ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 6

Read Scripture freely. Divine Threads study for this chapter is coming later.

1រហូតមកដល់ពេលនោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​បានមើលរំលង​ស្ត្រី​មេម៉ាយ​។
2សាវក​ទាំង​ដប់ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យយើង​ខ្ញុំបោះបង់ចោល​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​បម្រើនៅតុអាហារ​ឡើយ។
3ហេតុ​នេះ បង​ប្អូន​អើយ សូម​​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន ​ដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។
4រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើព័ន្ធកិច្ចនៃ​ព្រះបន្ទូលប៉ុណ្ណោះ»។
5ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ ដូច្នេះគេ​ក៏​ជ្រើស​យក​លោក​ស្ទេផានដែល​ពោរពេញ​ដោយ​ជំនឿ និង​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាសជា​អ្នក​ស្រុក​អន់ទីយ៉ូកដែល​ចូល​សាសនា​យូដា។
6ពួកអ្នកជឿ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវក ក្រុម​សាវក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ​ពី​លើ​អ្នក​ទាំង​នោះ។
7ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡឹម​បាន​កើន​ឡើង​យ៉ាងច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជាចារ្យ​ដ៏​ច្រើន​លើសលប់ សុខ​ចិត្តប្រតិបត្តិ​តាម​ជំនឿ​ដែរ។
8​ឥឡូវលោក​ស្ទេផាន​បាន​ពោរពេញ​ដោយ​ព្រះគុណ និង​ឫទ្ធានុភាពហើយសម្តែង​ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន។
9តែមាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែកតវ៉ា​ជា​មួយ​លោក​ស្ទេផាន។
10ប៉ុន្តែ ពួកគេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះវិញ្ញាណ។
11ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះជាម្ចាស់»។
12ពួកគេ​បាន​ធ្វើឲ្យមានការបះបោរក្នុង​ប្រជាជន និងពួក​ព្រឹទ្ធាចារ្យ ហើយ​ពួក​អាចារ្យ រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។
13ពួកគេ​នាំ​សាក្សី​ក្លែងក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះវិហារ ប្រឆាំង​នឹង​ក្រឹត្យវិន័យឥត​ឈប់​ឈរ។
14ដ្បិតយើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត នោះ​នឹង​រុះ​ព្រះវិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។
15អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់​ទ្រាយ​ដូច​មុខ​របស់​ទេវតា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។