1នៅពេលលោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជន ស្រាប់តែពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ីមកដល់។
2ពួកគេទាស់ចិត្តដោយព្រោះលោកពេត្រុស និងលោកយ៉ូហានកំពុងបង្រៀនប្រជាជន ហើយប្រកាសអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ។
3ពួកគេបានចាប់សាវកទាំងពីរយកទៅឃុំទុករហូតដល់ព្រឹកស្អែក ដ្បិតពេលនោះល្ងាចណាស់ហើយ។
4ប៉ុន្តែ បណ្តាជនភាគច្រើនដែលបានឮព្រះបន្ទូលបានជឿ ហើយចំនួនអ្នកជឿមានប្រមាណប្រាំពាន់នាក់។
5លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និងពួកអាចារ្យបានជួបជុំគ្នានៅក្រុងយេរូសាឡឹម។
6មានលោកមហាបូជាចារ្យអាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។
7លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសម្អាងលើអំណាចអ្វី? ក្នុងនាមនរណា?»
8ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ។
9ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជាតាមរបៀបណា?
10សូមអស់លោក និងប្រជារាស្ត្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជាដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។
11ព្រះយេស៊ូ គឺជាថ្មដែលលោកទាំងអស់គ្នា ជាជាងសំណង់បានបោះចោល ប៉ុន្តែព្រះអង្គបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
12ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងបានឡើយ»។
13កាលក្រុមប្រឹក្សាជាន់ខ្ពស់ឃើញទឹកចិត្តក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហានដូច្នេះ គេងឿងឆ្ងល់ណាស់ថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រជ្រៅជ្រះទេ គ្រាន់តែដឹងថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។
14ពួកគេក៏រកពាក្យឆ្លើយតបវិញពុំបានសោះ ដោយព្រោះបុរសដែលបានជា ក៏កំពុងឈរនៅទីនោះដែរ។
15ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ
16ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។
17ដូច្នេះ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជនបន្ថែមទៀត យើងត្រូវហាមប្រាម និងគំរាមអ្នកទាំងពីរនេះ កុំឲ្យប្រកាសប្រាប់នរណាអំពីនាមនោះតទៅទៀតឡើយ»។
18ក្រុមប្រឹក្សាក៏ហៅសាវកទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូទៀតជាដាច់ខាត។
19លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?
20យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។
21បន្ទាប់ពីគំរាមសាជាថ្មីទៀត ពួកគេក៏ដោះលែងលោកពេត្រុស និងលោកយ៉ូហាន។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ដ្បិតប្រជាជនគ្រប់ៗគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះ។
22រីឯបុរសដែលបានជាដោយការអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
23ក្រោយ ពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាននាំគ្នាទៅជួបពួកបងប្អូន ហើយរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយទៅពួកគេ។
24កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ
25ព្រះអង្គមានព្រះបន្ទូលតាមព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរសយើងខ្ញុំថា៖ «ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយនាំគ្នាបង្កើតកោលាហលដូច្នេះ? ហេតុអ្វីបានជាប្រជារាស្ត្រនានាមានគំនិតឥតខ្លឹមសារដូច្នេះ?
26ព្រះអង្គមានព្រះបន្ទូលថា៖ «ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដរបស់ព្រះអង្គ»។
27ប្រាកដមែន នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត រួមមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេក ។
28គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុនដោយព្រះហស្ថទ្រង់ និងដោយព្រះតម្រិះរបស់ព្រះអង្គ។
29ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានអោយពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចផង
30សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា និងប្រទានទីសម្គាល់ និងការអស្ចារ្យតាមរយៈព្រះនាមព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ»។
31កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តក្លាហាន។
32អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។
33ក្រុមសាវកបានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ដល់ពួកគេទាំងអស់គ្នា។
34ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ ព្រោះអស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ
35យកប្រាក់ មកជូនក្រុមសាវក។ បន្ទាប់មក អ្នកជឿទាំងអស់គ្នាទទួលចំណែកតាមសេចក្ដីត្រូវការរៀងៗខ្លួន។
36មានបុរសម្នាក់ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវកបានដាក់ឈ្មោះគាត់ថា បារណាបាស (ដែលមានន័យថា ជាអ្នកលើកទឹកចិត្តគេ)
37ហើយគាត់បានលក់ចម្ការមួយរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវកដែរ។