1នៅបុណ្យថ្ងៃទីហាសិបបានមកដល់ ពួកសិស្សទាំងអស់បានជួបជុំគ្នានៅកន្លែងតែមួយ។
2រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃដូចជាខ្យល់បក់បោកយ៉ាងខ្លាំង ហើយវាក៏ចូលមកពេញក្នុងផ្ទះទាំងអស់ជាកន្លែងដែលគេកំពុងអង្គុយ។
3មានអណ្ដាតភ្លើងបែកជាចំណែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។
4អ្នកទាំងអស់នោះក៏បានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នាតាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។
5នៅសម័យកាលនោះ មានជនជាតិយូដា គឺជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រជាជាតិនានាក្នុងពិភពលោកទាំងមូលចូលមកស្នាក់នៅក្រុងយេរូសាឡឹម។
6ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងនោះ មហាជននាំគ្នាមកមើល ហើយភាន់ភាំង ពីព្រោះពួកគេបានឮពួកសិស្សនិយាយភាសាផ្សេងៗពីគ្នា។
7បណ្តាជនស្ងប់ស្ងែងនិងស្ងើចសរសើរជាខ្លាំងទាំងពោលថា៖ «អ្នកទាំងនេះសុទ្ធតែជាអ្នកស្រុកកាលីឡេមែនទេ?
8ហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
9គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
10ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
11ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
12បណ្តាជនស្ងប់ស្ងែងនិង មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។
13ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ»។
14លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវកដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
15អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងបីប៉ុណ្ណោះ។
16ហេតុការណ៍នេះជាទំនាយ ដែលព្យាការីយ៉ូអែលបានថ្លែងទុកមកថា៖
17«ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ ព្រះអង្គនឹងយកវិញ្ញាណព្រះអង្គមកចាក់បង្ហូរលើមនុស្សលោក។ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងព្រះបន្ទូលពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត។
18ក្នុងថ្ងៃនោះ ព្រះអង្គនឹងផ្តល់ព្រះវិញ្ញាណ បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រីរបស់ព្រះអង្គ ហើយពួកគេនឹងថ្លែងព្រះបន្ទូល។
19ព្រះអង្គនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
20ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះចន្ទនឹងប្រែទៅជាឈាមនៅមុនថ្ងៃដ៏អស្ចារ្យ និងរុងរឿងឧត្ដុង្គឧត្ដមពេលព្រះអង្គយាងមក
21ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
22បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូដល់អ្នក ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូនដូចបងប្អូនបានដឹងហើយ។
23បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គជ្រាបជាមុនថា ព្រះអង្គត្រូវសុគតដោយការជាប់ឆ្កាង។
24ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ និងដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។
25ព្រះបាទដាវីឌ មានរាជឱង្ការអំពី លោកយេស៊ូនេះថា៖ ទូលបង្គំបានឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំមិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។
26ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយទូលបង្គំពោលពាក្យដោយអំណរ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
27ដ្បិត ព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញអោយទូលបង្គំស្គាល់ផ្លូវនៃជីវិត។
28ព្រះអង្គនឹងប្រទានឲ្យទូលបង្គំមានសុភមង្គលដ៏ពេញលេញដោយព្រះអង្គគង់ជាមួយទូលបង្គំ»។
29«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
30ដោយព្រះបាទដាវីឌជាព្យាការីមួយរូបទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។
31ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដ គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។
32ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដោយយើងខ្ញុំទាំងអស់គ្នាជាសាក្សី។
33ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងគង់នៅខាងស្តាំព្រះវរបិតា ហើយបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញនិងឮស្រាប់។
34ព្រះបាទដាវីឌ មិនបានយាងឡើងទៅស្ថានបរមសុខទេ តែព្រះអង្គមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង។
35ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
36ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដហើយ»។
37នៅពេលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវកឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
38លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទានរបស់ព្រះជាម្ចាស់
39ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យា ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
40លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
41បន្ទាប់មកពួកគេបានទទួលពាក្យរបស់លោក និងទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមជាមួយពួកសាវក។
42សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវក និងប្រកបគ្នាជាបងប្អូនដោយធ្វើពិធីកាច់នំបុ័ង និងអធិស្ឋាន។
43មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវកបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។
44អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់។
45គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
46ជារៀងរាល់ថ្ងៃ គេបន្តរួមចិត្តគំនិតគ្នាធ្វើនៅព្រះវិហារនិងធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។
47ពួកគេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។