនៃពិភពលោកទាំងមូល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។