1ឥឡូវនេះមានបុរសម្នាក់ឈ្មោះ អាណាណាស និងភរិយាលោកឈ្មោះសាភីរ៉ាបានលក់ដីរបស់គាត់មួយចំណែក
2ហើយសមគំនិតជាមួយភរិយាទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវក។
3ប៉ុន្តែលោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារសាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
4កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះអ្នកបានលក់ហើយ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ មិនមែនកុហកមនុស្សទេ»។
5កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។
6ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
7ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។
8លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។
9បន្ទាប់មក លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នករួមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
10រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ទៅហើយ គេក៏នាំគ្នាយកសពនាងទៅបញ្ចុះនៅក្បែរសពប្ដីរបស់នាង។
11ក្រុមជំនុំទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
12សាវកបាននាំគ្នាបានធ្វើទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើននៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។
13ប៉ុន្តែគ្មាននរណាហ៊ានមកចូលរួមជាមួយក្រុមសាវកឡើយ ទោះយ៉ាងណាប្រជាជនកោតសរសើរពួកគេគ្រប់ៗគ្នា។
14មានបណ្ដាជនទាំងប្រុសទាំងស្រីកាន់តែច្រើនឡើងបានជឿលើព្រះអម្ចាស់។
15មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់ គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ។
16មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានានៅជិតក្រុងយេរូសាឡឹមទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
17ប៉ុន្តែ មានលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ីមានចិត្តច្រណែនជាខ្លាំង។
18គេលើកគ្នាមកចាប់ក្រុមសាវកយកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។
19លុះដល់យប់ មានទេវតារបស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមសាវកចេញទាំងពោលថា៖
20«សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងឡាយណា ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ចុះ»។
21កាលបានឮពាក្យទេវតា ក្រុមសាវកនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ ប៉ុន្តែលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកបានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ និងក្រុមចាស់ទុំនៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវកពីពន្ធនាគារមក។
22ប៉ុន្តែ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវកនោះទេ គេនាំគ្នាវិលមកវិញជម្រាបថា៖
23«យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។
24កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ ពួកគេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវក និងអំពីហេតុការណ៍ដែលនឹងកើតឡើងនោះឡើយ។
25ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ»។
26មេកងរក្សាព្រះវិហារ ក៏នាំទាហានចេញទៅចាប់ក្រុមសាវកបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
27លុះនាំក្រុមសាវកមកដល់ហើយ ពួកគេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមសាវកថា៖
28«យើងបានហាមប្រាមអ្នករាល់គ្នាជាដាច់ខាត ថាមិនឲ្យបង្រៀនប្រជាជនក្នុងនាមនេះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ ហើយចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង»។
29ប៉ុន្តែលោកពេត្រុស និងសាវកឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។
30ព្រះជាម្ចាស់នៃបុព្វបុរសរបស់យើងបានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឲ្យមានជីវិតរស់ឡើងវិញ។
31ព្រះជាម្ចាស់បានលើកតម្កើងលោកយេស៊ូឡើងទៅគង់នៅខាងស្តាំព្រះបិតា ហើយតែងតាំងលោកជាព្រះរាជបុត្រា និងជាព្រះសង្គ្រោះមួយអង្គ ដើម្បីឲ្យប្រជារាស្ត្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យពួកគេរួចពីបាប។
32យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ ក៏ធ្វើជាសាក្សីបានដែរ»។
33កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ ពួកគេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវក។
34ប៉ុន្តែមានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលាលជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នាក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ ហើយសុំឲ្យគេនាំក្រុមសាវកចេញពីទីនោះមួយស្របក់។
35បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។
36ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។
37បន្ទាប់ពីបុរសម្នាក់នោះ នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។
38ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន
39ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ ពួកគេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា។
40បន្ទាប់មក គេក៏ហៅក្រុមសាវកមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ទាំងហាមប្រាមមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។
41ក្រុមសាវកចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយស រងទុក្ខទោសព្រោះតែព្រះនាមព្រះយេស៊ូ។
42ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រិស្ដនៅក្នុងព្រះវិហារ និងនៅតាមផ្ទះឥតឈប់ឈរឡើយ។