1ឥឡូវលោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារជាមួយគ្នានៅម៉ោងប្រាំបួន។
2អ្នកពិការជើង ពីកំណើតម្នាក់ត្រូវបានគេសេងមកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» រៀងរាល់ថ្ងៃដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
3ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលព្រះវិហារ គាត់ក៏សុំទានពីលោកទាំងពីរ។
4លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលមុខគាត់ រួចនិយាយថា៖ «សូមមើលមកយើង!»។
5គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមថានឹងទទួលរបស់អ្វីមួយពីពួកលោក។
6ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក។ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកភូមិណាសារ៉ែត សូមអ្នកក្រោកដើរចុះ»។
7លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និងសន្លាក់ឆ្អឹងរឹងមាំ
8គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវកទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។
9ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់
10គេបានដឹងថាអ្នកនោះហើយដែលតែងតែ អង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» គេក៏ទទួលការអស្ចារ្យ និងស្ងើចសរសើរអំពីហេតុការណ៍ដែលកើតមានដល់គាត់។
11នៅពេលបុរសនោះដើរតាមលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់បានរត់មកជុំគ្នានៅថែវសាឡូម៉ូនដោយស្ញប់ស្ញែងជាខ្លាំង។
12កាលលោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនស្ញប់ស្ញែងអំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងមិនដាក់ភ្នែកដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់មែនទេ?
13ព្រះជាម្ចាស់របស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកលើព្រះយេស៊ូ ជាអ្នកបម្រើព្រះជាម្ចាស់។ ព្រះយេស៊ូត្រូវបានគេបញ្ជូនទៅឲ្យគេកាត់ទោស និងត្រូវបានគេបដិសេធមិនទទួលស្គាល់ព្រះអង្គនៅចំពោះមុខលោកពីឡាត នៅពេលដែលលោកពីឡាតចង់ដោះលែងព្រះអង្គទៀតផង។
14បណ្តាជនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ជាព្រះដ៏សុចរិត ហើយបានទាមទារសុំអគេដោះលែងឃាតករជំនួសព្រះអង្គទៅវិញ។
15បងប្អូនបានធ្វើគុតម្ចាស់ប្រភពនៃជីវិត ដែលព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
16ឥឡូវនេះដោយសារជំនឿលើព្រះនាមព្រះយេស៊ូ បុរសដែលបងប្អូនឃើញនិងស្គាល់នេះមានកម្លាំងឡើងវិញ។ ដោយលោកបានជឿនោះហើយបានជាព្រះយេស៊ូគ្រិស្តផ្តល់មកលោកនូវសុខភាពពេញលេញដូចដែលបងប្អូនបានឃើញស្រាប់។
17បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្តដូច្នោះ ទាំងមិនដឹងខ្លួន។
18ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថាព្រះគ្រិស្ដរបស់ព្រះអង្គនឹងត្រូវតែរងទុក្ខលំបាក ហើយព្រះអង្គឥឡូវនេះបានបំពេញកិច្ចការនោះមែន។
19ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់ដើម្បីឲ្យព្រះអង្គលុបអំពើបាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានទទួលព្រះវត្តមានរបស់ព្រះអង្គ
20ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គបានគ្រោងទុកជាមុន។
21ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
22លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។
23រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ត្រ។
24ពិតមែន ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូលចាប់តាំងពីលោកសាំយូអែលមកសុទ្ធតែបានថ្លែងទុកអំពីសម័យកាលនេះ។
25បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានធ្វើជាមួយបុព្វបុរសដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា៖ «ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក។
26ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។