ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​វរសេនា​តូច​រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរសេនា​តូច​អ៊ីតាលី»។
2គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិប័តន៍ និង​កោត​ខ្លាច​ព្រះជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​អោយ​ប្រជាជន ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។
3ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​ប្រាំបួន ​គាត់​បាន​និមិត្ត​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់។ ទេវតា​នោះ​ពោលមកកាន់គាត់​ថា៖ «លោក​កូនេលាស​អើយ!»។
4លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ ហើយព្រះអង្គ​ក៏មិនភ្លេចអំពី​ទាន​ដែលលោកបានធ្វើចំពោះជនក្រីក្រ ជាតង្វាយនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។
5សូមលោក​ចាត់​គេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។
6គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។
7កាល​ទេវតាដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេលាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយឲ្យ​ចូល​មក។
8លោក​បាន​រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់ពួកគេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ។
9នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុបប៉េ។ ប្រមាណ​ជាម៉ោងប្រាំមួយ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ​។
10ពេល​នោះ លោក​ឃ្លានចង់រកអ្វីមក​ពិសា ប៉ុន្តែ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោកបានទទួលនូវនិមិត្តមួយ
11ហើយលោក​បាន​លង់​ស្មារតីនិមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាងចុះមក​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។
12នៅ​លើ​កម្រាលនោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សាបក្សី។
13បន្ទាប់មក មាន​ព្រះ​សូរសៀង​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរក្រោយឡើង រួច​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។
14ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធឡើយ»។
15ប៉ុន្តែ​ព្រះសូរសៀង​នោះ​ជា​លើក​ទី​ពីរមកកាន់លោក​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជាវិន័យ​ហាម​ឃាត់​នោះ​ឡើយ»។
16ហេតុការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។
17ខណៈពេលដែលលោក​ពេត្រុស​កំពុងភាន់ភាំងអំពី​អត្ថន័យនៃនិមិត្ត ដែលលោកបានឃើញនោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។
18ព្ួកគេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។
19ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​និមិត្ត​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក
20ចូរ​ចុះ​ទៅ​ក្រោម​ រួចចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។
21លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។
22ពួកគេ​ឆ្លើយ​ថា៖ «លោក​កូនេលាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជាតិ​យូដាសរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យអញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។
23លោក​ពេត្រុស​ក៏អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េជូន​ដំណើរ​​ផងដែរ។
24នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ពួកគេបាន​ទៅ​ដល់​ក្រុង​សេសារា។ លោក​កូនេលាស​កំពុងរង់ចាំពួកគេ ហើយពេលនោះគាត់ក៏​បាន​អញ្ជើញ​ញាតិសន្ដាន និង​មិត្ត​ជិតដិត​មក​ផ្ទះ​របស់​គាត់ផងដែរ។
25ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។
26ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។
27ខណៈពេលលោក​សន្ទនា​ជា​មួយ​លោក​កូនេលាស​បណ្ដើរ ​ដើរចូលទៅក្នុងបណ្តើរ ​លោកបាន​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា
28លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ វិន័យ​របស់​សាសនា​យូដា ហាម​មិន​ឲ្យសាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។
29ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។
30លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាល​បួន​ថ្ងៃ​មុន ក្នុងពេលដដែលនេះ ​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​ប្រាំបួន មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ត្រចះត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ
31ហើយ​ពោល​ថា៖ «លោក​កូនេលាស​អើយ ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោកក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។
32ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូនហៅ​ពេត្រុសនៅ​ក្រុង​យ៉ុបប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។
33ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រង់ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។
34ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់​រាប់​រក​មនុស្ស​ទូទៅ​ឥត​រើស​មុខ​ឡើយ។
35ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។
36អ្នកដឹងហើយថា ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែលនៅពេលព្រះអង្គបានប្រកាស​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្តតាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ​លើ​មនុស្ស​ទាំង​អស់ដល់ពួកគេ។
37បង​ប្អូន​ជ្រាប​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ ក្រោយពេល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក
38ដែលព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ឫទ្ធានុភាពដោយបានអភិសេក​ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះយេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។
39យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ ដែល​ព្រះអង្គ​បាន​ធ្វើនៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ​ដោយ​ព្យួរ​នៅ​លើ​ឈើ។
40ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ខ្លួន
41ដល់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន ឲ្យ​ធ្វើ​ជា​បន្ទាល់ប៉ុណ្ណោះ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់ ​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។
42ព្រះយេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់ ​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោសទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។
43ព្យាការីទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើកលែង​ទោស​ឲ្យរួច​ពី​បាបដោយសារ​ព្រះនាម​ព្រះអង្គ»។
44ពេលលោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍នៅឡើយ​ ស្រាប់​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​លោក។
45ពួក​អ្នកដែលស្ថិតក្នុងក្រុមអ្នកជឿ ដែលបានកាត់ស្បែក​ក៏​មក​ជា​មួយ​លោក​ពេត្រុសដែរ ពួកគេស្ងើចសរសើរ ព្រោះជាម្ចាស់​បាន​ចាក់​បង្ហូរអំណោយទានរបស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ឲ្យមកសាសន៍​ដទៃ​ផងដែរ។
46ដ្បិត​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ព្រម​ទាំង​លើក​តម្កើង​ព្រះជាម្ចាស់​ផង។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖
47«គ្មាន​នរណា​អាច​ឃាត់​យើង មិន​ឲ្យ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ»។
48បន្ទាប់មក លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្តិច​ទៀត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។