1ប៉ុន្តែ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្សរបស់ព្រះអម្ចាស់ជានិច្ច ហើយគាត់ទៅជួបលោកមហាបូជាចារ្យ
2រួចសុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។
3ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់
4រូចគាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
5លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
6ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថា ត្រូវធ្វើអ្វីខ្លះ»។
7រីឯអស់អ្នកដែលបានធ្វើដំណើរជាមួយលោកសូល នាំគ្នាឈរស្ងៀមរកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
8លោកសូលក្រោកឡើង ហើយនៅពេលគាត់បើកភ្នែក ស្រាប់តែគាត់មើលអ្វីមិនឃើញសោះ។ គេដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស។
9ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនបានពិសាបាយពិសាទឹកដែរ។
10នៅក្រុងដាម៉ាស មានសិស្សម្នាក់ឈ្មោះអាណាណាស។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ក្នុងនិមិត្តមួយថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
11ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ «ផ្លូវត្រង់» សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស នៅទីនោះគាត់កំពុងតែអធិស្ឋាន។
12សូលបាននិមិត្តឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។
13តែលោកអាណាណាសទូលព្រះអង្គវិញថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡឹមជាខ្លាំង។
14គាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។
15ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់ឈ្មោះខ្ញុំ។
16ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។
17ដូច្នេះ លោកអាណាណាសក៏ចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ។ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញនៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីអោយបងអាចមើលឃើញឡើងវិញ និងអោយបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។
18រំពេចនោះ មានអ្វីមួយដូចស្រកាត្រីជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើង ហើយបានទទួលពិធីជ្រមុជទឹក។
19បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកបានស្នាក់នៅជាមួយពួកសិស្សនៅក្រុងដាម៉ាសអស់ពេលបួនដប់ថ្ងៃ។
20លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំនានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។
21អស់អ្នកដែលបានឮលោកមានប្រសាសន៍ នឹកស្ងើច គេពោលថា៖ «លោកនេះហើយមែនទេដែលបានធ្វើទុក្ខបៀតបៀន អស់អ្នកដែលអង្វររកឈ្មោះយេស៊ូនៅក្រុងយេរូសាឡឹម? គាត់មកទីនេះរកចាប់ចងគេនាំទៅជូន នាយកបូជាចារ្យទេតើ»។
22រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសដោយអះអាងច្បាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ។
23ប៉ុន្មានថ្ងៃក្រោយមក ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល
24តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់លោក។
25ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតលោកចុះទៅខាងក្រៅកំពែងក្រុង។
26កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ចូលរួមជាមួយពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សនោះឡើយ។
27តែលោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវកទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូនៅក្រុងដាម៉ាសផងដែរ។
28ចាប់តាំងពីពេលនោះមក លោកសូលតែងតែជួបក្រុមសាវក នៅពេលពួកគេចុះឡើងក្រុងយេរូសាឡឹម។ លោកបានមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង
29ហើយលោកបានជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។
30កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មកបញ្ជូនលោកទៅក្រុងតើសុស។
31ក្រុមជំនុំក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារីបានប្រកបដោយសេចក្ដីសុខសាន្ត។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយពួកគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។
32កាលលោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធនៅក្រុងលីដា។
33នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
34លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ដប្រោសអ្នកឲ្យបានជាហើយ។ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!» ហើយលោកអេណាសក៏ក្រោកឡើងភ្លាម។
35អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ពួកគេក៏បែរចិត្តគំនិតមករកព្រះអម្ចាស់។
36នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា «ឌ័រកាស» នាងជាសិស្សដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។
37នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។
38ដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
39លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោកទាំងយំសោក និងបង្ហាញអាវវែង និងអាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។
40លោកពេត្រុសសុំឲ្យគេចេញទៅក្រៅបន្ទប់ទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។
41លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។
42អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។
43លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។