1លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ ក្រោយពីថ្ងៃនោះមក ចាប់ផ្តើមមានការបៀតបៀនជាខ្លាំង មកលើក្រុមជំនុំនៅក្រុងយេរូសាឡឹម ហើយពួកអ្នកជឿទាំងប៉ុន្មានបានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែក្រុមសាវក។
2អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងចំពោះលោក។
3រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំ លោកបានចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
4ប៉ុន្តែ ពួកសិស្សដែលបែកខ្ញែកគ្នានោះ ពួកគេធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទាំងប្រកាសពីព្រះបន្ទូលផងដែរ។
5លោកភីលីពបានធ្វើដំណើរទៅឯក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ដ។
6នៅពេលបណ្តាជនជាច្រើនបានឮ និងឃើញពីទីសម្គាល់ដែលលោកភីលីពបានធ្វើ ពួកគេនាំគ្នាមកស្តាប់លោកដែលមានប្រសាសន៍។
7មានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើនទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។
8ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់។
9មានបុរសម្នាក់ ឈ្មោះស៊ីម៉ូនរស់នៅក្នុងក្រុងនោះ តាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្តអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាមនុស្សសំខាន់មួយរូប។
10ប្រជាជនសាសន៍សាម៉ារីទាំងអស់ ទាំងអ្នកតូចអ្នកធំស្តាប់គាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្ដុង្គឧត្ដម»។
11ប្រជាជនបានស្តាប់គាត់ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
12ប៉ុន្តែ ពេលពួកគេបានជឿដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ដ ដែលលោកភីលីពបានប្រកាសប្រាប់ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
13សូម្បីតែលោកស៊ីម៉ូនក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹក ហើយគាត់នៅជាមួយនឹងលោកភីលីពជានិច្ច។ ពេលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលកើតមាននៅពេលនោះ គាត់បានស្ងើចសរសើរយ៉ាងខ្លាំង។
14ក្រុមសាវកនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។
15ពេលទៅដល់ស្រុកសាម៉ារី សាវកទាំងពីរបានអធិស្ឋានឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
16ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។
17បន្ទាប់មក លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃលើគេ ហើយពួកគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
18ពេលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿដោយសាវកដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវកទាំងពីរ
19ហើយពោលថា៖ «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។
20តែលោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ ព្រោះអ្នកនឹកស្មានថាអាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន!
21អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់។
22ដូច្នេះ សូមអ្នកលះបង់ចិត្តគំនិតអាក្រក់នេះចោលទៅ ហើយទូលសូមព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ
23ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តពិសពល់ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។
24លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកបានមានប្រសាសន៍នោះឡើយ»។
25ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវកទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងប្រកាសដំណឹងល្អក្នុងភូមិជាច្រើននៅស្រុកសាម៉ារី។
26ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង គឺតាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។
27លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូបជាមនុស្សកម្រៀវ លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម
28ហើយលោកធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះទាំងអានគម្ពីរព្យាការីអេសាយ។
29ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
30ដូច្នេះលោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
31លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ?»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
32រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះ គឺថាលោកត្រូវគេនាំយកទៅដូចជាចៀមដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ ប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់នៅមុខអ្នកកាត់រោម។
33លោកត្រូវគេបន្ទាបបន្ថោកហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកបានទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ»។
34មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការីមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។
35លោកភីលីពក៏ជំរាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។
36លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក»។
37លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
38លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។
39កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។
40រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូត ហើយលោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អរហូតទៅដល់ក្រុងសេសារា។