1លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?»
2លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានបង្ហាញលោកអប្រាហាំជាបុព្វបុរសរបស់យើង ពេលលោករស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន
3ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក និងញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក»។
4បន្ទាប់មក លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេ ទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
5ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកដល់ជំនាន់ក្រោយៗផង ទោះបីពេលនោះ លោកអប្រាហាំពុំទាន់មានកូននៅឡើយក្តី។
6ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកថា ពូជពង្សរបស់លោកនឹងអាស្រ័យនៅលើទឹកដីបរទេសមួយរយៈ ហើយអ្នកស្រុកនោះនឹងយកពូជពង្សរបស់លោក ធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេអស់រយៈពេលបួនរយឆ្នាំ។
7ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ណា ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅទីកន្លែងនេះ»។
8បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រីឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរសទាំងដប់ពីររូប។
9ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយនិងលោក
10ហើយរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោនជាស្ដេចនៃស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោក ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
11ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។
12ពេលលោកយ៉ាកុបឮដំណឹងថា នៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅស្រុកនោះជាលើកទីមួយ។
13នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោក ឲ្យបានស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។
14បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមកស្រុកអេស៊ីប។
15លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពនៅទីនោះ ព្រមទាំងពួកបុព្វបុរសយើងក៏ទទួលមរណភាពនៅស្រុកនោះដែរ។
16គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែមក្នុងផ្នូរ ដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រនៅភូមិស៊ីគែមនោះ។
17លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ នោះជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។
18រហូតដល់មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប ប៉ុន្តែស្តេចនោះមិនស្គាល់លោកយ៉ូសែបទេ។
19ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់បោកបញ្ឆោតបុព្វបុរសយើង គឺបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់ថ្នាក់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនយកទៅចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។
20នៅជំនាន់ លោកម៉ូសេចាប់កំណើត ហើយលោកជាទារកមួយដ៏ស្អាតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។
21កាលគេយកលោកទៅចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។
22លោកម៉ូសេបានទទួលការអប់រំតាមចំណេះវិជ្ជាទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
23ប៉ុន្តែពេលលោកអាយុប្រហែលសែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែលជាបងប្អូនរួមជាតិរបស់លោក។
24លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។
25លោកបានគិតថា បងប្អូនរួមជាតិរបស់លោកនឹងយល់ថា ព្រះជាម្ចាស់នឹងប្រើលោកមកសង្គ្រោះពួកគេ ប៉ុន្តែពួកគេពុំបានយល់ដូច្នោះឡើយ។
26នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?»
27ប៉ុន្តែម្នាក់ដែលធ្វើបាបបងប្អូនខ្លួន បានច្រានលោកម៉ូសេចេញទាំងពោលថា៖ «នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
28តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?»។
29លោកម៉ូសេក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន ក្រោយពេលបានឮដូច្នេះ ហើយនៅស្រុកនោះលោកបានកូនប្រុសពីរនាក់។
30សែសិបឆ្នាំកន្លងមកទៀត មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះក្នុងគុម្ពោតមួយ។
31ពេលលោកបានឃើញអណ្តាតភ្លើងនោះ លោកងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យនោះណាស់។ ពេលលោកចូលទៅជិតវាដើម្បីពិនិត្យមើល លោកក៏បានឮព្រះសូរសៀងរបស់ព្រះអម្ចាស់មានព្រះបន្ទូលថា៖
32«យើងជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប»។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
33ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ។
34យើងបានឃើញប្រជារាស្ត្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ»។
35ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា៖ «នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?»។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ។ ព្រះជាម្ចាស់បានបញ្ជូនលោកដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។
36លោកម៉ូសេនេះបានដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប បន្ទាប់ពីបានធ្វើការអស្ចារ្យ និងទីសម្គាល់ដ៏អស្ចារ្យក្នុងស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
37លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា»។
38លោកម៉ូសេនេះហើយ ដែលបានជួបជាមួយទេវតាក្នុងវាលរហោស្ថាន បានថ្លែងព្រះបន្ទូលមកលោកនៅលើភ្នំស៊ីណៃដែរ។ លោកម៉ូសេនេះហើយដែលបាននៅជាមួយបុព្វបុរសយើង ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិតយកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
39លោកនេះហើយជាបុព្វបុរសរបស់យើង ដែលបណ្តាជនបដិសេធមិនព្រមធ្វើតាម ហើយគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
40ពេលនោះ ពួកគេបាននិយាយទៅកាន់លោកអើរ៉ុនថា៖ «សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ»។
41ដូច្នេះ ពេលនោះពួកគេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
42ប៉ុន្តែព្រះជាម្ចាស់ឈប់រវីរវល់នឹងពួកគេ ព្រះអង្គបណ្ដោយឲ្យគេគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា៖ «ប្រជារាស្ត្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
43អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេមផាន់របស់អ្នករាល់គ្នា និងរូបសំណាក់អស់ទាំងនោះ អ្នករាល់គ្នាបានឆ្លាក់ដើម្បីយកមកថ្វាយបង្គំ ហើយយើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត»។
44នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លារបស់ព្រះជាម្ចាស់ សង់ឡើងស្របតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺលោកត្រូវយកតាមគំរូដែលលោកបានឃើញ។
45បុព្វបុរសរបស់យើងបានទទួលព្រះពន្លា ដាក់តៗគ្នា ហើយសែងចូលទៅក្នុងទឹកដី ដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។
46ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះជាម្ចាស់របស់លោកយ៉ាកុប។
47ប៉ុន្តែ ព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។
48ទោះយ៉ាងណាក្តី ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមិនគង់នៅក្នុងដំណាក់ ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការីបានថ្លែងទុកមកស្រាប់ថា៖
49«ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
50តើមិនមែនយើងទេឬដែលបានបង្កើតអ្វីៗទាំងនោះមក?»
51អស់លោកមានចិត្តរឹងរូសអើយ! អស់លោកមានចិត្ត មានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ។
52គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់ អស់អ្នកដែលប្រកាសទុកជាមុនថា ព្រះជាម្ចាស់ដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។
53អស់លោកបានទទួលក្រឹត្យវិន័យតាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ»។
54កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំងគេសង្កៀតធ្មេញដាក់លោកស្ទេផាន។
55រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។
56លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស ឈរនៅខាងស្ដាំព្រះជាម្ចាស់»។
57ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រប់ពីលើលោក។
58គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ អ្នកដែលបានឃើញក៏យកសម្លៀកបំពាក់របស់ខ្លួនដាក់នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
59នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយសូមទទួលវិញ្ញាណរបស់ទូលបង្គំផង»។
60បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះអី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។