1ជនជាតិអុីស្រាអែលអើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលទាស់ប្រឆាំងនឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំចេញពីអេស៊ីប
2«យើងបានជ្រើសរើសអ្នកតែម្នាក់ពីគ្រួសារផ្សេងៗនៅផែនដី។ ហេតុនេះយើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
3តើមនុស្សពីរនាក់អាចដើរជាមួយគ្នាបានលុះត្រ្តាពួកគេព្រមព្រៀងនឹងគ្នាសិនមែនទេ?
4តើសត្វសិង្ហនឹងគ្រហឹមនៅក្នុងព្រៃពេលដែលគ្មានសព្វចាប់ជាចំណីទេ? ហើយបើសិង្ហស្ទាវចាប់មិនទាន់បានអ្វីសោះ តើឲ្យវាគ្រហឹមក្នុងរូងម្តេចបាន?
5បើគ្មាននុយបញ្ឆោតទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្តេចបាន?
6បើគេផ្លុំត្រែប្រកាសអាសន្ននៅក្នុងក្រុងមួយ តើប្រជាជនមិនច្រួលច្របល់ទេឬ? បើព្រះអម្ចាស់មិនបានដាក់ទោសទេ តើមានមហន្តរាយអាចកើតមានឡើងដល់ក្រុងណាមួយឬ?
7ពិតប្រាកដណាស់ នៅពេលដែលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គមិនសម្តែងការលាក់កំបាំងរបស់ព្រះអង្គពីពួកព្យាការីដែលជាអ្នកបម្រើរបស់ព្រះអង្គនោះឡើយ។
8ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាម្ចាស់មានបន្ទូល តើនរណាមិនថ្លែងពាក្យទាំងនោះ?
9ចូរប្រកាសប្រាប់នៅតាមបន្ទាយក្រុងអាសឌូស នឹងនៅតាមបន្ទាយនៃអេស៊ីបថា «ចូរជួបជុំគ្នានៅលើភ្នំនៃសាម៉ារី ហើយសង្កេតមើលការច្រួសច្របល់ និងការសង្កត់សង្កិន ដែលកើតមានឡើងនៅទីនោះ។
10ព្រះអម្ចាស់មានព្រះបន្ទូលថា ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចឆក់ប្លន់ មកដាក់ពេញបន្ទាយរបស់ខ្លួន»។
11ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា «ខ្មាំងសត្រូវនឹងឡោមព័ន្ធទឹកដី។ គេនឹងធ្វើឲ្យកម្លាំងរបស់អ្នកថយចុះ ហើយបំផ្លាញបន្ទាយរបស់អ្នកទៀតផង»។
12នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «ដូចពួកអ្នកគង្វាលចៀមដែលដណ្តើមសត្វពីមាត់សិង្ហវិញ ហើយនៅសល់តែជើងពីរ ឬ ត្រចៀកមួយដុំ ដូចជាជនជាតិអុីស្រាអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំដ៏មានតម្លៃពីទឹកដីស៊ីរី»។
13ចូរស្តាប់ ហើយធ្វើទីបន្ទាល់ទាស់នឹងពូជពង្សលោកយ៉ាកុបផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល
14«ដ្បិតនៅថ្ងៃដែលយើងដាក់ទោសអុីស្រាអែល ដោយព្រោះអំពើរំលង យើងក៏នឹងដាក់ទោសដល់គេ ដោយព្រោះតែអាសនៈនៅបេតអែលដែរ។ ហើយស្នែងអាសនៈនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
15យើងនឹងធ្វើឲ្យដំណាក់នៅរដូវរងា និងដំណាក់នៅរដូវក្តៅរលំលើគ្នា។ ចំណែកដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយដំណាក់ធំៗនឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។